សុន្ទរកថា
សុន្ទរកថារបស់លោកអនុប្រធានទូត Theodore Allegra ការហ្វឹហ្វឺនចល័ត កំរិតខ្ពស់នៃនាយទាហានធ្វើប្រតិបតិ្តការឡើងលើនាវា រៀបចំដោយឆ្មាំសមុទ្រអាមេរិក
មូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ
ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០០៩
ស្ថានទូតអាមេរិកមានឆន្ទៈក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើតគណកម្មាធិការជាតិសន្តិសុខដែនសមុទ្រ និងការលើកកំពស់សមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា អង្គភាពអនុវត្តច្បាប់ដែនសមុទ្ររបស់នគរបាលជាតិកម្ពុជា និងស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ដែលមានការទទួលខុសត្រូវលើសន្តិសុខដែនសមុទ្រ។
វគ្គហ្វឹកហ្វឺនថ្នាក់ខ្ពស់សំរាប់នាយទាហានឡើងលើនាវា ដែលរៀបចំដោយឆ្មាំសមុទ្រសហរដ្ឋអាមេរិកមានបំណងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា ក្នុងការអនុវត្តច្បាប់ផ្នែកដែនសមុទ្ររបស់ខ្លូន និងធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ និងសិទិ្ធមនុស្ស។
ក្រៅពីការបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា ការហ្វឹកហ្វឺននេះបង្ហាញអោយឃើញនូវ ឆន្ទៈរបស់រដ្ឋាភិបាលអាមេរិក ក្នុងការធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋ កម្មអន្តរជាតិតាមដែនសមុទ្រ។
កម្មវិធីហ្វឹកហ្វឺនថ្នាក់ខ្ពស់នៃនាយទាហានឡើងលើនាវា ដែលផ្តល់ដោយឆ្មាំសមុទ្រសហរដ្ឋអាមេរិកគឺជាកម្មវិធីរៀនសូត្រដែលទាមទារការស៊ូទ្រាំ ទាំងខាងផ្លូវចិត្ត ទាំងខាងផ្លូវកាយ។ កម្មវិធីនេះនឹងជួយពង្រឹងជំនាញសំរាប់បុគ្គលិក ដែលមានតួនាទីត្រូវធ្វើប្រតិបតិ្តការឡើងលើនាវាដែលត្រូវបានសង្ស័យ នៅលើផ្ទៃសមុទ្រអន្តរជាតិ។
យើងមានសេចក្តីរីករាយដោយសារការហ្វឹកហ្វឺននេះ ទទួលបានការឧបត្ថម្ភថវិកាដោយសហរដ្ឋ អាមេរិក។ជាផ្នែកមួយនៃយុទ្ធសាស្រ្តរួមដើម្បីលើកកំពស់សន្តិសុខដែនសមុទ្រនៅកម្ពុជា សហរដ្ឋអាមេរិកក៏នឹងបញ្ជូនមកផងដែរនូវនាយទាហានកងទ័ពជើងទឹក ២ រូបនៅមូលដ្ឋានជើងទឹករាម អោយទៅចូលរួមការហ្វឹកហ្វឺនស្តីពីការអនុវត្តច្បាប់ដែនសមុទ្រ នៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញា ឆ្នាំ ២០០៩។ នៅពេលគេត្រឡប់មកវិញ ក្នុងខែធ្នូ ឆ្នាំ ២០០៩ នាយទាហានទាំងនេះ នឹងជួយក្រុមគ្រូហ្វឹកហ្វឺនទី ២ របស់ឆ្មាំសមុទ្រអាមេរិក ដែលនឹងមកមូលដ្ឋានជើងទឹករាម នៅខែកុម្ភៈ ឆ្នាំ ២០១០ ដើម្បីចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺនថ្មីមួយទៀត សំរាប់ កងទ័ពជើងទឹកកម្ពុជា។ តាមរយៈនេះ សហរដ្ឋអាមេរិករំពឹងថា មូលដ្ឋានរាមនឹងអភិវឌ្ឍបានជំនាញថ្មីៗថែមទៀតក្នុងដំណើរការហ្វឹកហ្វឺនលើការអនុវត្តច្បាប់ដែនសមុទ្រ ក្នុងជួរកងទ័ពជើងទឹកកម្ពុជាទាំងមូល។