សុន្ធរកថា
សេចក្តីថ្លែងរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសអាមេរិក នៅទិវាសេរីភាពសារព័ត៌មានពិភពលោក
ទីក្រុងវ៉ាស៊ីនតោន
ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០០៩
សហរដ្ឋអាមេរិកមានមោទនភាពក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក និងការរួមចំណែករបស់អ្នកសារព័ត៌មានក្នុងការលើកកំពស់សេចក្តីថ្លៃថ្នូរ សេរីភាព និងវិបុលភាពរបស់មនុស្សជាតិ។
យើងរស់នៅក្នុងពិភពលោកមួយដែលលំហូរដោយសេរីនៃព័ត៌មាននិងមតិគឺជាកំលាំងដ៏ខ្លាំងនៃភាពជឿនលឿន។ ផ្នែកព័ត៌មានផ្សព្វផ្សាយតាមអ៊ិនធ័រណែត វិទ្យុ ទូរទស្សន៍ និងកាសែត ទស្សនាវដ្តី មិនមែនគ្រាន់តែជាប្រភពផ្តល់ព័ត៌មាននិងមតិតែប៉ុណ្ណោះទេ តែវាថែមទាំងបកអាក្រាតការរំលោភអំណាច ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ចោទសួរទៅលើភាពត្រឹមត្រូវនៃការសន្និដ្ឋាននានា ផ្តល់មធ្យោបាយសំរាប់ការសំដែងមតិថ្មីៗ និងមតិប្រឆាំង។
សេរីភាពសារព័ត៌មានត្រូវបានការពារដោយសេចក្តីប្រកាសជាសាកលរបស់សហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ហើយជាលក្ខណៈច្បាស់លាស់មួយនៃគ្រប់សង្គមសេរីទាំងអស់។ នៅទីណាដែលសេរីភាពសារព័ត៌មានប្រឈមនឹងគ្រោះថ្នាក់ សេរីភាពដទៃទាំងអស់របស់មនុស្សក៏ស្ថិតនៅក្រោមការគំរាមកំហែងផងដែរ។ សារព័ត៌មានដែលមានសេរីភាពមានសារៈសំខាន់ចាំបាច់ដល់លទ្ធិប្រជាធិបតេយ្យ ហើយវាបណ្តុះអោយមានតំលាភាព និងគណនេយ្យភាព ដែលជាលក្ខខ័ណ្ឌចាំបាច់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តភាព។
អ្នកដែលចង់រំលោភអំណាច ហើយធ្វើអោយអំពើពុករលួយរាលដាល ចាត់ទុកសេរីភាពសារព័ត៌មានថាជាការគំរាមកំហែង។ ដោយមិនគាំទ្រអោយមានសារព័ត៌មានដែលមានភាពបើកចំហ គេបែរជាក្តាប់ណែន ឬបំបិទសំលេងឯករាជ្យទៅវិញ។ វិធីដែលគេប្រើប្រឆាំងនឹងអង្គការនិងអ្នកសារព័ត៌មាន មានរាប់ពីការចេញច្បាប់ និងបទបញ្ជាដែលមានការរឹតត្បិតរហូតដល់ការពិនិត្យចាប់ពិរុទ្ធ ហឹង្សា ការដាក់ពន្ធនាគារ និងមានរហូតដល់ការធ្វើឃាត។ វិធីបែបនេះមិនមែនថ្មីទេ ហើយមិនអាចមិនរងការឆ្លើយតបនោះទេ។
យើងមានកង្វល់ជាពិសេសចំពោះពលរដ្ឋពីប្រទេសរបស់យើង ដែលកំពុងតែជាប់ឃុំឃាំងនៅបរទេស ដូចជាឈ្មោះ Roxana Saberi ក្នុងប្រទេសអ៊ីរ៉ង់ Euna Lee និង Laura Ling នៅប្រទេសកូរេខាងជើង។
តាងនាមអោយលោកប្រធានាធិបតីអូបាម៉ា ខ្ញុំសូមបញ្ជាក់ការប្តេជ្ញាចិត្តដ៏មុតមាំរបស់សហរដ្ឋអាមេរិកដើម្បីសេរីភាពសារព័ត៌មាន នៅទូទាំងសាកលលោ។ យើងនឹងគាំទ្របុព្វហេតុនេះតាមរយៈការខិតខំផ្នែកការទូតរបស់យើង និងតាមរយៈកម្មវិធីជំនួយនិងកម្មវិធីផ្លាស់ប្តូររបស់យើង។ យើងនឹងធ្វើជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដោយផ្ទាល់ជាមួយសមាជិកសារព័ត៌មាន។ យើងនឹងឈរនៅខាងមនុស្សប្រុសស្រីក្លាហាន ដែលប្រឈមមុខនឹងការយារយីដោយសារការប្រើនិងការពារសេរីភាពសារព័ត៌មាន។