សុន្ទរកថា
សុន្ទរកថារបស់លោកស្រីឯកអគ្គរដ្ឋទូត Carol Rodley ក្នុងពិធីបើកសិក្ខាសាលាស្តីពីការស្វែងយល់ពីសាសនាឥស្លាមនៅកម្ពុជា
សណ្ឋាគារសាន់វ៉េ ភ្នំពេញ
ថ្ងៃទី ២០ មេសា ឆ្នាំ ២០០៩
ថ្វីត្បិតតែប្រទេសកម្ពុជាលើកស្ទួយសេរីភាពសាសនា ហើយសហគមន៍នៃអ្នកកាន់សាសនាឥស្លាមមានភាពអត់ឱននិងចូលរួមក្តី តែករណីឈ្មោះ Hambali ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០០៣ បង្ហាញអោយឃើញថា គ្មានប្រទេសណាមួយក្នុងពិភពលោកអាចគេចផុតពីឥទ្ធិពលដែលមានបំណងអាក្រក់ ពីខាងក្រៅបានឡើយ។
មេដឹកនាំឥស្លាមនៅកម្ពុជាមានភាពស្មោះត្រង់និងនាំគ្នាថ្កោលទោសអំពីភេរវកម្ម ដោយគូសបញ្ជាក់ថា ឥស្លាមគឺជាសាសនាសន្តិភាព។ ខ្ញុំជឿថា អ្នកឯកទេសដែលមានវត្តមាននៅទីនេះ ក្នុងថ្ងៃនេះនឹងបញ្ជាក់បន្ថែមលើចំណុចនេះ ព្រោះវាជាចំណុចដែលយើងទាំងអស់គ្នាត្រូវយល់។
ក្នុងសុន្ទរកថានៅពេលថ្មីៗនេះ នៅប្រទេសទួគី លោកប្រធានាធិបតី អូបាម៉ាបានសង្កត់ធ្ងន់លើចំណុចនេះ ដោយថ្លែងថា “សហរដ្ឋអាមេរិកមិនធ្វើសង្រ្គាម ហើយក៏នឹងមិនធ្វើសង្រ្គាមជាមួយសាសនាឥស្លាមឡើយ។” លោកបានថ្លែងបន្តថា “យើងនឹងស្តាប់ដោយយកចិត្តទុកដាក់ បំបាត់ការយល់ខុស និងស្វែងរកការយល់គ្នា។ យើងមានការគោរព សូម្បីនៅពេលយើងមិនយល់ស្របគ្នាក្តី។ យើងនឹងសំដែងការគោរពនិងវាយតំលៃខ្ពស់ចំពោះសាសនាឥស្លាម ដែលមានចំណែកយ៉ាងច្រើនក្នុងពេលរាប់សតវត្សមកនេះ ក្នុងការកំណត់លក្ខណៈនិងស្ថានភាពពិភពលោក។”
គោលបំណងនៃសិក្ខាសាលានេះ និងវេទិការពិភាក្សាបន្តៗឈរលើគោលការណ៍នៃការយោគយល់គ្នានេះ ការកសាងនិងការពារសហគមន៍។ អ្នកឯកទេសក្នុងផ្នែកនេះ ដែលសុទ្ធតែជាអ្នកកាន់សាសនាឥស្លាម នឹងប្រាប់លោកអ្នកពីសាសនាឥស្លាមនិងភាពជ្រុលនិយម។ ជាមួយនឹងការយល់ដឹងនេះ និងទំនាក់ទំនងដែលត្រូវបានបង្កើតឡើងក្នុងសប្តាហ៍នេះ ផ្នែកអនុវត្តច្បាប់និងសហគមន៍ឥស្លាមអាចធ្វើការជាមួយគ្នាដើម្បី ទី ១ កសាងសហគមន៍ដែលមានស្ថេរភាពរួមគ្នា និង ទី ២ រារាំងមិនអោយមនុស្សដូចជា ឈ្មោះ Hambali ស្វែងរកកន្លែងលាក់ខ្លួននៅលើទឹកដីកម្ពុជា។
ខ្ញុំមានក្តីរំភើបជាខ្លាំង ដោយឃើញក្រុមទាំងពីរចូលរួមជាមួយគ្នា ក្នុងវេទិការមួយបែបនេះ ដើម្បីពិភាក្សាលើបញ្ហានិងយោបល់រួម។
ដូចអស់លោកអ្នកនឹងបានលឺពីឯកឧត្តម Zakaryya Adam ជនមូស្លីមចាមនិងជ្វាមានប្រវត្តិយូរអង្វែងនិងល្អផូរផង់ ដោយបានរួមចំណែកយ៉ាងច្រើនដល់វប្បធម៌និងសង្គមកម្ពុជា។
ខ្ញុំជឿថា នៅពេលនេះ មានមន្រ្តីជាន់ខ្ពស់ជាអ្នកកាន់សាសនាឥស្លាមចំនួនជាង ៣០ នាក់ ក្នុងរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះមាននៅក្នុងជួរមន្រ្តីនគរបាលនិងយោធាផងដែរ។
ទោះបីជាចំនួនមានការលំអៀងគ្នាក្តី តែគេបានប៉ាន់ប្រមាណឃើញថា មានអ្នកកាន់សាសនាឥស្លាមចំនួនប្រហែល ៤០០ ០០០ នាក់នៅកម្ពុជា។ ពួកគេគឺជាក្រុមជនជាតិភាគតិចធំជាងគេ ដោយត្រូវជា2,5% នៃប្រជាជនទាំងមូល។
ស្ថានទូតអាមេរិកមានទំនាក់ទំនងជាមួយសហគមន៍ចាមនៅកម្ពុជាអស់ពេលជាច្រើនឆ្នាំមកហើយ។ យើងបានផ្តល់ថវិកាជាង ២៧០ ០០០ ដុល្លាអាមេរិកដល់សហគមន៍នានា ទូទាំងប្រទេស សំរាប់កម្មវិធីភាសាអង់គ្លេសក្រៅម៉ោងសិក្សានៅសាលា ការិយាល័យយោធារបស់យើងបានកសាងមជ្ឈមណ្ឌលសហគមន៍មួយ សាលារៀននិងគ្លីនិក ហើយយើងបានជួយថវិកាសំរាប់បង្កើតវិទ្យុសំលេងភាសាចាម ដែលផ្សាយព័ត៌មានក្នុងស្រុកនិងព័ត៌មានអន្តរជាតិជាភាសាចាម។ លើសពីនេះទៀត យើងបានជួយគំរោងបំនិនជីវិតដោយផ្តល់ម៉ាស៊ីនដេរ រួមនឹងគំរោងបណ្តុះបណ្តាលសិទិ្ធមនុស្ស ដែលដំណើរការដោយអង្គការឥស្លាមកម្ពុជាមួយចំនួន។
ដូចគ្នានេះដែរ ស្ថានទូតអាមេរិកបានធ្វើការជាមួយនឹងផ្នែកពង្រឹងច្បាប់និងផ្នែកសន្តិសុខតាមលំដាប់ថ្នាក់ផ្សេងៗជាច្រើន រាប់ពីការជួយក្នុងការស៊ើបអង្កេតការជួញដូរនិងរត់ពន្ធថ្នាំញៀន ការបណ្តុះបណ្តាលនិងកសាងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហាត់និងនគរបាលជាតិកម្ពុជា ហើយនិងការសហការលើការស៊ើបអង្កេតភេរវជន។
យើងមានកិត្តិយសដោយបានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធទាំងនេះ ហើយរំពឹងថានឹងពង្រឹងបានថែមទៀត ក្នុងសិក្ខាសាលានេះ។
នៅក្នុងសិក្ខាសាលា ខ្ញុំសូមអោយអស់លោកអ្នកទាញយកអត្ថប្រយោជន៍ពីក្រុមវាគ្មិន ពេលសំរាកនិងពេលបាយ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា និងនិយាយគ្នាដោយសេរី។ តាមរយៈការពិភាក្សានិងការយល់គ្នារបស់លោកអ្នក លោកអ្នកអាចបង្កើតបានជាបណ្តាញនិងចំណងទាក់ទងគ្នា ដែលអាចជួយច្រើនក្នុងការការពារមិនអោយមានការគំរាមកំហែងតាមបែបណាមួយ មិនថាចេញមកពីភេរវករ ឧក្រិដ្ឋជន ឬពីសង្គមឡើយ។