សុន្ទរកថា
សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត Carol Rodley នៅក្នុងពិធីពិភាក្សាតុមូលរបស់អ្នកសេដ្ឋកិច្ច ស្តីពីមុខជំនួញ ដែលរៀបចំដោយស្ថានទូតអាមេរិក
ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០០៩
ស្ថានទូតអាមេរិកសូមស្វាគមន៍ ។ សូមអរគុណដែលបានអញ្ជើញមក។ ជាបឋម ខ្ញុំសូមអរគុណសភាពាណិជ្ជកម្មអាមេរិក ដែលបានជួយរៀបចំពិធីនេះឡើង ដោយមានការជួយឧបត្ថម្ភពីធានាគារអេស៊ីលីដា ក្រុមហ៊ុន Sciaroni and Associates ក្រុមហ៊ុនស្រាបៀ Tiger ក្រុមហ៊ុន Coca Cola និងម្ចាស់ឧបត្ថម្ភដទៃទៀត ដែលបានជួយធ្វើអោយមានពិធីដ៏អស្ចារ្យនេះឡើង នាយប់នេះ។ ពិធីនេះគឺជាគំរូដ៏អស្ចារ្យមួយនៃភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលអាចបង្កើតអោយមានឱកាស ដែលអាចនឹងបាត់បង់។ សភាពាណិជ្ជកម្មអាមេរិកគឺជាដៃគូដ៏អស្ចារ្យមួយ សំរាប់ស្ថានទូត ហើយយើងសង្ឃឹមថា នៅពេលសភាពាណិជ្ជកម្មនេះបន្តមានភាពរឹងប៉ឹង យើងនៅតែជាដៃគូជិតស្និទ្ធនឹងគ្នា ក្នុងការសំរបសំរួលការរកស៊ីជាអន្តរជាតិ នៅកម្ពុជា។
ខ្ញុំដឹងថា អស់លោក លោកស្រីមួយចំនួនបានត្រឡប់មកពីកិច្ចពិភាក្សាស្តីពីមុខជំនួញរបស់អ្នកសេដ្ឋកិច្ច។ បន្ទាប់ពីបទបង្ហាញស៊ីជំរៅរបស់មនុស្សសំខាន់ៗក្នុងជួររដ្ឋាភិបាល ផ្នែកជំនួញ និងអ្នកសង្កេតការស្តីពីកម្ពុជា តើនៅមានសល់អ្វីត្រូវនិយាយទៀត? លោកអ្នកបានលឺរឿងពីរខុសគ្នាស្រឡះសំរាប់អនាគតខ្លីនិងមធ្យមនៃសេដ្ឋកិច្ច និងផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងពិភពលោក។ លោកអ្នកក៏បានឮផងដែរនូវទស្សនៈខ្លះៗ ដែលខុសគ្នាយ៉ាងខ្លាំង ស្តីពីផលប្រយោជន៍ និងការចំណាយ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ លោកអ្នកបានឮពីការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន របបវិនិយោគមានភាពសេរី កំលាំងពលកម្មនៅក្មេង សក្តានុពលកសិកម្ម បណ្តាញពាណិជ្ជកម្មក្នុងតំបន់ ធនធានទៅអនាគត និងក្រមខ័ណ្ឌច្បាប់ដែលកំពុងតែមានភាពរឹងមាំឡើង។ លោកអ្នកក៏បានដឹងផងដែរពីអំពើពុករលួយ និតិរដ្ឋនៅខ្សោយ និងការចំណាយខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។លោកអ្នកបានឮពីមតិបែបបង្ករហេតុ លោកអ្នកបានឮពីគោលជំហរខ្លះៗរបស់មន្រ្តីរដ្ឋាភិបាល ហើយដោយនិយាយអោយត្រង់ទៅ លោកអ្នកបានឮការភាន់ច្រឡំខ្លះៗ។ នៅពេលកត្តាទាំងអស់នេះត្រូវបានដោះស្រាយរួច លោកអ្នកប្រហែលនៅត្រូវឆ្លើយសំណួរថា តើក្រុមហ៊ុនរបស់ខ្ញុំគួរបោះទុនវិនិយោគនៅកម្ពុជាដែរឬទេ?
ដោយហេតុនេះ ខ្ញុំបានអញ្ចើញអ្នកដឹកនាំជាច្រើនពីរដ្ឋាភិបាលកម្ពុជា អង្គទូត និងវិស័យឯកជន អោយមកស្ថានទូតអាមេរិក ដើម្បីជួយលោកអ្នកអោយយល់កាន់តែច្រើនថែមទៀត ពីសេដ្ឋកិច្ចប្រទេសកម្ពុជា និងឱកាសដែលអាចមាននៅពេលអនាគត សំរាប់ក្រុមហ៊ុនរបស់អស់លោកអ្នក។ ខ្ញុំសូមអោយលោកអ្នកទាក់ទងជាមួយភ្ញៀវនៅក្នុងស្រុករបស់យើង ស៊ើបសួរពីគេនូវបទពិសោធន៍របស់គេ ក្នុងការធ្វើជំនួញនៅប្រទេសកម្ពុជា។ ដោយសារប្រទេសកម្ពុជាគឺជាកន្លែងដែលអ្នកមិនអាចគិតនិងយល់ ហើយដឹងពីចំងាយបាន។ ក្នុងចំណោមសេចក្តីថ្លែងទាំងអស់ដែលធ្វើនៅសៀមរាប សេចក្តីថ្លែងមួយដែលខ្ញុំមានការចាប់អារម្មណ៍ជាងគេ គឺថា ប្រទេសកម្ពុជាគឺជាកន្លែងមួយ ដែលមិនអនុគ្រោះដល់អ្នកវិនិយោគទុន ដែលមិនមានការរៀបចំនិងទទួលព័ត៌មានបានគ្រប់គ្រាន់។ ខ្ញុំគិតថា ចំនុចនេះត្រូវ។ ប្រទេសកម្ពុជាមិនមែនសំរាប់អ្នកដែលមិនមានចិត្តលុះនោះទេ ពិតមែនតែគេអាចរកលុយបាននៅកម្ពុជាមែន តែជាទូទៅ វាមិនមែនជាលុយដែលគេអាចរកបានដោយងាយ ឬឆាប់រហ័សនោះទេ។
រឿងមួយដែលខ្ញុំតែងតែលើកឡើងគឺភាពខុសគ្នារវាងការយល់ឃើញពីប្រទេសកម្ពុជា និងស្ថានភាពជាក់ស្តែង។ បើសិនជាការវិវាទគ្នានិងអស្ថេរភាពគឺជាឧបសគ្គធំជាងគេ សំរាប់អ្នកវិនិយោគទុនបរទេស ក្នុងពេលកន្លងទៅ ការដែលគេនៅតែចងចាំពីឧបសគ្គទាំងនោះ ប្រហែលជាការបន្លាចធំជាងគេដល់ការធ្វើវិនិយោគដោយផ្ទាល់របស់បរទេស នៅពេលបច្ចុប្បន្ន។ ថ្ងៃនេះ ខ្ញុំបានចូលរួមក្នុងពិធីបើករបស់តុលាការកាត់ទោសខ្មែរក្រហម ។ ប្រហែលមានខ្លះក្នុងចំណោមលោកអ្នកបានឃើញចំណងជើង នៅក្នុងអត្ថបទកាសែតនៅព្រឹកនេះ។
ប្រជាជនកម្ពុជាបានដើរហួសអតីតកាលដែលជាសម័យសង្រ្គាមនោះហើយ ហើយចង់ចាប់យកអនាគត ដែលផ្តល់ប្រយោជន៍ទាំងអស់នៃភាពទំនើប។ អ្នកវិនិយោគទុនបរទេសដំបូងគេបានមើលឃើញសក្តានុពលនេះរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមក្នុងសេដ្ឋកិច្ចពិភពលោក។ នៅពេលអ្នកវិនិយោគបរទេសកាន់តែច្រើនចាប់ផ្តើមដឹងថា ប្រទេសកម្ពុជាបានឆ្លងហួសសម័យនៃអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ខ្ញុំមានទំនុកចិត្តថា អ្នកវិនិយោគទាំងនេះនឹងមានឱកាសរកបានផលចំណេញ នៅកម្ពុជា។
ប្រទេសកម្ពុជាមានវប្បធម៌សំបូរបែបនិងដោយឡែក ដែលខ្ញុំតែងចូលចិត្តនិងអោយតំលៃ។ តែកម្ពុជាមិនត្រូវនៅជាប់តែនឹងអតីតកាល និងភាពក្រីក្រ ដើម្បីរក្សាវប្បធម៌នេះនោះទេ។ ខ្ញុំមានចិត្តរំភើបរីករាយ នៅពេលឃើញមានការអភិវឌ្ឍន៍ក្នុងទីក្រុង។ ខ្ញុំសប្បាយនឹងឃើញយុវវ័យបរិភោគការេមកី នៅហាងលក់ការេមកីថ្មីឈ្មោះ Swensen ឬនៅពេលឃើញគ្រួសារនាំគ្នាទៅបរិភោគមាន់បំពងបែបអាមេរិក។ រោងចក្រកាត់ដេរនៅកម្ពុជាមានបទដ្ឋានការងារខ្ពស់ជាងនៅបណ្តាប្រទេស នៅក្នុងតំបន់ ហើយកម្មករ ដែលភាគច្រើនជានារីជនបទត្រូវចិញ្ចឹមគ្រួសារដែលមានសមាជិកគិតជាមធ្យមចំនួន ៥ នាក់ ក្នុងពេលដ៏ខ្លី អាចផ្ញើប្រាក់ទៅគ្រួសាររបស់គេ តាមរយៈទូរស័ព្ទដៃរបស់គេ។ ហិរញ្ញវត្ថុខ្នាតតូចបានកែប្រែជីវិតរស់នៅរបស់ប្រជាជនក្រីក្រកម្ពុជារាប់សែននាក់ ហើយផ្សារទំនើបថ្មីដែលបំពាក់ដោយម៉ាស៊ីនត្រជាក់កំពុងតែកែប្រែរបៀបរបបក្នុងការដើរទិញអីវ៉ាន់របស់មនុស្សជំនាន់ថ្មី តាមទីក្រុង។ ការរកឃើញប្រេងនិងឧស្ម័នប្រហែលអាចជួយអភិវឌ្ឍឧស្សាហកម្មថ្មីស្រឡាង ហើយផ្តល់ការងារដោយផ្ទាល់ និងដោយមិនផ្ទាល់ ដល់មនុស្សរាប់ពាន់នាក់ បើសិនជាការផលិតដំណើរការទៅមុខ ហើយលុយឈប់ “ដេកនៅក្រោមសមុទ្រ”។
ទាំងនេះគឺសុទ្ធតែជាសញ្ញាវិជ្ជមានស្តីពីការដែលអ្នកវិនិយោគទុនបរទេសអាចជួយធ្វើអោយប្រទេសកម្ពុជាមានភាពទំនើប និងចូលរួមក្នុងសេដ្ឋកិច្ចពិភពលោក ដោយទន្ទឹមគ្នានោះ បង្កើនប្រាក់ចំណេញពីការរកស៊ីរបស់គេ។ នេះជាប្រភេទនៃភាពជាដៃគូក្នុងការអភិវឌ្ឍន៍ ដែលខ្ញុំយល់ឃើញថាមានលក្ខណៈលើកទឹកចិត្តសំរាប់ការរស់ឡើងវិញផ្នែកសេដ្ឋកិច្ច ដែលកំពុងកើតមាននៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។ អ្វីដែលលោកអ្នកទាំងអស់គ្នាគួរយល់ថា មានលក្ខណៈលើកទឹកចិត្ត គឺថា នៅស្ទើរតែគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជា មានឱកាសសំរាប់ការវិនិយោគទុនជាបន្ត។ មន្ទីរពេទ្យ សាលារៀន កសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធមានបញ្ហាជាច្រើន តែក៏អាចផ្តល់ឱកាសសំរាប់អ្នកវិនិយោគដែលមានភាពវៃឆ្លាតផងដែរ។
ទោះបីជាអ្វីៗជាច្រើនត្រូវបានធ្វើដើម្បីធ្វើអោយកម្ពុជាគោរពបានតាមបទដ្ឋានពាណិជ្ជកម្មអន្តរជាតិ ឬដើម្បីបរិយាកាសពាណិជ្ជកម្មបានល្អប្រសើរកី្ត តែរដ្ឋាភិបាលត្រូវប្រឹងប្រែងថែមទៀត ដើម្បីធ្វើយ៉ាងណាអោយអ្នកវិនិយោគអាចប្រកបមុខរបរវិនិយោគដោយពិតប្រាកដ និងក្នុងលក្ខណៈប្រកួតប្រជែងបាន។ ការដែលរដ្ឋាភិបាលចាត់វិធានការបានឆាប់រហ័ស ក្នុងការធ្វើអោយមានបរិយាកាសល្អប្រសើរក្នុងការធ្វើជំនួញ នឹងធ្វើអោយការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលកំពុងមានសព្វថ្ងៃ ឆាប់ចប់។ លោកអ្នកបានឮគេនិយាយច្រើនពីអំពើពុករលួយ នៅខេត្តសៀមរាប រួមទាំងទស្សនៈនិងការណែនាំប្រកបដោយភាពប្រាកដនិយម ស្តីពីវិធីត្រូវធ្វើយ៉ាងដើម្បីដោះស្រាយបញ្ហានេះ តែតាមពិតទៅអំពើពុករលួយនៅតែជាឧបសគ្គចំពោះសេដ្ឋកិច្ចនិងសង្គម។ ការនិយាយពីអំពើពុករលួយដោយចំហគឺជាជំហានយ៉ាងសំខាន់មួយ ក្នុងការកែប្រែបរិយាកាសនិងធ្វើអោយអំពើពុករលួយកាន់តែត្រូវបានគេទទួលយកបានកាន់តែតិច។
ខ្ញុំជឿថា ប្រទេសកម្ពុជានឹងបន្តដើរទៅមុខ ហើយមានភាពកាន់តែទំនើប ដោយមានភាពបើកចំហបែរទៅរកសេដ្ឋកិច្ចពិភពលោក និងអត្ថប្រយោជន៍ទាំងអស់ ដែលបានមកពីសមាហរណកម្ម។ ពិតមែនហើយ ឧបសគ្គនៅតែមានដោយជៀសមិនរួច តែអ្នកវិនិយោគដែលមើលឃើញភាពបើកចំហនេះថាជាឱកាសសំរាប់អនាគត ហើយធ្វើការវាយតំលៃដោយប្រយ័ត្នលើការចំណេញនិងខាតពីការវិនិយោគរបស់គេ នៅកម្ពុជា នឹងទទួលអត្ថប្រយោជន៍ច្រើនបំផុតដូចប្រជាជនកម្ពុជាដែរ ពីការវិនិយោគរបស់គេ។ ខ្ញុំសូមបញ្ចប់ត្រឹមនេះ។ តាមទស្សនៈរបស់ខ្ញុំ អ្វីដែលមិនត្រូវបានលើកយកមកពិភាក្សា ដែលជាការគួរអោយឆ្ងល់ គឺភាពប្រៀបប្រកួតប្រជែង (Competitive advantage) យ៉ាងច្រើន ដែលកម្ពុជាមាន ហើយប្រៀបនោះគឺប្រជាជនកម្ពុជា ដែលមានភាពស្វាហាប់ ស្មារតីចេះច្នៃប្រឌិត សមត្ថភាពតស៊ូនឹងការងារ ហើយនិងទឹកចិត្តរបស់គេ។