សន្ទរកថា
សន្ទរកថារបស់ឯកអគ្គរដ្ឋទូត Rodley ក្នុងពិធីពិព័ណ៌ស្តីពីសិល្បៈក្នុងស្ថានទូត
និវេសដ្ឋានឯកអគ្គរដ្ឋទូត
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩
ឯកឧត្តម អស់លោក លោកស្រី
សូមអគុណដែលបានអញ្ជើញមកកាន់និវេសដ្ឋានល្ងាចនេះ ដើម្បីជួយបើកពិព័រណ៍ថ្មីនេះ។ ខ្ញុំរីករាយណាស់ដោយបានដាក់តាំងបង្ហាញវត្ថុសិល្បៈទាំងនេះ ដែលមានការទាក់ទងដោយផ្ទាល់ឬមិនផ្ទាល់ទៅនឹងប្រទេសកម្ពុជា។ ការលើកដាក់ជាច្រើនត្រូវបានធ្វើនៅទីក្រុងវ៉ាស៊ីនតោន តាមរយៈកម្មវិធីសិល្បៈក្នុងស្ថានទូត។ កម្មវិធីនេះត្រូវបានបង្កើតអោយមានឡើងនៅក្នុងឆ្នាំ ១៩៦៤ ដើម្បីជួយបង្កើត “សារមន្ទីរពិភពលោក” នៃស្នាដៃដើមនៃសិល្បៈករអាមេរិក ហើយបានជួយបង្កើតអោយពិព័រណ៍សិល្បៈ នៅតាមនិវេសដ្ឋានទូតចំនួនជាង ១៨០ នៅជុំវិញពិភពលោក។
នៅពេលខ្ញុំបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានឃ្លាតឆ្ងាយអស់រយៈពេល ៨ ឆ្នាំ ប្រការមួយនៃប្រការនានាដែលខ្ញុំបានកត់សំគាល់ឃើញភ្លាម គឺទិដ្ឋភាពនៃសិល្បៈវប្បធម៌ដែលកំពុងតែមានការដុះដាល ហើយដែលស្ទើរតែជាដុំពន្លឺតូចមួយ នៅលើរ៉ាដា នៅពេលខ្ញុំបានធ្វើការនៅកម្ពុជា ពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០០។ ខ្ញុំដឹងថា មានជាច្រើនក្នុងចំណោមអស់លោកអ្នកគឺជាអ្នកជំរុញ ឬជាអ្នកទទួលផលពីការអភិវឌ្ឍន៍ថ្មីនេះ នៅក្នុងសង្គមកម្ពុជា ហើយខ្ញុំរីករាយណាស់ដែលបានជួបលោកអ្នក នៅយប់នេះ ។ ខ្ញុំជឿថា សិល្បៈដើរតួនាទីធ្វើអោយមានការកែប្រែ នៅកម្ពុជា និងអាចជួយបង្វែរការយកចិត្តទុកដាក់របស់ប្រជាជន និងពិភពលោក ចេញពីអតីតកាល និងទៅរកអនាគតកាល ដែលខ្ញុំជឿថា មានភាពភ្លឺស្វាង។
និយាយយ៉ាងដូច្នេះមិនមែនមានន័យថា គេគួរធ្វើមិនដឹងមិនលឺឬបំភ្លេចអតីតកាលចោលទេ។ ខ្ញុំដឹងថា ការងារជាច្រើនដែលលោកអ្នកកំពុងធ្វើនឹងជួយធ្វើអោយគេចាំអំពើឃោរឃៅរបស់របបខ្មែរក្រហម។ ខ្ញុំក៏ជឿផងដែរថា អង្គជំនុំជំរៈក្នុងសាលាក្តីខ្មែរក្រហម (ECCC) កំពុងតែដើរតួនាទីរបស់ខ្លួន ក្នុងការជួយផ្សះមុខរបួសពីអតីតកាល តាមរយៈការផ្សះផ្សាជាតិ។ យ៉ាងណាក្តី ខ្ញុំមិនជឿថា នេះមិនមែនជារឿងតែមួយសំរាប់អោយគេស្គាល់ប្រទេសកម្ពុជានោះទេ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្រ្តសិល្បៈ និងវប្បធម៌ដ៏រុងរឿង ដែលបរទេសស្គាល់បានតិច។ ខ្ញុំមិនមែននិយាយពីប្រសាទឬចំលាក់អង្គរ ឬរបាំអប្សរា ដ៏ល្បីល្បាញនោះទេ។ តែខ្ញុំនិយាយពីការងារដែលលោកអ្នកកំពុងតែធ្វើ មិនថាក្នុងផ្នែកតន្រ្តី របាំ ឬសិល្បៈសូនរូបទេ។ លោកអ្នកគឺជាផ្នែកដ៏មានសារៈសំខាន់នៃប្រទេសរបស់អ្នក និងកេរ្តិ៍ឈ្មោះនៃប្រទេសរបស់អ្នក នៅទូទាំងពិភពលោក ហើយខ្ញុំសង្ឃឹមថា ខាងស្ថានទូតរបស់យើងអាចជួយក្នុងការផ្តល់ជាវេទិកាធំមួយ សំរាប់បង្ហាញទេពកោសល្យរបស់លោកអ្នក។ ដូចដែលលោកអ្នកប្រហែលជាដឹងមកហើយ អ្វីៗមានការផ្លាស់ប្តូររួចទៅហើយ។
សមាជិកម្នាក់នៃអ្នកប្រមូលនិងសន្សំវត្ថុសិល្បៈអន្តរជាតិបានទិញគំនូររបស់លោកស្វាយ កែន និងអ្នកដទៃទៀត ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ សិល្បៈករកម្ពុជាកំពុងតែមានការរីកចំរើន នៅក្នុងសហគមន៍ Diaspora នៅសហរដ្ឋអាមេរិក ហើយស្នាដៃការងារខ្លះរបស់គេមានដាក់តាំងនៅទីនេះ ក្នុងយប់នេះ។ ទាំងនេះសុទ្ធតែជាការវិវត្តវិជ្ជមានដែលនឹងជួយកែលំអការគិតមកលើប្រទេសកម្ពុជាក្នុងការវិវត្តទៅអនាគត មិនត្រឹមតែពីសោកនាដកម្មពីអតីតកាលតែប៉ុណ្ណោះទេ តែថែមទាំងសម្រស់និងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈសិល្បៈ និងសិល្បកររបស់ខ្លួនថែមទៀតផង។
ខ្ញុំសូមអគុណជាថ្មីម្តងទៀតដល់អស់លោកអ្នក ដែលបានអញ្ជើញមកនៅយប់នេះ ហើយខ្ញុំសង្ឃឹមថា អស់លោកអ្នកនឹងរីករាយជាមួយការពិព័ណ៌នេះ។