សុន្ទរកថា
សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត Joseph A. Mussomeli ក្នុងពិធីបិទការប្រលងប្រចាំឆ្នាំលើកដំបូង នៅប្រទេសកម្ពុជា ស្ដីពីការផ្ដល់ប្រឹក្សាដល់អតិថិជន
សណ្ឋាគារ Sunway ភ្នំពេញ
ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០០៨
សូមជំរាបសួរ ។ សូមអរគុណចំពោះការអញ្ជើញរូបខ្ញុំមកចូលរួមក្នុងថ្ងៃនេះ ។ ខ្ញុំសូមសរសើរដល់បុគ្គលិករបស់ខ្ញុំ ដែលមកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្ដរជាតិ (USAID) អង្គការ EWMI គណមេធាវីអាមេរិក និងគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំពិធីនេះឡើង ។ ខ្ញុំសូមសរសើរផងដែរដល់ក្រុមទាំងបី ចំពោះជោគជ័យរបស់គេក្នុងការឈានចូលដល់វគ្គចុងក្រោយ។ ជំនាញទាំងនេះពិបាករៀនណាស់ ហើយវារឹតតែអស្ចារ្យថែមទៀតដែលអ្នកបានសិក្សាជំនាញនេះជាភាសាអង់គ្លេស ។
ការប្រលងនេះគឺជាឧទាហរណ៍ដ៏ល្អប្រពៃមួយនៃការបង្រៀនជំនាញសំខាន់ៗ តាមរបៀបថ្មី និង ប្រកបដោយប្រសិទ្ធិភាព ដល់និស្សិតច្បាប់ ។ ដូចមុខវិជ្ជាដទៃទៀតដែរ មុខវិជ្ជាច្បាប់អាចធ្វើអោយគេមានការធុញទ្រាន់យ៉ាងខ្លាំង បើគេរៀនតែតាមសៀវភៅ និងស្ដាប់គ្រូនៅក្នុងថ្នាក់នោះ ។ នៅទីនេះ សិស្សរៀនពីវិធីផ្ដល់ប្រឹក្សាដល់អតិថិជន វិធីវិភាគលើករណីបណ្ដឹង និងលើកឡើងនូវជំរើសតាមផ្លូវច្បាប់ និងមិនតាម ផ្លូវច្បាប់ ប្រកបដោយលក្ខណៈវិជ្ជាជីវៈ និងមានប្រយោជន៍ ។
ជំនាញទាំងនេះនឹងធ្វើអោយអ្នក ដែលជាអនាគតមេធាវី ចៅក្រម និងព្រះរាជអាជ្ញានៅប្រទេសកម្ពុជាអាចបំរើអតិថិជន និងរកយុត្ដិធម៌បានល្អ ។ អតិថិជនរបស់អ្នកពឹងផ្អែកលើអ្នក ហើយអ្នកមានភារកិច្ចយកចិត្ដទុក ដាក់និងផ្ដល់ប្រឹក្សាល្អៗដល់គេ ក្នុងអាជីពរបស់អ្នក ។ ពិតមែនហើយថា ច្បាប់គឺជាអ្វីដែលគេបង្កើតឡើង ហើយមានភាពល្អប្រសើរ តែវាក៏អាចមានគ្រោះថ្នាក់ផងដែរ ។ ជនជាតិក្រិកដ៏មានឈ្មោះល្បីម្នាក់ ឈ្មោះ Anarchus បានធ្វើការព្រមានថា "ច្បាប់ដែលគេសរសេរឡើងប្រៀបបាននឹងសំបុកពីងពាង ដោយ វាទាក់យកតែអ្នកក្រ និងអ្នកខ្សត់ខ្សោយ ចំណែកអ្នកមានទ្រព្យ និងអ្នកមានអំណាចងាយនឹងរួចខ្លួនណាស់ ។" អ្នកមានតួនាទីធ្វើយ៉ាងណាកុំអោយភាពពិតជាក់ស្ដែងមានលក្ខណៈយ៉ាងដូច្នេះ ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលសហរដ្ឋអាមេរិកជួយកម្មវិធីស្ដីពីនិតិរដ្ឋ ដូចជាកម្មវិធីនេះ តាមរយៈទីភ្នាក់ងារ USAID ។
នេះគ្រាន់តែជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយដល់សាលា ច្បាប់ និងនិតិរដ្ឋ និយាយជារួម ។ លោក Aristotle ដែលជាជនជាតិក្រិកដ៏មានឈ្មោះល្បីម្នាក់ទៀត បានធ្វើការកត់សំគាល់ថា "នៅក្រោមច្បាប់ មនុស្សគឺជាសត្វលោកដ៏ឧត្ដុង្គឧត្ដមបំផុត តែនៅពេលឃ្លាតឆ្ងាយពីច្បាប់ និងយុត្ដិធម៌ មនុស្សគឺជាសត្វលោកដែលអាក្រក់បំផុត ។" ដូច្នេះ យើងរំពឹងថានឹងអាចបន្ដទំនាក់ទំនងជាមួយសាលាច្បាប់ និងគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងគ្រឹះដ៏រឹងមាំមួយនៃច្បាប់ ដែលការពារពលរដ្ឋកម្ពុជាទាំងអស់ ។ ជាទីបញ្ចប់នេះ ខ្ញុំសូមសំដែងអំណរគុណចំពោះលោក គី តិច ប្រធានគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលថ្ងៃនេះនឹងចូលរួមជាមួយខ្ញុំ ក្នុងការប្រកាសលទ្ធផលចុងក្រោយ ក្នុង ការប្រលងនេះ ។