សុន្ទរកថា
សុន្ទរកថាឯកអគ្គរដ្ឋទូត Carol Rodley ក្នុងពិធីអាហារស្រាយបួស Iftar ក្នុងខេត្តកំពង់ចាម
លោក ស្រី កានឿន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត
អ៊ីម៉ាម ម៉ៅ ទីប អ៊ីម៉ាមរង ខេត្តកំពង់ចាម
អ៊ីម៉ាម ភ្ញៀវកិត្តិយស អស់លោក លោកស្រី
សូមជំរាបសួរ រ៉ាម៉ាដាន ការីម
ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅទីនេះជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ នៅយប់នេះ។ សូមអរគុណដែលបានអញ្ជើញមកចូលរួមជាមួយយើងខ្ញុំ នៅល្ងាចដ៏ល្អនេះ ដើម្បីអបអរបុណ្យរ៉ាម៉ាដាន និងស្មារតីនៃជំនឿ និងការរួមរស់ជាមួយគ្នា។
យប់នេះ យើងអបអរសាសនាដ៏ល្អមួយ។ ខ្ញុំជឿថា សាររបស់លោកប្រធានាធិបតីរបស់យើងសំរាប់បុណ្យរ៉ាម៉ាដាន គឺជាវិធីមួយល្អសំរាប់ចាប់ផ្តើមពិធីនេះ ហើយខ្ញុំគ្មានអ្វីច្រើនសំរាប់បន្ថែមលើសុន្ទរកថារបស់លោកទេ។
តែ ខ្ញុំចង់សង្កត់លើចំណុចដែលលោកបានថ្លែងស្តីពីការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិក ក្នុងការមានទំនាក់ទំនងជាមួយឥស្លាមសាសនិក ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
អស់លោក លោកស្រីប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីក៏បុគ្គលិកស្ថានទូតអាមេរិកខំធ្វើដំណើរមកខេត្តកំពង់ចាម ដើម្បីហូបអាហារស្រាយបួសជាមួយអស់លោក លោកស្រី។ ដូចអស់លោក លោកស្រីបានលឺមកហើយថា លោកប្រធានាធិបតីបានលើកទឹកចិត្តអោយពួកយើងចាប់ផ្តើម និងក្នុងករណីខ្លះ បន្តការសន្ទនា ដែលយើងមានជាមួយសហគមន៍ឥស្លាមសាសនិក នៅជុំវិញពិភពលោក។
ការសន្ទនានេះគឺជាហេតុផលដែលពួកយើងមកទីនេះ។ យើងជឿថា ដើម្បីយល់ពីសហគមន៍ចាមអោយបានច្បាស់ យើងត្រូវស្តាប់ពីកង្វល់របស់អស់លោក លោកស្រី។
យើងដឹងថា បងប្អូនចាមរស់នៅចុះសំរុងបានល្អក្នុងសង្គមកម្ពុជា ហើយថារាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ធ្វើបានល្អច្រើនក្នុងការបន្តដំណើរសមាហរណកម្មនេះ។
យើងដឹងផងដែរថា យើងមានលក្ខណៈត្រូវគ្នាច្រើន តែយើងត្រូវរៀនពីលោក លោកស្រីច្រើនថែមទៀត។
ដូច្នេះ ខ្ញុំសូមអរគុណអស់លោក លោកស្រីដែលបានចំណាយពេលមកចូលរួមនៅល្ងាចនេះ។ ខ្ញុំរីករាយនឹងនិយាយ ស្តាប់ ហើយនិងរៀនសូត្រពីអស់លោក លោកស្រីពេញមួយល្ងាចនេះ ហើយខ្ញុំសូមជូនពរអស់លោក លោកស្រីក្នុងរដូវបុណ្យរ៉ាម៉ាដាននេះ។
សូមអរគុណ។ រ៉ាម៉ាដាន មូបារ៉ាក់។