jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថា​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត Rodley នៅឯ​ការ​ប្រគុំ​តន្រ្តី​បាតដៃ​ស្អាតស្អំ

ពហុកីឡាដ្ឋាន​អូឡាំពិក ក្រុងភ្នំពេញ
ថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ២០០៩

          ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​ធ្វើជា​តំណាង​សហរដ្ឋ​អាមេរិក ក្នុង​ពិធី​គួរអោយ​រំភើប​នេះ​។ ខ្ញុំ​រីករាយ​ដោយ​ឃើញ​ក្មេង​ៗ​ជា​ច្រើន ក្នុង​ចំណោម​ហ្វូង​មនុស្ស​។ អ្នក​គឺជា​អនាគត​នៃ​ប្រទេស​កម្ពុជា ហើយ​វត្តមាន​របស់​អ្នក​នៅ​ពេល​នេះ​បង្ហាញ​ពី​ការ​ប្រឆាំង​របស់​អ្នក​ចំពោះ​អំពើ​ពុករលួយ​។

          អំពើ​ពុករលួយ​គឺជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា នៅ​ប្រទេស​កម្ពុជា​។ តែ​ពួក​អ្នក ដែល​ស្ថិត​នៅ​ក្នុង​វ័យ​ក្មេង​នេះ​ហើយ​ដែល​ជា​អ្នក​រង​ការ​ខាតបង់​ច្រើន​ជាង​គេ​។

          ជា​រៀងរាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណ ២៥០ ០០០ នាក់​ចេញ​រក​ការងារ​ធ្វើ តែ​មិន​អាច​រក​បាន​ការងារ​ធ្វើ​។ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ចេះ​តែ​ជ្រៅ​ទៅ​ៗ កំពុង​តែ​ប៉ះ​មក​លើ​ប្រទេស​កម្ពុជា ដោយសារ​វិនិយោគ​បរទេស​និង​ការ​នាំ​ទំនិញេ​ចេញ​ក្រៅ​ស្រុក​បាន​ធ្លាក់​ចុះ​។ ប្រទេស​ដែល​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​និង​តាម​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សកម្ម​នឹង​អំពើ​ពុករលួយ រង​ការ​ប៉ះពាល់​តិច​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ហើយ​ឆាប់​វិល​ត្រឡប់​ទៅ​រក​វិបុលភាព​វិញ​។ ការ​ងើប​ឡើង​វិញ​បាន​ឆាប់​នៃ​សេដ្ឋកិច្ច​មាន​ន័យ​ថា​មាន​ឱកាស​ការងារ​ច្រើន សំរាប់​យុវវ័យ​នៃ​ប្រទេស​កម្ពុជា​។

          តាម​ការ​សិក្សា​ស្រាវជ្រាវ​នានា អំពើ​ពុករលួយ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​បាត់បង់​ប្រាក់​រហូត​ដល់ ៥០០ លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ សំរាប់​ចំណូល​រដ្ឋ​ ។ ទឹកប្រាក់​នេះ​អាច​ប្រើ​សំរាប់​សេវា​សាធារណៈ ដូចជា​ការ​សិក្សា​អប់រំ ការ​ថែទាំ​សុខភាព និង​ការងារ​សំរាប់​យុវវ័យ​កម្ពុជា​។ ប្រាក់ ៥០០ លាន​ដុល្លា​អាច​អោយ​គេ​កសាង​អាគារ​សិក្សា​ដែល​មាន ៦ បន្ទប់​បាន​ចំនួន ២០ ០០០ ឬ​អាច​បន្ថែម​ប្រាក់ខែ​អោយ​ដល់​បុគ្គលិក​រាជការ​ទាំងអស់​ក្នុង​ម្នាក់​ៗ​ចំនួន ២៦០ ដុល្លា ក្នុង​មួយ​ខែ​។

          ខ្ញុំ​សូម​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។ ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជាតិ ២០០៩ គណបក្ស​នយោបាយ​ទាំងអស់​បាន​សន្យា​ថា​នឹង​អនុម័ត​ច្បាប់​នេះ ។ ឥឡូវ​នេះ​គឺជា​ពេល​វេលា​ដែល​ត្រូវ​ធ្វើ​។

          ពង្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​កំពុង​ត្រូវ​បាន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​ទីស្តីការ​គណរដ្ឋមន្រ្តី ហើយ​គេ​មាន​សង្ឃឹម​ថា ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​បំពេញ​បាន​តាម​បទដ្ឋាន​អន្តរជាតិ អាច​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ​នេះ​។

          មនុស្ស​ចំនួន​ជាង​មួយ​លាន​នាក់​បាន​សំដែង​ចេញ​នូវ​ការ​គាំទ្រ​របស់​គេ​ចំពោះ​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ តាមរយៈ​យុទ្ធនាការ​ហត្ថលេខា​ចំនួន​មួយ​លាន​។ នេះ​គឺជា​ការ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ប្រជាជន​សាមញ្ញ ហើយ​ពេល​នេះ​គឺជា​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​ឆ្លើយតប​នឹង​ឆន្ទៈ​របស់​ប្រជារាស្រ្ត​។

          អ្នក​ខ្លះ​អាច​និយាយ​បាន​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា​គឺជា​បញ្ហា​ធំ​ពេក សំរាប់​ដោះស្រាយ និង​ថា វា​មិន​អាច​បាត់​ទៅ​វិញ​បាន​ទេ​។ តែ វា​មិន​មែន​ចេះ​តែ​យ៉ាង​ដូច្នេះ​ទេ​។ រាល់​ការ​មិន​ព្រម​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​រាល់​ទង្វើ​ស្អាតស្អំ ទោះបី​តូច​យ៉ាង​ណា​ក្តី នឹង​នាំ​យើង​ខិត​ទៅ​ជិត​ប្រទេស​កម្ពុជា​មួយ ដែល​គ្មាន​អំពើ​ពុករលួយ​។

          ការ​ប្រគុំ​តន្រ្តី​នេះ​គ្រាន់តែ​ជា​ជំហាន​មួយ​បន្ថែម​ទៀត នៅ​ក្នុង​ចលនា​ពលរដ្ឋ​ពិត​ប្រាកដ​មួយ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​។ ថ្ងៃ​នេះ សិល្បករ​និង​វិចិត្រករ​ចំណាន​ៗ​ខ្លះ​របស់​ខ្មែរ កំពុងតែ​ឈរ​នៅ​ខាង​អ្នក​ជា​ប្រជាជន​កម្ពុជា ដែល​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។

          សហរដ្ឋ​អាមេរិក​គឺជា​ដៃគូ​របស់​អ្នក​ក្នុង​ការ​តស៊ូ​នេះ​។ នេះ​គឺជា​ការ​ប្រគុំ​តន្រ្តី​របស់​អ្នក និង​ជា​ចលនា​របស់​អ្នក តែ​យើង​នៅ​ទីនេះ​ដើម្បី​គាំទ្រ​អ្នក តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក