jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត សន្ទរកថា អំពី​ស្ថានទូត ដំណឹង​ថ្មី

សុន្ទរកថា

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត Joseph A. Mussomeli ក្នុង​ពិធី​ណែនាំ​និង​សំណេះសំណាល​មុន​ចេញ​ដំណើរ​របស់​និស្សិត​អាហារូបករណ៍ Fulbright

ស្ថានទូត​អាមេរិក - ភ្នំពេញ
ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ ២០០៨

ឯកឧត្ដម កុល ផេង ទេសរដ្ឋ​មន្ដ្រី និង ជា​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា
និសិ្សត​អាហាររូបករណ៍ Fulbright បច្ចុប្បន្ន និង អតីត​និស្សិត​អាហាររូបករណ៍ Fulbright
សមាជិក​បណ្ដាញ​សារពត៌មាន
អស់​លោក លោកស្រី

         ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដោយ​មាន​វត្ដមាន​នៅ​ទីនេះ​ក្នុង​ព្រឹក​នេះ ជាមួយ​ឯកឧត្ដម អស់​លោក លោកស្រី  ដើម្បី​សំដែង​ការ​កោត​សរសើរ​ដល់​និស្សិត​កម្ពុជា​ចំនួន​១០ នាក់​ថ្មី ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright ដើម្បី​បន្ដ​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​សំរាប់​ឆ្នាំ​សិក្សា​ខាង​មុខ​នេះ ។ ពួកគេ​នឹង​ចូលរួម ជាមួយ​និស្សិត​កម្ពុជា​ចំនួន ៨ នាក់​ទៀត ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ឧបត្ថម្ភ​របស់​កម្មវិធី​អាហាររូបករណ៍ Fulbright ដូច្នេះ​សំរាប់​ឆ្នាំ​សិក្សា ២០០៨​-​២០០៩ នេះ​មាន​និស្សិត​កម្ពុជា​សរុប​ចំនួន ១៨ នាក់ ដែល​ទទួល​បាន​អាហាររូបករណ៍ Fulbright ។

         ដូច​ដែល​ខ្ញុំ​បាន​និយាយ​ទៅកាន់​និស្សិត​អាហារូបករណ៍ Fulbright កន្លង​មក​ដែរ​ថា នេះ​ជា​ពេល​វេលា​ដ៏​រំភើប​សំរាប់​អ្នក​ទាំងអស់​គ្នា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ជ្រើសរើស​រូប​អ្នក​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ ។  បញ្ហា​ប្រឈម​មុខ​ពិត​ប្រាកដ​មិន​ទាន់​មក​ដល់​ទេ ។ អ្នក​ប្រហែល​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​អ្នក​នឹង​ត្រូវ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ផ្សងព្រេង​មួយ ដែល​នឹង​ធ្វើអោយ​ជីវិត​របស់ អ្នក មាន ការ ផ្លាស់ប្ដូរ ។ អ្នក មិន ត្រឹម តែ នឹង ចូលរួម ក្នុង កម្មវិធី សិក្សា ដែល នឹង ពង្រឹង ជំនាញ និង ការ​អភិវឌ្ឍន៍​សំរាប់​ខ្លួន​អ្នក​តែ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​នឹង​ត្រូវ​ដើរ​តួ​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដោយ​ធ្វើអោយ​ជនជាតិ​អាមេរិក​មាន​ការ​យល់ដឹង​កាន់តែ​ច្រើន​ស្ដីពី​ប្រទេស​កម្ពុជា ។

         ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់​ថា ពេល​ខ្លះ​ជនជាតិ​អាមេរិក​មិន​សូវ​ដឹង​ពី​អ្វី​ដែល​នៅ​ជិត​បង្កើយ​នឹង​ផ្ទះ​របស់​គេ​ផង ដូច្នេះ​ទំរាំ​ប្រជាជន​និង​វប្បធម៌​ដែល​ស្ថិតនៅ​ឆ្ងាយ​រាប់​ពាន់​ម៉ៃល៍​តើ​គេ​រឹតតែ​មាន​ការ​ពិបាក​យល់​យ៉ាង​ណា​ទៅ​? តែ​ជនជាតិ​អាមេរិក​ម្នាក់​ៗ​ដែល​អ្នក​នឹង​ជួប​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ចង់​ដឹង​ច្រើន​ពី​អ្នក និង​ប្រទេស​របស់​អ្នក ។ អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ដែល​ជា​អ្នក​ជួយ​លើក​កំពស់​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​តាមរយៈ​ការ​សិក្សា​អប់រំ​និង​ការ​កសាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា ។ អ្នក​នឹង​ចូលរួម​ជាមួយ​និស្សិត​ដែល​មក​ពី​ជុំវិញ​ពិភពលោក ហើយ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​អ្នក​បំពេញ​ការ​សិក្សា​ចប់​អ្នក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ចែក​រំលែក​បទពិសោធន៍ និង​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដីពី​ប្រទេស​អាមេរិក​ជាមួយ​ជន​រួម​ជាតិ​របស់​អ្នក ។ មនុស្ស​ជា​ច្រើន​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ឱកាស​នេះ​របស់​អ្នក ។ តួនាទី​របស់​អ្នក​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​គឺជា​តួនាទី​ដែល​មាន​សារៈសំខាន់ ។

         កម្មវិធី​អាហាររូបករណ៍ Fulbright បាន​ចាប់ផ្ដើម​មាន​ឡើង​វិញ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៤ ។ តាំងពី​ពេល​នោះ​មក​និស្សិត​កម្ពុជា​ចំនួន ៩៤ នាក់ បាន​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​នៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​អតីត​និស្សិត​អាហាររូបករណ៍ Fulbright កំពុង​ធ្វើការ​ក្នុង​មុខ​តំណែង​សំខាន់​ៗ​ក្នុង​អង្គការ​រដ្ឋ​អង្គការ​អន្ដរជាតិ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង តាម​ក្រុមហ៊ុន​ឯកជន ។ ពេល​នេះ​អ្នក​ត្រូវ​បន្ដ​ប្រពៃណី​ដ៏​ល្អ​នេះ ។

         ដោយសារ​ថា​កម្មវិធី​អាហារូបករណ៍ Fulbright គឺជា​កម្មវិធី​ធ្វើ​ការ​ផ្លាស់ប្ដូរ​គ្នា ដូច្នេះ គេ​ក៏​គួរ​ធ្វើ​ការ​កត់​សំគាល់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​សិក្សា​ក្រោយ​នេះ​យើង​ក៏​នឹង​បញ្ជូន​ផង​ដែរ​នូវ​អ្នក​ទទួល​អាហារូបករណ៍ Fulbright ជា​ជនជាតិ​អាមេរិក​ចំនួន ២ នាក់ ដែល​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​សិក្សា​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​សិក្សា​អប់រំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ផ្នែក​មុខ​ជំនួញ​ទីផ្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ។ ក្រៅ​ពី​នេះ យើង​នឹង​បញ្ជូន​និស្សិត​អាមេរិក​ចំនួន ៤ នាក់​មក​កម្ពុជា​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Fubright ។ ស្ថាប័ន​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​របស់​សហរដ្ឋ​អាមេរិក​រំពឹង​លើ​អ្នក​ទាំង​នេះ​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​ប្រទេស​កម្ពុជា​ទៅ​និស្សិត​អាមេរិក​ក្នុង​ឆ្នាំ​ខាង​មុខ​ៗ ហើយ​យើង​រីករាយ​នឹង​ឧបត្ថម្ភ​ដល់​និស្សិត​ទាំង​នេះ​ផង​ដែរ ។

         ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​ឯកឧត្ដម​បាន​សុំ​អោយ​យើង​ពង្រីក​កម្មវិធី​អាហាររូបករណ៍ Fulbright នៅ​កម្ពុជា​អោយ​ដល់​ថ្នាក់​បណ្ឌិត ខ្ញុំ​មាន​សេចក្ដី​រីករាយ​សូម​ជំរាប​ឯកឧត្ដម​ថា​យើង​អាច​បំពេញ​បាន​តាម​ការ​ស្នើ​នេះ ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដល់​ទៅ ២ នាក់​អោយ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក ។ និស្សិត​ទាំង ២ នាក់​នេះ​គឺ កញ្ញា អ៊ូ ជូលី ដែល​នឹង​ត្រូវ​រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​បរិស្ថាន​នៅ​សាកលវិទ្យាល័យ Texas A&M University និង កញ្ញា ឃុន ចាន់ណារី ដែល​នឹង​រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Southern Illinois University Carbondale។

         ជា​ទី​បញ្ចប់ ខ្ញុំ​សូម​កោត​សរសើរ​អស់​ពី​ដួងចិត្ដ​ដល់​អ្នក​ទាំងអស់​គ្នា និង​សូម​អោយ​អ្នក​ជួប​តែ​សំណាង​ល្អ​ក្នុង​ពេល​អ្នក​ធ្វើ​ការ​ផ្សងព្រេង​ថ្មី​នេះ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក