សុន្ទរកថា
សុន្ទរកថារបស់អនប្រធានទូតTheodore Allegraក្នុងសិក្ខាសាលាស្តីពីកំណែទំរង់ការបោះឆ្នោតដែលរៀបចំដោយវិទ្យាស្ថានNDI
សណ្ឋាគារ សាន់វេ ភ្នំពេញ
ថ្ងៃទី ១១ សីហា ឆ្នាំ ២០០៩
ខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាននៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ការបោះឆ្នោតដែលគួរអោយទុកចិត្តបាន និងមានភាពយុត្តិធម៌ មានសារៈសំខាន់ចាំបាច់ដល់សន្តិសុខ និងការអភិវឌ្ឍន៍ជាបន្ត សំរាប់ប្រទេសកម្ពុជា។
ក្នុងពេលដែលលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅប្រទេសកម្ពុជាងាកទៅរកភាពចាស់ទុំ និងរឹងមាំ រដ្ឋាភិបាលនិងសង្គមស៊ីវិលត្រូវតែបន្តវាយតំលៃដំណើរការបោះឆ្នោតនៅក្នុងប្រទេស។ សិក្ខាសាលាបែបនេះប្រាប់យើងអោយដឹង ថាតើស្ថាប័នបោះឆ្នោតនៅកម្ពុជាមានភាពរឹងមាំត្រង់កន្លែងណាខ្លះ ហើយត្រង់កន្លែងណាខ្លះដែលត្រូវការការកែលំអ។
គេអាចនិយាយបានថា ការទទួលស្គាល់ថានៅមានសេចក្តីត្រូវការអោយមានកំណែទំរង់លើការបោះឆ្នោតមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ។ ផ្ទុយទៅវិញ វាជាបំណងចង់ពិនិត្យទៅលើខ្លួនឯង និងកែលំអលក្ខណៈមួយដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់មាន រួមទាំងប្រទេសដែលមានប្រវត្តិយូរមកហើយ ដូចជាសហរដ្ឋអាមេរិក។
ទោះបីលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានៅក្មេងក្តី តែវាបានបោះជំហានទៅមុខច្រើន តាំងពីការបោះឆ្នោតជាតិលើកដំបូង ក្នុងឆ្នាំ ១៩៩៣ មក។
ការបោះឆោ្នតជ្រើសរើសសភាជាតិកាលពីឆ្នាំទៅគឺជាការបោះឆ្នោតដែលមានភាពសេរីបំផុតជាងគេនៅកម្ពុជា។ ជាទូទៅការបោះឆ្នោតនេះមានភាពស្ងប់ស្ងាត់ល្អ មានប្រសិទ្ធិភាពនិងតាមប្រព័ន្ធត្រឹមត្រូវជាងការបោះឆ្នោតមុនៗ។
ទោះបីមានភាពជឿនលឿនយ៉ាងនេះក្តី ក៏នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។ ពលរដ្ឋនៅតែប្រឈមនឹងឧបសគ្គក្នុងការអនុវត្តសិទ្ធិរបស់គេក្នុងការបោះឆ្នោត។
គណៈកម្មាធិការនៃអ្នកឯកទេសសំរាប់ការកែទំរង់ការបោះឆ្នោត កាលពីពេលថ្មីៗនេះ បានពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធចំនួន ១៥០ នាក់មកពីស្ថាប័នរដ្ឋាភិបាល និងសង្គមស៊ីវិល ស្តីពីលក្ខណៈប្រព័ន្ធបោះឆ្នោត។ អ្នកពាក់ព័ន្ធទាំងនេះស្ទើរតែយល់ស្របគ្នាទាំងស្រុងលើចំណុចខ្សោយនៃប្រព័ន្ធបោះឆ្នោត និងអនុសាសន៍សំរាប់កំណែលំអ។
ខ្ញុំមានសេចក្តីរីករាយដោយឃើញថា តំណាងមកពីរដ្ឋាភិបាលនិងសង្គមស៊ីវិលមកជួបជុំគ្នានៅពេលនេះ ដើម្បីពិនិត្យលទ្ធផលនៃការពិគ្រោះយោបល់ទាំងនេះ។
គ្មានលទ្ធិប្រជាធិបតេយ្យណាល្អឥតខ្ចោះនោះទេ តែអ្នកដែលទទួលស្គាល់និងពិភាក្សាគ្នាដោយបើកចំហនូវចំណុចខ្សោយរបស់គេ ដូចដែលលោក អ្នកកំពុងធ្វើនៅថ្ងៃនេះ មានការរៀបចំបានល្អក្នុងការបំពេញសេចក្តីត្រូវការនៃប្រជាជនរបស់គេ។
ខ្ញុំសូមអរគុណចំពោះអ្នករៀបចំពិធីដ៏មានសារៈសំខាន់នេះ និងអ្នកចូលរួមដែលមានវត្តមានថ្ងៃនេះ។ សូមអោយការពិភាក្សារបស់លោកអ្នកប្រកបដោយផ្លែផ្កាល្អ។