សុន្ទរកថា
សុន្ទរកថារបស់លោកស្រី Piper A. W. Campbell ភារធារីសា្ថនទូតសហរដ្ឋអាមេរិក
ពិធីសម្ពោធក្ដារប្រកាសព័ត៌មានរបស់តុលាការកម្ពុជាដែលឧត្ថម្ភដោយសហរដ្ឋអាមេរិក
ក្រសួងយុត្ដិធម៌ ភ្នំពេញ
ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០០៨
ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌
ឯកឧត្ដម ទេព ដារុង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
ឯកឧត្ដម ស៊ុយ មុងលាង ប្រធានអង្គភាពគ្រប់គ្រងគម្រោងក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និង តុលាការ
លោកស្រី អេរីន សូតូ នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ
ភ្ញៀងកិត្ដិយសទាំងអស់
អស់លោក លោកស្រីជាទីគោរព
ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាមួយអស់លោកនៅថ្ងៃនេះ ដើម្បីសម្ពោធក្ដារតាំងព័ត៌មានសាធារណៈស្ដីពីតុលាការរបស់ក្រសួងយុត្ដិធម៌ ។ ក្ដារប្រកាសព័ត៌មានទាំងអស់នេះ នឹងជួយធានាអោយតុលាការនៃព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការផ្ដល់ពត៌មាននិងមានតម្លារភាព។ ដោយសារតែក្ដារប្រកាសព័ត៌មានជាសាធារណៈទាំងអស់នេះនឹងត្រូវយកទៅបង្ហាញនៅគ្រប់តុលាការខេត្ដក្រុងទាំងអស់នៅទូទាំងប្រទេសក្ដារប្រកាសព័ត៌មានទាំងអស់នេះនឹងរំឮកស្មារតីសាធារណៈមិនត្រឹមតែលើការទទួលខុសត្រូវ ទៅលើប្រព័ន្ធគតិយុត្ដិនោះទេប៉ុន្ដែថែមទាំងកាតព្វកិច្ចរបស់ប្រព័ន្ធច្បាប់ចំពោះពលរដ្ឋកម្ពុជាផងដែរ។
ក្ដារប្រកាសព័ត៌មានជាសាធារណៈទាំងនេះ គឺជាផ្នែកមួយរបស់កម្មវិធីស្ដីពីសិទ្ធិ និងយុត្ដិធម៌ដែលជាគម្រោងកំណែទម្រង់ច្បាប់ដែលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិបានផ្ដល់មូលនិធិអោយចំនួនពីរលានដុល្លារនៅឆ្នាំនេះ ។ នៅឆ្នាំ ២០០៦ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីចាប់ផ្ដើមសហប្រតិបត្ដិការពង្រឹងប្រព័ន្ធយុត្ដិធម៌របស់ប្រទេសឡើងវិញ។ វិស័យពីរស្ថិតនៅក្រោមកិច្ចសហប្រតិបត្ដិ យោងទៅតាមអនុស្សារណៈយោគយល់នេះគឺការបង្កើតតុលាការគំរូ និងការផ្សព្វផ្សាយច្បាប់ទៅកាន់សាធារណជន។ គោលបំណងរបស់គម្រោងទាំងមូលនោះគឺការធ្វើឱ្យប្រសើរឡើងដល់សម្មត្ថភាពរបស់អ្នកពាក់ព័ន្ធសំខាន់របស់កម្ពុជាទាំងរដ្ឋាភិបាលទាំងអង្គការក្រៅរដ្ឋាភិបាល ក្នុងការធ្វើការតស៊ូមតិឱ្យមានប្រសិទ្ធភាពការងារអប់រំ និងការបណ្ដុះបណ្ដាលដើម្បីធានាថាយុត្ដិធម៌ និងសិទ្ធិមនុស្សត្រូវបានប្រតិបត្ដិ និងគោរពយ៉ាងសមរម្យ។ ទាំងអស់នេះគឺជាបញ្ហាប្រឈមយ៉ាងធំ ប៉ុន្ដែសហសេវិករបស់ខ្ញុំក្នុងក្រសួងយុត្ដិធម៌ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ និងដៃគូអនុវត្ដន៍ គឺវិទ្យាស្ថានគ្រប់គ្រងបស្ចឹមបូព៌ា មានជំនឿជាក់ថាប្រព័ន្ធយុត្ដិធម៌កម្ពុជាអាចសម្រេចកិច្ចការបានយ៉ាងជោគជ័យ។
ជំនឿទុកចិត្ដយើងមានមូលដ្ឋានត្រឹមត្រូវ។ នៅខេត្ដកណ្ដាល យើងបានមើលឃើញលទ្ធផលជាវិជ្ជមាន ដែលផ្ដើមចេញពីការបង្កើតតុលាការគំរូ ដែលធ្វើឡើងដោយក្រសួងយុត្ដិធម៌និងសហគមន៍ម្ចាស់ជំនួយ។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិមានសេចក្ដីសោមនស្សរីករាយដោយបានរួមចំណែកដល់គំំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា។ តុលាការគំំរូថ្មីនេះបានសម្រេចជាផ្លែផ្កាច្រើនដល់គោលដៅយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា៖
តាមរយៈប្រព័ន្ធប័ណ្ណសារថ្មី៖ តុលាការត្រូវធ្វើការធានាថា ចៅក្រម ព្រះរាជអាជ្ញា និង មេធាវី អាចបើកនូវសំណុំឯកសារនៃរឿងក្ដីទាំងអស់ដែលបានបញ្ចប់។
តាមរយៈប្រព័ន្ធរក្សាទុកវត្ថុតាង៖ តុលាការបង្កលក្ខណៈងាយស្រួលដល់គ្រប់ភាគីទាំងអស់ក្នុងការរក្សាទុក និងទទួលភស្ដុតាងដែលមានសារៈសំខាន់ចំពោះសវនការរឿងក្ដី។
តាមរយៈប្រព័ន្ធតំណាងរបស់ជនក្រីក្រ៖ តុលាការផ្ដល់សេវាមេធាវីចំពោះជនជាប់ចោទដែលគ្មានលទ្ធភាពបង់ថ្លៃមេធាវី។
តាមរយៈបណ្ដាល័យច្បាប់៖ តុលាការធ្វើការធានាថា គ្រប់ភាគីទាំងអស់អាចទទួលបានព័ត៌មានដែលពួកគេត្រូវការ។
ហើយចុងក្រោយនេះ ក្ដារប្រកាសព័ត៌មានជាសាធារណៈដែលយើងនឹងធ្វើការបង្ហាញទូទាំងប្រទេស តុលាការនឹងធ្វើការផ្ដល់ព័ត៌មានចាំបាច់ទៅកាន់គ្រប់ភាគីដែលមានការពាក់ព័ន្ធនឹងដំណើរការតុលាការ។
ជូនកាលទៅបញ្ហាស្មុគស្មាញតម្រូវឱ្យមានដំណោះស្រាយសាមញ្ញ ហើយក្ដារប្រកាសព័ត៌មានជាសាធារណៈទាំងនោះបានបង្ហាញពីចំនុចទាំងនេះ។ ដូចដែលអ្នកនឹងបានឃើញក្នុងពេលបន្ដិចទៀតនេះ ក្ដារប្រកាសព័ត៌មានជាសាធារណៈទាំងនេះបែងចែកជាបីផ្នែក៖
ក្ដារប្រកាសព័ត៌មានទី១ រៀបរាប់អំពីតម្លៃក្នុងការដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណី និង ចែងអំពីលក្ខណៈវិនិច្ឆ័យលើកលែងចំពោះជនទាំងឡាយណាដែលពុំមានលទ្ធភាពបង់ប្រាក់ប្រដាប់ក្ដីតុលាការ និង ថ្លៃឈ្នួលមេធាវី។
ក្ដារប្រកាសព័ត៌មានទី២ រៀបរាប់អំពីសិទ្ធិរបស់ជនជាប់ចោទក្រោមក្រមនីតិវិធីព្រហ្មទណ្ឌថ្មី។
ហើយចុងក្រោយនេះ គឺក្ដារប្រកាសព័ត៌មានទី៣ រៀបរាប់អំពីព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាប់ចោទអនីតិជន និងជនរងគ្រោះនៃអំពើឧក្រិដ្ឋ។
កាលពីមុន ព័ត៌មានទាំងអស់នេះ គឺមិនបានជ្រាបដល់សាធារណជននោះទេ។ ការឆ្លើយតបរបស់តុលាការខេត្ដកណ្ដាលចំពោះក្ដារប្រកាសព័ត៌មានជាសាធារណៈទាំងអស់នោះមានលក្ខណៈវិជ្ជមាន ដែលធ្វើអោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិនិងក្រសួងយុត្ដិធម៌សម្រេចចិត្ដធ្វើការពង្រីកកម្មវិធីនេះនិងដាក់បង្ហាញនៅគ្រប់តុលាការទាំងអស់ទូទាំងប្រទេស។ នៅក្នុងរយៈពេលប៉ុន្មានខែក្រោយមកទៀតនេះក្រសួងយុត្ដិធម៌ដោយមានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិនឹងធ្វើការតាំងបង្ហាញក្ដារប្រកាសព័ត៌មានជាសាធារណៈចំនួន ៦៣ នៅក្នុងតុលាការទាំង ២១ ទូទាំងខេត្ដក្រុង។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិចាត់ទុកគំនិតផ្ដួចផ្ដើមបង្កើតផ្លាកសេចក្ដីជូនដំណឹងជាសាធារណៈទាំងនេះ ជាសមាសភាពដែលធ្វើការផ្ដល់ព័ត៌មានទៅកាន់សាធារណជនកាន់តែមានវិសាលភាពទូលាយឡើងធ្វើឱ្យប្រសើរឡើងដល់តម្លារភាពនៃប្រព័ន្ធយុត្ដិធម៌ទាំងមូលព្រមទាំំងធ្វើការកែលម្អចំពោះការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្ដិធម៌កម្ពុជាពីមុនមក។ ទាំងអស់នេះគឺជាគំំរូមួយនៃអ្វីដែលអាចសម្រេចបាននៅពេលដែលរដ្ឋាភិបាលប្រកាន់យកគំនិតផ្ដួចផ្ដើមដើម្បីបង្កើតគម្រោងដ៏សំខាន់មួយហើយខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ចំពោះការដឹកនាំរបស់លោក។ នេះជាជំហានទៅមុខមួយសាមញ្ញ តែមានសារៈសំខាន់ក្នុងដំណើរការធ្វើអោយមានភាពងាយស្រួលជាមួយប្រជាពលរដ្ឋដែលត្រូវគេបំរើ។
សូមអរគុណ