សុន្ទរកថា
សុន្ទរកថារបស់អនុប្រធានទូតក្នុងពិធីទទួលអង្គការ Global Heritage Fund
ភ្នំពេញ
ថ្ងៃទី ១៣ សីហា ២០០៩
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ខ្ញុំសូមអរគុណដែលបានអញ្ចើញមកនិវេសដ្ឋាន នៅល្ងាចនេះ ដើម្បីនិយាយពីការងារសំខាន់ខ្លះ ដែលកំពុងតែដំណើរការទៅ នៅប្រាសាទបន្ទាយឆ្មារ។
អង្គការ Global Heritage Fund ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិក កំពុងតែធ្វើការងារយ៉ាងច្រើន ក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ ដែលមានអាយុកាលតាំងពីសតវត្សទី ១២ មក ក្នុងខេត្តបន្ទាយមានជ័យ។
អង្គការ Global Heritage Fund ត្រូវបានបង្កើតឡើងនៅ Palo Alto រដ្ឋ California ក្នុងឆ្នាំ ២០០២ ។ តាំងពីពេលនោះមក អង្គការនេះបានរៃអង្គាសប្រាក់បានចំនួន ១៥ លានដុល្លាសំរាប់ជួយដល់ការអភិរក្សបេតិ កភណ្ឌវប្បធម៌ ពិសេសនៅតាមតំបន់កំពុងអភិវឌ្ឍ។
បេសកកម្មរបស់អង្គការ Global Heritage Fund គឺការពារនិងអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌និងទីតាំងបេតិកភណ្ឌបូរាណដ៏មានសារៈសំខាន់បំផុតរបស់មនុស្សជាតិ នៅតាមប្រទេសកំពុងអភិវឌ្ឍ។
តាំងពីត្រូវបានបង្កើតឡើង អង្គការ Global Heritage Fund មានគំរោងចំនួន ១១ នៅក្នុងប្រទេសជាង ៨ គឺប្រទេសចិន ឥណ្ឌា ឡាវ កម្ពុជា ទួគី កាតេម៉ាឡា ប៉េរូ និងលីប៊ី។
ស្ថានទូតអាមេរិកតែងតែរីករាយជានិច្ចក្នុងការជួយដល់ការលើកកំពស់គុណតំលៃវប្បធម៌ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងក្រុមអ្នកធ្វើការក្នុងផ្នែកនេះ។
គោលដៅសំខាន់នៅប្រសាទបន្ទាយឆ្មារ ដែលស្ថានទូតអាមេរិកយកចិត្តទុកដាក់ទៅលើជាខ្លាំង គឺការបង្កើតជាបែបផែនគំរូមួយ សំរាប់ការអភិរក្សបេតិកភណ្ឌប្រកបដោយនិរន្តភាព នៅប្រទេសកម្ពុជា ក្រៅពីនៅអង្គរ។
អង្គការ Global Heritage Fund គ្រោងសំរេចគោលដៅនេះ មិនមែនតាមរយៈការជួសជុលធម្មតាទៅលើប្រាសាទទេ តែតាមរយៈការកសាងសមត្ថភាពនៃសហគមន៍មូលដ្ឋាន និងការបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេស។
ដើម្បីរៀបរាប់បន្ថែមទៀតនូវអ្វីដែលអង្គការ Global Heritage Fund កំពុងធ្វើនៅប្រាសាទបន្ទាយឆ្មារ ខ្ញុំសូមណែនាំប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អន្តរជាតិរបស់អង្គការ Global Heritage Fund គឺលោក Stefaan Poortman ។