jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថា​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត ឃែរ៉ូល រ៉តលី ក្នុង​ទិវា​ឯករាជ្យ៤  កក្កដា

ស្ថានទូត​អាមេរិក ភ្នំពេញ
ថ្ងៃទី ៣ ខែ​កក្កដា ឆ្នាំ​២០០៩

         ឯកឧត្ដម ទៀ បាញ់ ជាទីគោរព !
         ភ្ញៀវ​កិត្ដិយស លោក លោកស្រី ជាទី​មេត្រី !

         យើង​មាន​វត្ដមាន​នៅ​ទីនេះ​នា​រាត្រី​នេះ ដើម្បី​ប្រារព្ឋ​ថ្ងៃ​កំណើត​នៃ​សហរដ្ឋ​អាមេរិក និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​រ៉ឹងមាំ រវាង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដ៏​ចំណាស់​បំផុត ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដ៏​ក្មេង​ខ្ចី បំផុត​ក្នុង​ពិភពលោក​។ 

         កាលណោះ  លោក​ប្រធានាធិបតី  ហ្វ្រេង​គ្លីន ឌីឡាណូ រ៉ូសឺវែលថ៍  (Franklin Delano Roosevelt) បាន មាន​ប្រសាសន៍​ថា “​សេរីភាព​មិន​អាច​ត្រូវ​បាន​គេ​អោយ​យើង​ទេ​។ យើង​ត្រូវ​ដណ្ដើម​យក​សេរីភាព​”​។ អស់​រយៈពេល ២៣៣​ឆ្នាំ កន្លង​មក​នេះ កុលបុត្រ​និង​កុលធីតា​ទាំងឡាយ នៃ​បដិវត្ដន៍​អាមេរិក​សំរេច​ដណ្ដើម​យក​បាន​សេរីភាព​នោះ
ឯង​។ ក៏​ប៉ុន្ដែ ជ័យជំនះ​នា​ពេល​អនាគត​របស់យើង​មិន​ត្រូវ​បាន​ធានា​ឡើយ ហើយ​បច្ចុប្បន្ន​នេះ មនុស្ស​តិចតួច​ណាស់​ចងចាំ​នូវ​អ្វី​ដែល​ជា​ភាព​មិន​ប្រាកដប្រជា​នា​ពេល​ដំបូង​នោះ​។ សំរាប់​អ្នកដែល​បាន​បន្ដ​ការ​ប្រយុទ្ឋ​ដើម្បី​ឯករាជ្យ  ឆ្នាំ​១៧៧៦ ជា​ឆ្នាំ​ដែល​យើង​ប្រារព្ឋ ថា​ជា​កំណើត​នៃ​ប្រទេសជាតិ​យើង  ជា​ឆ្នាំ​នៃ​ការ​ប្រកាស​ឯករាជ្យ​របស់​យើង និង ជា​ឆ្នាំ​មួយ​នៃ​ជោគជ័យ​តិចតួច​ណាស់ ការ​ទទួល​រង​ទុក្ខ​វេទនា ជំងឺ​ដង្កាត់ សេចក្ដី​ស្រេក​ឃ្លាន ការ​រត់ចោល​ជួរ ភាព​កំសាក ការ​ខក​បំណង បរាជ័យ ការ​បាក់​ទឹកចិត្ដ​ដ៏​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង និង​សេចក្ដី​ភ័យ​ខ្លាច​។ ទោះជា​យ៉ាង​ណា​ក្ដី សំរាប់ បិតា​ស្ថាបនិក​របស់​យើង វា​ក៏​ជា​ពេលវេលា​មួយ​នៃ​ភាព​អង់អាច​ក្លាហាន​ដ៏​អស្ចារ្យ និង​ភក្ដីភាព​ដ៏​ស្មោះស្ម័គ្រ ចំពោះ​ប្រទេស​ជាតិ​។ ពេល​ដែល​យើង​បាន​ប្រកាស​ឯករាជ្យ​របស់​យើង ការ​យល់​ឃើញ ដែល​ត្រូវ​បាន​ពិពណ៌នា​ដោយ​លោក ថូម៉ាស់ ជេស​ហ្វឺសុន (Thomas Jefferson) ថា​ជា​ភាព​ជាក់ស្ដែង ហើយ​ដែល​បាន​ពោល​ថា “​មនុស្ស​គ្រប់រូប​ត្រូវ​បាន បង្កើត​មក​មាន​ភាព​ស្មើ​គ្នា និង​មាន​សិទ្ឋិ​មិន​អាច​កាត់ផ្ដាច់​ចេញ​បាន នូវ​ការ​រស់រាន​មាន​ជីវិត  សេរីភាព និង​ការ​ស្វែងរក សុភមង្គល​” គឺ​គ្រាន់តែ​ជា​គំនិត​មួយ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៧៧៦ យើង​ពុំ​មាន​កងទ័ព​ពិត​ប្រាកដ ឬ​មធ្យោបាយ​ដទៃ​ទៀត ដើម្បី​គាំទ្រ​គំនិត​នេះ​ទេ​។ បណ្ដា​មេដឹកនាំ​យើង​បាន​រៀន​ដឹកនាំ និង​បាន​រៀន​គ្រប់គ្រង ព្រម​ពេល​ជាមួយ​គ្នា​នោះ​ដែរ ពួកគេ​បាន​រៀន​ស្វែង​យល់ និង​ជឿជាក់​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ ដោយសារ​ពួកគេ​នោះ​ហើយ ដែល​យើង​មាន លទ្ឋភាព​អាច​ឈរ​នៅ​ទីនេះ​នា​ថ្ងៃ​នេះ និង​មាន​មោទនភាព​ចំពោះ​លទ្ឋិ​ប្រជាធិបតេយ្យ​និង​សេរីភាព​របស់​យើង​។ បំណុល ដែល​យើង​ជំពាក់​ចំពោះ​បុរស​និង​ស្ដ្រី​ដ៏​អង់អាច​ក្លាហាន​ទាំង​នោះ គឺ​ការ​បន្ដ​ការ​តស៊ូ​ដើម្បី​ធ្វើ​អោយ​សុក្រិត​នូវ​លទ្ឋិ​ប្រជាធិបតេយ្យ​របស់​យើង ពីព្រោះ​លទ្ឋិ​ប្រជាធិបតេយ្យ គឺជា​ប្រព័ន្ឋ​ដក​ដង្ហើម​រស់​ដែល​ត្រូវ​ផ្សាំ​ខ្លួន និង​វិវត្ដ​ជា​ប្រចាំ​ក្នុង​ការ ឆ្លើយ​តប​ចំពោះ​ការ​ប្រឈម​ថ្មី​ៗ​ដែល​បុព្វបុរស​យើង​ពុំ​បាន​គិត​ទុក​ជាមុន​។

         ថ្នាក់​ដឹកនាំ​កម្ពុជា​បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា​តាម​មាគ៌ា​ឆ្ពោះ​ទៅកាន់​លទ្ឋិ​ប្រជាធិបតេយ្យ​។ ទោះជា​មាន​ឧបសគ្គ​នៅ​តាម​ផ្លូវ​ទៅ​មុខ​ក៏​ដោយ វឌ្ឍនភាព​ទាំងអស់​ស្ថិត​នៅ​តាម​ទិស​ជា​វិជ្ជមាន​។ យើង​មាន​ការ​លើក​ទឹកចិត្ដ ដែល​បាន​ឃើញ​វឌ្ឍនភាព​បែបនេះ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​នេះ​។

         ពី​ឆ្នាំ​១៧៧៦ តរៀង​មក បណ្ដា​មេ​ដឹកនាំ​យើង​ក៏​បាន​ប្រឈម​នឹង​ការ​ជ្រើសរើស​និង​សំណួរ​ពិបាក​ៗ​ជា​បន្ដបន្ទាប់ ក្នុង​ការ​ការពារ​ថែ​រក្សា​សេរីភាព​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ថែ​រក្សា​នីតិរដ្ឋ​និងគោលការណ៍​ប្រជាធិបតេយ្យ​។  ជា​ភ័ព​សំណាង​ល្អ​សំរាប់​យើង បុរស​និង​ស្ដ្រី​ដែល​បាន​រស់នៅ​ក្នុង​បណ្ដា​ឆ្នាំ​ដែល​បាន​បង្កើត​លទ្ឋិ​ប្រជាធិបតេយ្យ​របស់​យើង មាន​អត្ដចរិត​ម៉ឺងម៉ាត់ និង​បាន​យល់​ឃើញ​ថា​សកម្មភាព​នានា​របស់​ពួកគេ​នឹង​មាន​លទ្ឋផល​ដ៏​សំខាន់​សំរាប់​អនាគត​នៃ​ប្រទេសជាតិ​យើង​។ ពួកគេ​ក៏​បាន​យល់​ឃើញ​ផង​ដែរ​ថា អន្ដរកាល​និង​ការ​ផ្លាស់ប្ដូរ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរ​ការ​នយោបាយ ទោះ​ជា​ការងារ​ទាំង​នោះ​អាច​ជា​ការ​លំបាក​ក៏​ដោយ ក៏​កិច្ចការ​នោះ​ត្រូវ​បាន​ទទួល​យក នៅ​ពេល​ដែល​វា​ឆ្លុះ​បញ្ចាំង ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។

         ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​ប្រទេសខ្ញុំ​ផ្ទាល់ យើង​កំពុង​ស្ថិត​ក្នុង​ការ​ផ្លាស់ប្ដូរ ដែល​ជា​ការ​ផ្លាស់ប្ដូរ​នាំមក​ដោយ លោក​ប្រធានាធិបតី​ថ្មី​របស់​យើង បារ៉ាក់ អូបាម៉ា (Barack Obama)។ លោក​ប្រធានាធិបតី បាន​នាំមក​នូវ​សារ​នៃ ក្ដី​សង្ឃឹម ដោយ​បាន​ធ្វើ​ការ​សន្យា​នូវ​ការ​ចាប់ផ្ដើម​ថ្មី​មួយ​សំរាប់​ប្រទេស​ជាតិ​យើង​និង​សំរាប់​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ជាមួយ​ពិភពលោក​។ ខ្ញុំ​ជឿជាក់​ថា​លោក​ប្រធានាធិបតី​កំពុង​ធ្វើ​តាម​ការ​សន្យា​នោះ​រួច​ជា​ស្រេច​។ ទំនាក់ទំនង​ដែល កំពុង​វិវត្ដ​ទៅ​មុខ​របស់​យើង​ជាមួយ​កម្ពុជា គឺជា​ឧទាហរណ៍​ល្អ​មួយ​ដែល​អាច​សំរេច​បាន​កាល​បើ​យើង​ធ្វើ​អ្វី​ដូច​ដែល​លោក​ប្រធានាធិបតី និង​លោក​ស្រី​រដ្ឋមន្ដ្រី​ គ្លីនតុន (Clinton) បាន​ជំរុញ​យើង​អោយ​ស្ដាប់​និង​ធ្វើ​ទំនាក់ទំនង​ជាមួយ បណ្ដា​ដៃគូ​របស់​យើង​។

         នា​រាត្រី​នេះ នៅ​ពេល​យើង​ប្រារព្ឋ​ទិវា​ឯករាជ្យ​អាមេរិក ខ្ញុំ​សូម​អញ្ជើញ​លើក​កែវ​ឡើង​។ ខ្ញុំ​សូម​អញ្ជើញ ភ្ញៀវ​កិត្ដិយស​ទាំងអស់​ចូលរួម​ជាមួយ​ខ្ញុំ​មេត្ដា​លើក​កែវ​ឡើង ដើម្បី​ប្រសិទ្ឋិពរជ័យ​ព្រះ​សុខភាព​ល្អ​បរិបូរណ៍​ថ្វាយ​ព្រះ​ករុណា​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ព្រះ​ករុណាព្រះ​វររាជបិតា និង​ព្រះ​មហាក្សត្រីយ៍​ព្រះវររាជមាតា និង ដើម្បី​ចំណង​មិត្ដភាព​ដ៏​ជិតស្និទ្ឋ និង​កិច្ច​សហប្រតិបត្ដិការ​យ៉ាង​សកម្ម​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ជាមួយ​សហរដ្ឋ​អាមេរិក ព្រមទាំង​វិបុលភាព​នៃ​ប្រជាជន​យើង​ទាំង​ពីរ​ប្រទេស​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក