សុន្ទរកថា
សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត Rodley នៅក្នុងពិធីបើកវិទ្យាល័យកំពតឡើងវិញ
វិទ្យាល័យព្រះរាជសំភាកំពត ខេត្តកំពត
ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០០៩
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស នាយកសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សវិទ្យាល័យព្រះរាជសម្ភារទាំងអស់ជាទីរាប់អាន។ សូមអរគុណចំពោះការអញ្ជើញរូបខ្ញុំនៅថ្ងៃនេះ។ ស្ថានទូតអាមេរិកមានក្តីរំភើបដោយមានចំណែកមួយក្នុងការកសាងសាលារៀននេះឡើងវិញ។ ខ្ញុំដឹងថាការងារនិងការសំរបសំរួលគ្នាយ៉ាងច្រើនបានធ្វើអោយមានថ្ងៃនេះឡើង ហើយខ្ញុំសូមអរគុណជាពិសេសចំពោះក្រុមហ៊ុនម៉ៅការសាងសង់ក្នុងស្រុក (RDCC) និងជនជាតិខ្មែរទាំងអស់ ដែលបានចូលរួមក្នុងការងារជួសជុលនេះ។
ដូចអស់លោក លោកស្រីប្រហែលជាធ្លាប់ដឹងមកហើយថា វិទ្យាល័យព្រះរាជសម្ភារត្រូវបានកសាងពីដើមមកដោយសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីដើមទសវត្សទី ១៩៥០។ ការដែលយើងត្រឡប់មកវិញនៅពេលនេះ រយៈពេលជិត ៦០ ឆ្នាំក្រោយមក បញ្ជាក់ពីជំរៅនិងភាពយូរអង្វែង នៃការទាក់ទងរបស់យើងជាមួយប្រទេសកម្ពុជា និងការយកចិត្តទុកដាក់របស់យើង ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់ប្រព័ន្ធអប់រំ ទាំងផ្នែកសមត្ថភាពមនុស្ស និងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
តាមរយៈគំរោងនានាដូចជាគំរោងនេះ យើងជួយផ្តល់ឱកាសអោយសិស្សក្មេងៗនៅខេត្តកំពតបានរៀនសូត្រនិងលេង និងឱកាសអោយគ្រូរបស់គេផ្តោតការយកចិត្តទុកដាក់ទៅលើការបង្រៀន ជាជាងលើកង្វល់ទៅលើបរិយាកាសដែលគេកំពុងតែធ្វើការ។
សាលានេះគ្រាន់តែជាផ្នែកមួយនៃការគាំទ្រនិងជំនួយផ្នែកអប់រំរបស់យើងចំពោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។ យើងកំពុងតែកសាងឡើងវិញ និងជួសជុលសាលាដូចគ្នានេះ នៅទូទាំងប្រទេស តាមរយៈកម្មវិធីជំនួយមនុស្សធម៌របស់យើង។ តាមរយៈ USAID យើងក៏កំពុងតែធ្វើការផងដែរក្នុងការបង្កើនគុណភាពអប់រំ និងលទ្ធភាពទទួលបានការសិក្សាអប់រំ នៅតាមតំបន់ជនបទនៃប្រទេស ហើយយើងថែមទាំងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមៗ អោយទៅសិក្សានៅសហរដ្ឋអាមេរិក។
ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអោយសិស្សនៅខេត្តកំពតរីករាយនឹងអាគារថ្មី ដែលនៅពីក្រោយខ្ញុំនេះ ហើយខិតខំរៀន ហើយសូមចាំថា ពួកគេគឺជាអនាគតនៃប្រទេស។ ស្ថានទូតអាមេរិកមានសេចក្តីរីករាយក្នុងការផ្តល់ជំនួយតាមរយៈកម្មវិធី ដូចជាកម្មវិធីជួយជួសជុលអាគារសាលារៀននេះ តែអនាគតនៃប្រទេសកម្ពុជាអាស្រ័យលើមនុស្សជំនាន់ក្រោយជាអ្នកកំណត់។