សុន្ទរកថា
សុន្ទរកថាបើករបស់ឯកអគ្គរដ្ឋទូត Rodley ក្នុងសន្និសីទស្តីពីថាមពល ក្នុងមហាអនុតំបន់ទន្លេមេគង្គ
សណ្ឋាគារ Intercontinental Hotel ភ្នំពេញ
ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០០៩
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ព្រឹកនេះ ខ្ញុំមានសេចក្តីរីករាយសូមស្វាគមន៍អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ចើញមកកកកុញ ដើម្បីចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ស្តីពីការអភិវឌ្ឍថាមពល ក្នុងមហាអនុតំបន់ទន្លេមេគង្គ។
អ្នកចូលរួមក្នុងសន្និសីទនេះគឺជាតំណាងនៃជំនាញឯកទេសជាច្រើន ក្នុងវិស័យថាមពល ដូចជាអ្នកផលិត អ្នកចែកចាយ អ្នកផ្តល់បច្ចេកវិជ្ជា ទីប្រឺក្សាហិរញ្ញវត្ថុនិងច្បាប់ វិស្វករ ទីប្រឹក្សាពិគ្រោះយោបល់ និងមន្ត្រីរដ្ឋាភិបាល។
យើងមានសេចក្តីរីករាយដោយមានការចូលរួមរបស់ក្រុមហ៊ុន GE និង Chevron ដែលជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈរបស់អាមេរិក ។ ក្រុមហ៊ុនទាំងពីរនេះបានយល់ព្រមធ្វើការឧបត្ថម្ភអាហារពេលថ្ងៃត្រង់សំរាប់សន្និសីទនេះ ព្រមទាំងក្រុមហ៊ុន ConocoPhillips, AES, Shlumberger, Dupont, និងក្រុមហ៊ុន Rockwell Automation ។ យើងក៏បានអញ្ជើញផងដែរ នូវក្រុមហ៊ុនដទៃជាច្រើនទៀតរបស់អាមេរិក កម្ពុជា ថៃ វៀតណាម សឹង្ហបូរី ម៉ាឡេស៊ី ចិន និងក្រុមហ៊ុនដទៃទៀត ដែលមានការចាប់អារម្មណ៍ចង់រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពល នៅមហាអនុតំបន់ទន្លេមេគង្គ។
ការចូលរួមរបស់ស្ថាប័នពហុភាគីដែលមានការទទួលស្គាល់ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក គណកម្មាការទន្លេមេគង្គ ក៏នឹងបន្ថែមចំណុចល្អៗ ទៅក្នុងការពិភាក្សា ហើយយើងមានកិត្តិយស ដែលបានទទួលការជួយរបស់គេ។
ខ្ញុំមានសេចក្តីរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ ស្តីពីការអភិវឌ្ឍថាមពលក្នុងមហាអនុតំបន់ទន្លេមេគង្គ បន្ទាប់ពីការចូលរួមរបស់លោកស្រី Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងកិច្ចប្រជុំជាលើកដំបូងបង្អស់ ថ្នាក់រដ្ឋមន្ត្រី ស្តីពីអនុតំបន់ទន្លេមេគង្គ។
ខ្ញុំរឹតតែមានសេចក្តីរីករាយថែមទៀត ដោយដឹងថា បន្ទាប់ពីការប្រឹងប្រែងអស់រយៈពេល ២ ឆ្នាំមក យើងមានសន្និសីទថ្នាក់តំបន់នេះឡើង នៅកម្ពុជា ស្តីពីថាមពល។ តំលៃថាមពលនៅកម្ពុជាស្ថិតក្នុងចំណោមតំលៃដែលថ្លៃជាងគេ នៅអាស៊ី ហើយការភ្ជាប់បណ្តាញថាមពលស្ថិតក្នុងកំរិតទាបជាងគេ តែរដ្ឋាភិបាលមានផែនការធំក្នុងការពង្រីកផលិតកម្ម និងការតភ្ជាប់បណ្តាញថាមពល នៅក្នុងប្រទេស។
មហាអនុតំបន់ទន្លេមេគង្គ
នៅសហរដ្ឋអាមេរិក យើងមានពាក្យទំនៀមមួយ ដែលត្រូវបានដាក់នៅលើត្រាធំរបស់សហរដ្ឋអាមេរិក នៅឆ្នាំ ១៧៨២ ដោយសភាអាមេរិក ។ ពាក្យនេះគឺ “E pluribus unum” ដែលមានន័យថា ចេញពីច្រើន គឺមួយ។ តាមរយៈពាក្យនេះ អ្នកបង្ករបង្កើតប្រទេសរបស់យើងចង់បង្ហាញពីវាសនារួមនៃរដ្ឋនានា។ ប្រហែលជាយ៉ាងដូច្នេះហើយបានជាគំរោងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ត្រូវតាមទស្សនៈរបស់ខ្ញុំ។ វាមានឬសគល់នៅក្នុងគំនិតថា តាមរយៈការធ្វើសហប្រតិបតិ្តការគ្នារវាងប្រទេសជិតខាង ប្រទេសទាំងអស់អាចទទួលផលប្រយោជន៍។
នៅក្រោមកម្មវិធីស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ការអភិវឌ្ឍវិស័យថាមពលក្នុងប្រទេសមួយ នឹងអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់ តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពបំផុតនៃធនធានធម្មជាតិ នៅក្នុងតំបន់។
សេដ្ឋកិច្ចនៅក្នុងមហាអនុតំបន់ទន្លេមេគង្គមានការប្រែប្រួលច្រើន គឺពីកសិកម្មទៅឧស្សាហកម្ម និងសេវាកម្ម ការធ្វើចំណាកស្រុកពីជនបទមកតំបន់ក្រុង។ ការប្រែប្រួលទាំងនេះបង្កើនតំរូវការថាមពលក្នុងពេលប៉ុន្មានទសវត្សខាងមុខនេះ។
បញ្ហាដែលកំពុងតែប្រឈមមុខនឹងមហាអនុតំបន់ទន្លេមេគង្គ ក្នុងវិស័យថាមពល មិនមែនមានលក្ខណៈខុសប្លែកគេនោះទេ ។ កំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងតំបន់កំពុងតែជំរុញកំណើននៃតំរូវការ ក្នុងពេលដែលមនុស្សជិត ៥០ លាននាក់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គមានកង្វះខាតភ្លើងអគ្គិសនីប្រើប្រាស់។
ក្នុងទសវត្សបន្ទាប់នេះ តំរូវការថាមពលនៅថ្នាក់ជាតិត្រូវបានគេរំពឹងថា នឹងបន្តកើនរវាងពី ៧% ទៅ ១៦% ក្នុងមួយឆ្នាំ ឬក្នុងអត្រាលឿនជាងកំណើនដែលត្រូវបានទស្សន៍ទាយ នៃសកម្មភាពសេដ្ឋកិច្ច ដែលជាការដាក់សម្ពាធលើប្រព័ន្ធថាមពលដែលមានស្រាប់ តែបើកឱកាសសំរាប់អ្នកផលិតថាមពលក្នុងតំបន់។
ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងមហាអនុតំបន់ទន្លេមេគង្គនឹងត្រូវការថវិកាវិនិយោគរាប់ពាន់លានដុល្លា ដើម្បីអោយការផ្តត់ផ្គង់ថាមពលរត់តាមទាន់តំរូវការថាមពល។ ព័ត៌មានល្អសំរាប់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ គឺថា ក្រុមហ៊ុន និងមនុស្សម្នាក់ៗដែលយើងបានអញ្ជើញអោយមកប្រជុំគ្នាក្នុងបន្ទប់នេះ នៅថ្ងៃនេះ មានជំនាញបច្ចេកទេស និងធនធានក្នុងការកែប្រែវិស័យថាមពល ក្នុងមហាអនុតំបន់ទន្លេមេគង្គ ។
សារៈសំខាន់នៃថាមពលសំរាប់ការអភិវឌ្ឍន៍តំបន់
ថាមពលរួមផ្សំជាមួយនឹងបច្ចេកវិជ្ជាថ្មីៗនាំអោយមានផលិតភាព និងការរីកចំរើនសេដ្ឋកិច្ច។ នៅពេលណាដែលតំបន់ធ្វើសមាហរណកម្មថាមពលនិងរបបពាណិជ្ជកម្ម ដោយតំបន់ដែលសំបូរធនធានថាមពលអាចចែករំលែកថាមពលទាំងនេះជាមួយអ្នកជិតខាងដែលខ្សត់ធនធាននេះ នោះវានឹងទៅជាគោលដៅដែលមានការទាក់ទាញសំរាប់ការវិនិយោគ ក្នុងផ្នែកកម្មន្តសាល និងឧស្សាហកម្មផ្សេងៗទៀត ដែលប្រើថាមពលច្រើន ដែលជាការនាំអោយមានកំណើនសេដ្ឋកិច្ចថែមទៀត នៅក្នុងតំបន់។
ការក្រលេកមើលទៅប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកអាចផ្តល់មេរៀនសំរាប់ប្រើប្រាស់ក្នុងការកំណត់ផ្លូវទៅមុខសំរាប់តំបន់នេះ។ ថ្វីបើសហរដ្ឋអាមេរិក នៅពេលនេះ មានហេដ្ឋារចនាសម្ព័ន្ធថាមពលជឿនលឿនជាងគេ ក្នុងពិភពលោកក្តី តែកន្លងមកក៏វាមិនមែនចេះតែយ៉ាងដូច្នេះទេ។ កាលពីជិតមួយសតវត្សមុន ក្នុងឆ្នាំ ១៩០៧ មានតែផ្ទះចំនួន ៨% តែប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ដែលមានភ្លើងអគ្គិសនីប្រើប្រាស់ ហើយមានតែរថយន្តចំនួន ៣ ០០០ គ្រឿងប៉ុណ្ណោះ នៅតាមផ្លូវ នៅក្នុងប្រទេស។ តាមរយៈគោលនយោបាយប្រមើលមើលទៅមុខដែលរក្សាអោយមានសហប្រតិបត្តិការគ្នា រវាងរដ្ឋនានារបស់អាមេរិក គួបផ្សំជាមួយនឹងបច្ចេកវិជ្ជាថ្មីៗ ដែលបាននាំដល់ស្ថានភាពពាក់កណ្តាលសតវត្សទី ២០ ដែលក្នុងនោះ ស្ទើរតែគ្រប់ផ្ទះទាំងអស់នៅសហរដ្ឋអាមេរិកមានភ្លើងអគ្គិសនីប្រើប្រាស់ ហើយរថយន្ត និងយន្តហោះបានកែប្រែមធ្យោបាយដឹកជញ្ជូននិងធ្វើដំណើរ ហើយនិងទស្សនៈយល់ឃើញស្តីពី “ចំងាយផ្លូវ”។
ការប្រែប្រួលទាំងនេះក្នុងផ្នែកថាមពល និងការធ្វើដំណើរ/ដឹកជញ្ជូន បាននាំអោយមានការផ្លាស់ប្តូរលើសេដ្ឋកិច្ច និងរបៀបរស់នៅ ដែលជាការជួយអោយសហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ ក្នុងពិភពលោក។
ការអភិវឌ្ឍថាមពល និងការប្រែប្រួលអាកាសធាតុ
បណ្តាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ សព្វថ្ងៃនេះ កំពុងស្ថិតនៅក្នុងដំណាក់ការខុសគ្នានៃការអភិវឌ្ឍន៍ ដោយប្រទេសខ្លះមានហេដ្ឋារចនាសម្ព័ន្ធជឿនលឿនជាងប្រទេសដទៃទៀត។ ប្រៀបមួយដែលប្រទេសកំពុងអភិវឌ្ឍមានទៅលើប្រទេសអភិវឌ្ឍន៍គឺថា គេអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់គេជាថ្មីបាន ដោយមិនបាច់ឆ្លងកាត់ការប្រើបច្ចេកទេសចាស់ហួសសម័យ ដូចដែលប្រទេសអភិវឌ្ឍន៍បានធ្វើកន្លងមកនោះទេ។
ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល នាពេលបច្ចុប្បន្ននេះ ប្រទេសនានាត្រូវតែមានកត្តាសេដ្ឋកិច្ច សង្គម និងនយោបាយច្រើន ដែលមិនត្រូវបានគេគិតគូរទេក្នុងអតីតកាល ដូចជាផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ស្ទើរតែគ្រប់ប្រទេសទាំំងអស់ក្នុងពិភពលោកមានធនធានក្នុងស្រុកយ៉ាងច្រើនសំរាប់ផលិតថាមពលអាចកែច្នៃប្រើប្រាស់វិញបាន ហើយមហាអនុតំបន់ទន្លេមេគង្គក៏មិនខុសពីប្រទេសទាំងនោះដែរ។ ថាមពលអគ្គិសនីនៅពេលខាងមុខទៀតប្រហែលមិនប៉ះពាល់បរិស្ថានច្រើនទេ ..ពីព្រោះវាត្រូវតែអញ្ចឹង... ហើយយើងនឹងឃើញថា បច្ចេកវិជ្ជាថ្មីៗនឹងនាំវិស័យថាមពលតាមទិសថ្មី និងមាននិរន្តភាពច្រើនជាងមុន តាមរយៈការប្រើថាមពលខ្យល់ ឧស្ម័នជីវសាស្រ្ត កំដៅក្នុងផែនដី ថាមពលព្រះអាទិត្យ ចរន្តទឹកសមុទ្រ និងទំរង់ផ្សេងៗទៀតនៃថាមពលដែលគេអាចកែច្នៃប្រើវិញបាន។
ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា ជាបន្ថែមលើសន្និសីទស្តីពីការអភិវឌ្ឍថាមពល ក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ ដែលយើងកំពុងបើកថ្ងៃនេះ នៅដើមឆ្នាំក្រោយ ក្រសួងការបរទេសអាមេរិក រួមជាមួយនឹងក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក នឹងរៀបចំសន្និសីទមួយស្តីពីថាមពលស្អាត នៅទីកន្លែងណាមួយដែលមិនទាន់កំណត់ នៅអាស៊ីអាគ្នេយ៍។ (ចំណាំ៖ យើងនឹងប្រាប់ទីកន្លែងនិងថ្ងៃខែនៃសន្និសីទ បើសិនជាវាត្រូវបានអនុម័តបានឆាប់)។ សន្និសីទនោះមានបំណងពិនិត្យមើលអោយបានជិតដិតលើអ្វីដែលសហរដ្ឋអាមេរិកនិងប្រទេសសមាជិកសមាគមអាស៊ានអាចធ្វើរួមគ្នាបាន ដើម្បីពង្រីកការផ្លាស់ប្តូរថ្មី និងយ៉ាងច្រើននេះក្នុងផ្នែកថាមពល នៅអាស៊ីអាគ្នេយ៍។
លោកអ្នកទាំងអស់គ្នាមើលឃើញសារៈសំខាន់នៃការអភិវឌ្ឍវិស័យថាមពល ក្នុងតំបន់ ដោយសំរេចចិត្តមកចូលរួមក្នុងសន្និសីទនេះ។ ការអភិវឌ្ឍវិស័យថាមពលនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចចាក់គ្រឹះចាំបាច់សំរាប់បង្កើនការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។ ការចូលរួមរបស់លោកអ្នកក្នុងសន្និសីទនេះបង្ហាញថា លោក អ្នកមានការគិតគូរពីសក្តានុពល ដែលមាននៅក្នុងតំបន់នេះ ហើយមានការចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមទៀត ថាតើក្រុមហ៊ុនរបស់លោកអ្នកអាចជួយបាននៅត្រង់ណា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
ខ្ញុំសូមអោយលោក អ្នកគិតពីបទបង្ហាញរបស់វាគ្មិន ដែលមកពីទូទាំងមហាអនុតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ហើយពិភាក្សាជាមួយអ្នកចូលរួមក្នុងសន្និសីទនេះអោយបានច្រើនគ្នាផុត។ យើងបានរៀបចំអោយមានឱកាសច្រើន សំរាប់អោយលោកអ្នកអាចធ្វើការទំនាក់ទំនងគ្នាជាបណ្តាញ ដែលយើងជឿថា លោកអ្នកនឹងយល់ឃើញថា មានប្រយោជន៍ក្នុងការខិតខំរបស់លោកអ្នកក្នុងការរៀនសូត្រពីវិធីដែលលោកអ្នកអាចចូលរួមក្នុងការអភិវឌ្ឍវិស័យថាមពលនៅក្នុងតំបន់ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់។
ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះអ្នករៀបចំសន្និសីទ ដែលបានធ្វើការដោយមិនគិតពីការនឿយហត់ដើម្បីរៀចំសន្និសីទនេះ និងសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសហប្រតិបត្តិការក្នុងការជួយធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ ដ៏មានសារៈសំខាន់នេះ នៅទីក្រុងភ្នំពេញ។
ខ្ញុំសូមអរគុណអស់លោក អ្នកទាំងអស់យ៉ាងកក់ក្តៅ និងសូមអោយសន្និសីទនេះមានជោគជ័យ។