សុន្ទរកថា
- បកប្រែ:
- English
សុន្ទរកថារបស់លោកប្រធានាធិបតីអាមេរិក ស្តីពី ប៊ីន ឡាដិន
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១
សួស្តី ។ យប់នេះ ខ្ញុំអាចរាយការណ៍ជូនប្រជាជនអាមេរិកនិងពិភពលោកថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការមួយ ដោយបានសំលាប់អូសាម៉ា ប៊ីនឡាដិន ដែលជាមេដឹកនាំអាល់ ខាយដា និងជាភេរវករម្នាក់ ដែលទទួលខុសត្រូវចំពោះការសំលាប់មនុស្សប្រុស ស្រី និងកុមាររាប់ពាន់នាក់។
កាលពីជិត ១០ ឆ្នាំកន្លងទៅ ថ្ងៃមួយដែលមានព្រះអាទិត្យចែងចាំង នាខែកញ្ញាត្រូវបានធ្វើអោយងងឹតដោយការវាយប្រហារទៅប្រជាជនអាមេរិក ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់យើង។ រូបភាពនៃថ្ងៃទី ១១ ខែកញ្ញាត្រូវបានដុតរោលទៅក្នុងសតិនៃជាតិរបស់យើង ដោយយន្តហោះដែលត្រូវបានប្លន់ បានហោះជ្រែកមេឃដែលគ្មានពពកនាខែកញ្ញា ដោយបានបំបុកអាគារភ្លោះទាំងពីរអោយបាក់ស្រុតចុះ ផ្សែងពណ៌ខ្មៅបានហុយចេញពីមន្ទីរបញ្ចកោណ បំណែកយន្តហោះក្នុងជើងហោះហើរលេខ ៩៣ នៅ Shanksville រដ្ឋ Pennsylvania ដែលក្នុងនោះ សកម្មភាពនៃពលរដ្ឋដ៏ក្លាហានរបស់យើងបានជួយធ្វើមិនអោយមានការបំផ្លិចបំផ្លាញនិងភាពសោកសៅធ្ងន់ធ្ងរជាងនេះទៅទៀត។
យើងនៅតែដឹងថា រូបភាពអាក្រក់បំផុតគឺជារូបភាពដែលពិភពលោកមិនបានឃើញ។ កៅអីទំនេរនៃតុហូបអាហារពេលល្ងាច។ កុមារដែលត្រូវបានបង្ខំអោយចំរើនធំឡើងដោយគ្មានម្តាយ ឬឪពុករបស់គេ។ ឪពុកម្តាយដែលមិនបានដឹងពីអារម្មណ៍នៃការឱបកូនរបស់គេ។ ជីវិតពលរដ្ឋជិត ៣ ០០០ នាក់ត្រូវបានឆក់យកពីពួកយើង ដោយទុកអោយមានភាពចំហមួយក្នុងបេះដូងរបស់យើង។
នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ក្នុងពេលដែលយើងមានទុក្ខ ប្រជាជនអាមេរិកបានរួបរួមគ្នា។ យើងបានជួយអ្នករស់នៅជិតខាងរបស់យើង ហើយយើងបានផ្តល់ឈាមរបស់យើងដល់អ្នករបួស។ យើងបានបញ្ជាក់ជាថ្មីម្តងទៀតនូវទំនាក់ទំនងរបស់យើងចំពោះគ្នាទៅវិញទៅមក ហើយនិងការស្រឡាញ់របស់យើងចំពោះសហគមន៍និងប្រទេសរបស់យើង។ នៅថ្ងៃនោះ មិនថាយើងមកពីទីណា បន់ស្រន់ទៅព្រះមួយណា មានពូជសាសន៍ឬជាតិសាសន៍អ្វីទេ យើងបានសាមគ្គីគ្នាជាគ្រួសារអាមេរិកតែមួយ។
យើងក៏មានការរួបរួមគ្នាផងដែរក្នុងការតាំងចិត្តរបស់យើងដើម្បីការពារប្រជាជាតិរបស់យើង ហើយនាំយកជនប្រព្រឹត្តការវាយប្រហារដ៏កំណាចនេះមកកាត់ទោស។ យើងបានដឹងភ្លាមថា ការវាយប្រហារនៅថ្ងៃទី ១១ កញ្ញា ត្រូវបានធ្វើដោយពួកអាល់ ខាយដា ដែលជាអង្គការមួយដឹកនាំដោយប៊ីន ឡាដិន ដែលបានប្រកាសសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិកដោយចំហ ហើយបានតាំងចិត្តសំលាប់មនុស្សស្លូតត្រង់ ក្នុងប្រទេសរបស់យើង និងនៅជុំវិញពិភពលោក។ ដូច្នេះ យើងបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអាល់ ខាយដា ដើម្បីការពារពលរដ្ឋ មិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់យើង។
ក្នុងពេល ១០ ឆ្នាំកន្លងទៅនេះ អាស្រ័យដោយការខិតខំប្រកបដោយភាពក្លាហាន និងមិនចេះនឿយណាយរបស់យោធា និងអ្នកជំនាញប្រឆាំងភេរវកម្មរបស់យើង យើងសំរេចបានភាពជឿនលឿនច្រើនក្នុងការខិតខំនេះ។ យើងបានទប់ស្កាត់ការវាយប្រហារភេរវកម្ម ហើយបានពង្រឹងការការពារមាតុភូមិរបស់យើង។ នៅប្រទេសអាហ្កានីស្ថាន យើងបានបណ្តេញរដ្ឋាភិបាលតាលីបាន ដែលបានផ្តល់ជំរកសុវត្ថិភាព និងការគាំទ្រដល់ប៊ីន ឡាដិន និងអាល់ខាយដា។ នៅជុំវិញពិភពលោក យើងបានធ្វើការជាមួយមិត្ត និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីចាប់ខ្លួន និងសំលាប់ភេរវករ អាល់ខាយដា រាប់សិបនាក់ រួមទាំងមួយចំនួននៃពួកនោះ ដែលបានចូលរួមក្នុងផែនការវាយប្រហារនៅថ្ងៃទី ១១ កញ្ញា។
តែអូសាម៉ា ប៊ីន ឡាដិន បានគេចពីការចាប់ខ្លួន ដោយបានរត់គេចពីប្រទេសអាហ្កានីស្ថានចូលទៅក្នុងប្រទេសប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ ពួក អាល់ខាយដានៅតែបន្តធ្វើប្រតិបតិ្តការនៅតាមបណ្តោយព្រំដែននោះ និងតាមរយៈបណ្តាញរបស់គេ នៅទូទាំងពិភពលោក។
បន្ទាប់ពីការឡើងកាន់តំណែងភ្លាម ខ្ញុំបានបញ្ជាអោយលោក Leon Panetta នាយកទីភ្នាក់ងារសេអ៊ីអា អោយសំលាប់ ឬចាប់ខ្លួន ប៊ីនឡាដិន ជាអាទិភាពទីមួយក្នុងសង្រ្គាមរបស់យើងប្រឆាំងនឹងពួកអាល់ខាយដា ក្នុងពេលដែលយើងបន្តការខិតខំជារួមរបស់យើងដើម្បីរាំងស្កាត់ បំផ្លាញ និងធ្វើអោយបរាជ័យដល់បណ្តាញរបស់គាត់។
នៅខែសីហាកន្លងទៅនេះ បន្ទាប់ពីផ្នែកស៊ើបការសំងាត់របស់យើងបានខិតខំធ្វើការរាប់ឆ្នាំប្រកបដោយការព្យាយាមមក ខ្ញុំបានទទួលតំរុយព័ត៌មានអំពី ប៊ីនឡាដិន។ វាមិនមែនជាព័ត៌មានច្បាស់ការណ៍ទេ ហើយវាត្រូវការពេលវេលាច្រើនខែដើម្បីភ្ជាប់តំរុយព័ត៌មាននេះទៅដល់កន្លែងជាក់ស្តែង។ ខ្ញុំបានជួបប្រជុំជាច្រើនដងជាមួយក្រុមទទួលបន្ទុកផ្នែកសន្តិសុខជាតិរបស់ខ្ញុំ ក្នុងពេលយើងប្រមូលព័ត៌មានបន្ថែមស្តីពីលទ្ធភាពកំណត់កន្លែងលាក់ខ្លួនរបស់ប៊ីនឡាដិន នៅក្នុងបរិវេណបិទជិតដោយកំផែងមួយ ដែលនៅជ្រៅក្នុងប្រទេសប៉ាគីស្ថាន។ នៅទីបំផុត ក្នុងសប្តាហ៍មុន ខ្ញុំបានកំណត់ថា យើងមានព័ត៌មានគ្រប់គ្រាន់សំរាប់ធ្វើសកម្មភាព ហើយខ្ញុំបានអនុញ្ញាតអោយធ្វើប្រតិបត្តិការដើម្បីនាំខ្លួន ប៊ីនឡាដិនមកកាត់ទោស។
ថ្ងៃនេះ តាមបញ្ជារបស់ខ្ញុំ សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការទៅលើបរិវេណនោះ នៅ Abbottabad ក្នុងប្រទេសប៉ាគីស្ថាន។ ជនជាតិអាមេរិកមួយក្រុមតូចបានធ្វើប្រតិបត្តិការប្រកបដោយភាពក្លាហាន និងសមត្ថភាពអស្ចារ្យ។ គ្មានពួកគេណាម្នាក់បានរងរបួសឬស្លាប់ទេ។ គេបានប្រយ័ត្នមិនធ្វើអោយមានការប៉ះពាល់លើជនស៊ីវិលទេ។ បន្ទាប់ពីមានការបាញ់គ្នាមក គេបានសំលាប់ ប៊ីនឡាដិន ហើយបានយកខ្មោចគាត់។
អស់រយៈពេលជាង ២ ទសវត្ស ប៊ីនឡាដិន គឺជាមេដឹកនាំ និងជានិមិត្តរូបរបស់ពួកអាល់ខាយដា ហើយបានបន្តរៀបចំការវាយប្រហារមកលើប្រទេស មិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់យើង។ ការស្លាប់របស់ ប៊ីនឡាដិនគឺជាការសំរេចបានដ៏សំខាន់បំផុតក្នុងការខិតខំនៃប្រជាជាតិរបស់យើងដើម្បីធ្វើអោយពួក អាល់ខាយដា បរាជ័យ។
យ៉ាងណាក្តី ការស្លាប់របស់គាត់មិនមែនមានន័យថា ការខិតខំរបស់យើងបានដល់ទីបញ្ចប់នោះទេ។ វាគ្មានការសង្ស័យទេថា ពួក អាល់ខាយដានឹងបន្តធ្វើការវាយប្រហារមកលើយើង។ យើងត្រូវតែមានការប្រុងប្រយ័ត្ន នៅមាតុភូមិ និងនៅបរទេស។
ក្នុងពេលយើងធ្វើដូច្នេះ យើងត្រូវតែបញ្ជាក់សារជាថ្មីផងដែរថា សហរដ្ឋអាមេរិកមិនធ្វើសង្គ្រាមជាមួយឥស្លាមទេ។ ប៊ីន ឡាដិន មិនមែនជាអ្នកដឹកនាំមូស្លីមទេ។ គាត់គឺជាអ្នកសំលាប់ជនមូស្លីមយ៉ាងច្រើន។ ពិតហើយ ពួកអាល់ខាយដាបានសំលាប់ជនមូស្លីមរាប់សិបនាក់ នៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសរបស់យើងផងដែរ។ ដូច្នោះការស្លាប់របស់គាត់គួរតែត្រូវបានស្វាគមន៍ដោយមនុស្សទាំងអស់ដែលមានជំនឿលើសន្តិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខ្ញុំបាននិយាយហើយនិយាយទៀតថា យើងនឹងធ្វើសកម្មភាពក្នុងប្រទេសប៉ាគីស្ថាន បើសិនជាយើងដឹងកន្លែងរបស់ប៊ីន ឡាដិន។ នេះគឺជាអ្វីដែលយើងបានធ្វើ។ តែគេត្រូវដឹងថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មរបស់យើងជាមួយប្រទេសប៉ាគីស្ថានបានជួយនាំយើងទៅដល់ ប៊ីនឡាដិន និងផ្ទះដែលគាត់កំពុងលាក់ខ្លួន។ ពិតហើយ ប៊ីន ឡាដិន បានប្រកាសសង្គ្រាមប្រឆាំងប្រទេសប៉ាគីស្ថានផងដែរ ហើយបានបញ្ជាអោយធ្វើការវាយប្រហារទៅលើប្រជាជនប៉ាគីស្ថាន។
យប់នេះ ខ្ញុំបានទូរស័ព្ទទៅលោកប្រធានាធិបតី Zardari ហើយក្រុមរបស់ខ្ញុំក៏បាននិយាយជាមួយសមភាគីប៉ាគីស្ថានរបស់គេផងដែរ។ គេយល់ស្របថា នេះគឺជាថ្ងៃល្អនិងជាថ្ងៃប្រវត្តិសាស្រ្ត សំរាប់ប្រជាជាតិយើងទាំងពីរ ហើយជាបន្តទៅទៀត វាជាការចាំបាច់ណាស់ដែលប្រទេសប៉ាគីស្ថានបន្តចូលរួមជាមួយយើង ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអាល់ ខាយដា និងបណ្តាញរបស់គេ។
ប្រជាជនអាមេរិកមិនបានជ្រើសរើសយកការប្រយុទ្ធនេះទេ។ ការប្រយុទ្ធនេះត្រូវបាននាំមកកាន់ប្រទេសរបស់យើង ហើយបានចាប់ផ្តើមជាមួយនឹងការសំលាប់ពលរដ្ឋរបស់យើងដោយមិនសមហេតុផល។ បន្ទាប់ពីរយៈពេលជិត ១០ ឆ្នាំនៃសកម្មភាពយោធា ការតស៊ូ និងការលះបង់ យើងដឹងច្បាស់ពីការខាតបង់នៃសង្គ្រាម។ ការខិតខំទាំងនេះដាក់ទំងន់មកលើខ្ញុំ រាល់ពេលដែលខ្ញុំ ក្នុងនាមជាអគ្គមេបញ្ជាការ ត្រូវចុះហត្ថលេខាលើសំបុត្រទៅកាន់គ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់របស់គេ ឬសំលឹងមើលភ្នែករបស់ទាហាន ដែលមានរបួសធ្ងន់។
ដូច្នេះ ជនជាតិអាមេរិកយល់ពីការខាតបង់នៃសង្គ្រាម។ តែក្នុងនាមជាប្រទេសមួយ យើងមិនអត់ឱនចំពោះការដែលសន្តិសុខរបស់យើងរងការគំរាមកំហែង ឬឈរស្ងៀមនៅពេលប្រជាជនរបស់យើងត្រូវបានគេសំលាប់។ យើងមិនបង្អង់ដៃឡើយក្នុងការការពារពលរដ្ឋ មិត្ត និងសម្ព័ន្ធមិត្តរបស់យើង។ យើងដើរតាមគុណតំលៃដែលកំណត់លក្ខណៈរបស់យើង។ នៅយប់ដូចជាយប់នេះ យើងអាចនិយាយទៅកាន់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់គេដោយសារអំពើភេរវកម្មរបស់ពួកអាល់ ខាយដាថា យុត្តិធម៌ត្រូវបានរកឃើញហើយ។
យប់នេះ យើងសូមអរគុណចំពោះអ្នកជំនាញផ្នែកស៊ើបការសំងាត់ និងអ្នកជំនាញប្រឆាំងភេរវកម្ម ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីសំរេចបានលទ្ធផលនេះ។ ប្រជាជនអាមេរិកមិនឃើញការងាររបស់គេ ហើយក៏មិនស្គាល់ឈ្មោះរបស់គេដែរ តែយប់នេះ គេពេញចិត្តចំពោះការងាររបស់អ្នកទាំងនោះ ហើយនិងលទ្ធផលនៃការស្វែងរកយុត្តិធម៌របស់គេ។
យើងសូមអរគុណចំពោះអ្នកដែលធ្វើប្រតិបត្តិការ ដោយពួកគេបង្ហាញគំរូនៃជំនាញអាជីព ទឹកចិត្តស្នេហាជាតិ និងភាពក្លាហានបំផុតនៃអ្នកដែលបំរើប្រទេសរបស់យើង។ ពួកគេស្ថិតក្នុងជំនាន់មនុស្សដែលទទួលបន្ទុកធ្ងន់ជាងគេ តាំងពីថ្ងៃនោះ ក្នុងខែកញ្ញា។
នៅចុងបញ្ចប់ ខ្ញុំសូមនិយាយទៅកាន់គ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់របស់គេ នៅថ្ងៃទី ១១ កញ្ញា ថា យើងមិនដែលភ្លេចការបាត់បង់របស់អ្នកទេ ហើយក៏មិនមានការរេរាក្នុងការតាំងចិត្តរបស់យើងដើម្បីការពារមិនអោយមានការវាយប្រហារម្តងទៀតក្នុងប្រទេសរបស់យើងដែរ។
យប់នេះ ចូរយើងគិតទៅដល់ស្មារតីឯកភាពគ្នាដែលមាននៅថ្ងៃទី ១១ កញ្ញា។ ខ្ញុំដឹងថា នៅពេលខ្លះ វាមានការរសាត់ តែការសំរេចបាននៅថ្ងៃនេះបង្ហាញពីភាពអស្ចារ្យនៃប្រទេសរបស់យើង និងការតាំងចិត្តរបស់ប្រជាជនអាមេរិក។
បុព្វហេតុនៃការធានាសន្តិសុខសំរាប់ប្រទេសរបស់យើងគឺមិនពេញលេញទេ។ តែយប់នេះ យើងត្រូវបានរំលឹកជាថ្មីម្តងទៀតថា ប្រទេសអាមេរិកអាចធ្វើអ្វីៗដែលយើងដាក់ចិត្តធ្វើ។ នេះគឺជារឿងនៃប្រវត្តិសាស្រ្តរបស់យើង មិនថាវាជារឿងនៃការស្វែងរកវិបុលភាពសំរាប់ប្រជាជនរបស់យើង ឬការតស៊ូរបស់យើងដើម្បីអោយមានសមភាពសំរាប់ពលរដ្ឋទាំងអស់របស់យើងទេ ជាការតាំងចិត្តរបស់យើងក្នុងការគាំទ្រគុណតំលៃរបស់យើងនៅបរទេស និងការលះបង់របស់យើងដើម្បីធ្វើអោយពិភពលោកក្លាយជាកន្លែងមានសុវត្ថិភាព។
ចូរយើងចាំថា យើងអាចធ្វើអ្វីៗទាំងនេះបាន មិនមែនគ្រាន់តែដោយសារយើងមានអំណាច ឬទ្រព្យនោះទេ គឺដោយសារខ្លួនយើងតែម្តង។ ប្រជាជាតិរបស់យើង ដែលនៅក្រោមព្រះ មិនអាចបែកបាក់គ្នាបាន មានសេរីភាព និងយុត្តិធម៌សំរាប់ទាំងអស់គ្នា។
សូមអរគុណ។ សូមអោយព្រះជួយអ្នក និងសូមអោយព្រះជួយសហរដ្ឋអាមេរិក។