សុន្ទកថា
សុន្ទកថារបស់លោកឯកអគ្គរដ្ឋទូតJoseph A. Mussomeliក្នុងកិច្ចប្រជុំតុមូល របស់តំណាងសារពត៌មានជាមួយនឹងអ្នកថតរូបខ្មែរក្រហម ឈ្មោះញ៉ែមអេន
នៅស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ
ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៧
សូមជំរាបសួរ ។ ខ្ញុំមានសេចក្ដីរីករាយសួមស្វាគមន៍អស់លោក លោកស្រីទាំងអស់ដែលបានមកកាន់ស្ថានទូតអាមេរិកនៅថ្ងៃនេះ ដើម្បីជួបជាមួយនឹងលោកញ៉ែមអេន ដែលបានថតរូបជាច្រើនក្នុងចំណោមរូបថតរាប់ពាន់នៅក្នុងបន្ទប់គុកទួលស្លែង ។ រូបថតទាំងនោះធ្វើអោយបន្ទប់គុកទួលស្លែងដែលនៅល្ហល្ហេវរឹតតែមានភាពល្ហល្ហេវកាន់តែជ្រៀលជ្រៅថែមទៀត ។ រូបថតទាំងនោះធ្វើអោយអ្នកទស្សនាគ្រប់គ្នា មានការរន្ធត់ចិត្ដជាខ្លាំង ។ គ្មាននរណាមិនរន្ធត់ចិត្ដនោះទេ ។ ភ្នែករបស់ជនរងគ្រោះម្នាក់ៗសំលឹងមករកយើង លងយើង ស្រែកមកកាន់យើង សូម្បីតែបន្ទាប់ពីទសវត្សកន្លងទៅដែលមានភាពស្ងប់ស្ងាត់ក្ដី ។ គ្មាននរណាម្នាក់ដែលបានទៅទស្សនាគុកទួលស្លែងអាចបំភ្លេចរូបថតទាំងនោះបានទេ ។
ទោះបីជាមានការចោទប្រកាន់និងការនិយាយបញ្ឆិតបញ្ឆៀងអំពីអ្នកដែលបានថតរូបទាំងនេះយ៉ាងណាក្ដី ក៏រូបថតទាំងនេះគឺជាតឹកតាងដែលមិនអាចប្រកែកបាននៃភាពយង់ឃ្នងនៃរបបខ្មែរក្រហម ។ យើងទាំងអស់គ្នាបានដឹងហើយតាមរយៈការសិក្សាអង្កេតនៅពេលថ្មីៗនេះថា មានប្រជាជនខ្មែរវ័យក្មេងជាច្រើន មិនជឿថាមានអំពើប្រល័យពូជសាសន៍កើតមានឡើងទេ ហើយគេជឿថាឪពុកម្ដាយរបស់គេបាននិយាយពន្លើសពីអំពើដែលគួរអោយរន្ធត់នោះ តែរូបថតទាំងនេះបានជួយរំលឹកដល់មនុស្សគ្រប់គ្នាពីទំហ៊ំធំធេងពិតប្រាកដនៃឧក្រិដ្ឋកម្មនោះ ។ យើងស្ទើរតែគ្មានអារម្មណ៍ចំលែកចំពោះអំពើឃោរឃៅដែលកើតមានរាល់ថ្ងៃ ហើយដែលយើងអាននៅលើទំព័រកាសែតរបស់យើងរាល់ព្រឹកតែខ្ញុំសង្ឃឹមថារូបថតទាំងនេះនឹងនៅតែធ្វើអោយយើងមានអារម្មណ៍មិនស្ងប់និងមិនស្រួលក្នុងចិត្ដជានិច្ច ។ យើងតែងតែលឺពាក្យដែលគេច្រើននិយាយ មកថា រូបមួយមានតំលៃស្មើនឹងពាក្យចំនួនមួយពាន់ ។ រូបមួយៗនៃរូបទាំងនេះមានតំលៃស្មើនឹងទឹកភ្នែកមួយពាន់តំណក់ ។
ពិតមែនហើយថា រូបថតទាំងនេះគឺជាការរួមចំណែកមួយយ៉ាងសំខាន់ដល់ការរក្សាទុកឯកសារចងក្រងស្ដីពីអំពើឃោរឃៅរបស់ពួកខ្មែរក្រហម តែខ្ញុំគិតថា លោកញែម អេន នៅក្នុងពេលថ្មីៗនេះបានរួមចំណែកមួយយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា ។ លោកបានសុំទោសចំពោះការមានចំណែករបស់លោកនៅក្នុង អំពើឃោរឃៅទាំងនោះ ។ លោកមិនបានដើរតួនាទីទៅតាមឆន្ទះរបស់លោកទេ តែយ៉ាងណាក្ដីលោកបានបង្ហាញភាពក្លាហានដោយធ្វើការសុំទោសចំពោះតួនាទីដ៏តូចមួយរបស់លោក ។ អ្វីដែលលោកបានធ្វើផ្ទុយទៅនឹងប្រការដែលថា គ្មានមេដឹកនាំខ្មែរក្រហមណាម្នាក់បានចេញមុខសារភាពកំហុសឬទទួលយកការស្ដីបន្ទោសចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់របបនេះទេ ។ ដើម្បីអោយមានការផ្សះផ្សារជាតិពិតប្រាកដនៅកម្ពុជា អ្នកដែលជួយក្នុងការប្រព្រឹត្ដអំពើឃោរឃៅទាំងនេះត្រូវហ៊ានចេញមុខហើយឈប់បដិសេធអំពើឧក្រិដ្ឋរបស់គេ ។ពិតមែនហើយថាការបើកសារៈមន្ទីរនេះនឹងមិនធានាដល់ការផ្សះផ្សាជាតិឬសងបានចំពោះការឈឺចាប់ដែលជនរងគ្រោះបានទទួលនោះទេ ។ វាគ្រាន់តែជាជំហ៊ានតូចមួយ តែវាជាជំហ៊ានយ៉ាងសំខាន់ ។
យើងមានមោទនភាពផងដែរដែលនៅថ្ងៃនេះយើងមានមិត្ដនិងសហការីរបស់យើងមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ពិសេស លោកឆាង យុ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលនេះហើយបានជួយថវិកាដល់សកម្មភាពរបស់មជ្ឈមណ្ឌលនេះអស់រយៈពេលមួយទសវត្សមកហើយ ។ យើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការរក្សាទុកប្រវត្ដិអតីតកាល និងនាំជនមានទោសមកកាត់ទោស ។ អស់រយៈកាលយូរពេកមក ហើយដែលប្រទេសកម្ពុជាមិនបានទទួលយុត្ដិធម៌ ។ មិនមានគ្រួសារណាមួយនៅកម្ពុជាដែលមិនបានទទួលរងការឈឺចាប់ដោយអំពើប្រល័យពូជសាសន៍នេះទេ តែអ្នកដែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នេះ នៅតែរស់នៅក្នុងជីវិតមួយប្រកបដោយសុវត្ថិភាព សេរីភាពនិងសំបូរសប្បាយនៅក្នុងចំណោមអ្នកដែលគេបានប្រព្រឹត្ដអំពើយង់ឃ្នងទៅលើ ។