សន្ទរកថា
សន្ទរកថាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកស្រី Carol A. Rodley នៅក្នុងពិធីសម្ពោធកម្មវិធី SMARTgirl នៅសណ្ឋាគារកាំបូឌីយ៉ាណា
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩
ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង ភ្ញៀវកិត្ដិយសទាំងអស់ ដែលមានវត្ដមាននៅទីនេះ។
ខ្ញុំសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ដែលបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលបានទទួលជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍នៅក្នុងសាកលលោក។ ជោគជ័យរបស់កម្ពុជានេះគឺផ្អែកមួយផ្នែកធំទៅលើភាពជាអ្នកដឹកនាំ និង ភាពប៉ិនប្រសប់ជាក់ស្ដែងរបស់អ្នក។ អ្នកមានសេចក្ដីក្លាហានទទួលស្គាល់នូវបញ្ហាដែលកម្ពុជាបានជួបប្រទះ និងបង្ហាញឱ្យឃើញពីភាពវៃឈ្លាតនៅក្នុងការឆ្លើយតបចំពោះបញ្ហាទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមេរោគអេដស៍វិវត្ដ អ្វីដែលយើងត្រូវធ្វើគឺបន្ដធ្វើឱ្យមានជោគជ័យតទៅទៀត ដោយមិនឱ្យធ្លាក់ទៅជាជនរងគ្រោះនៃមេរោគនេះទេ។ យើងមិនត្រូវព្រងើយកន្ដើយ ហើយត្រូវបន្ដភាពប៉ិនប្រសប់ជាក់ស្ដែង និង ភាពវាងវៃដើម្បីពង្រឹងជោគជ័យដែលកម្ពុជាសំរេចបាន។
ក្នុងគោលបំណងដើម្បីជួយស្ដ្រីភេទក្នុងការទប់ស្កាត់ការឆ្លងរោគ ដែលបណ្ដាលមកពីរួមភេទដែលមានលក្ខណៈប្រថុយប្រថាន និង ការការពារការរីករាលដាលនៃមេរោគអេដស៍ កម្មវិធីនេះត្រូវផ្ដោតទៅលើកន្លែងកំសាន្ដនានាដូចជា ហាងខារ៉ាអូខេ ក្លឹបរាត្រី និង ហាងម៉ាស្សាផ្សេងៗ។ ដើម្បីចូលដល់ស្ដ្រីទាំងនោះ កម្មវិធីនឹងប្រើប្រាស់វិធីសាស្ដ្រដែលទាក់ទាញថ្មីៗ ដើម្បីអប់រំពួកគេអំពីគ្រោះថ្នាក់នៃជំងឺអេដស៍ និង បញ្ហាកាមរោគផ្សេងៗទៀត។
តាមរយៈកម្មវិធីថ្មីៗបែបនេះ និង ដោយបន្ដធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសហគមន៍ផ្ដល់ជំនួយ សង្គមស៊ីវិល និង អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញថា ខ្លួនបានរៀបចំរួចជាស្រេច ដើម្បីប្រឈមជាមួយការគំរាមគំហែង នៃមេរោគអេដស៍ដែលកំពុងមានការវិវត្ដ។
ខ្ញុំមានមោទភាព សូមនិយាយថាពលរដ្ឋអាមេរិកបានឈរនៅជាប់ជាមួយប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺនេះ។ តាំងពីឆ្នាំ ១៩៩៤ មក សហរដ្ឋអាមេរិកបានផ្ដល់មូលនិធិជិត ១៤០ លានដុល្លាសហរដ្ឋអាមេរិកតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីសំរាប់គំរោងកម្មវិធីជំងឺអេដស៍នៅកម្ពុជា។ សហរដ្ឋអាមេរិកមានសេចក្ដីរីករាយនឹងនៅតែបន្ដ ការងារជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រាកដថាប្រជាជនកម្ពុជាមានសុវត្ថិភាពពីជំងឺអេដស៍។
សូមអរគុណ !