សុន្ទរកថា
សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត Carol Rodley ក្នុងពិធីបើកសន្និសីទស្តីពីអ្នកគ្រប់គ្រងសុខាភិបាលរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ នៅអាស៊ី និងមជ្ឈឹមបូព៌ា
សណ្ឋាគារ Le Meridien សៀមរាប
ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០០៩
ខ្ញុំមានសេចក្តីរីករាយដោយឃើញអ្នកគ្រប់គ្រងធំៗជាច្រើន ផ្នែកសុខាភិបាលមកពីការិយាល័យប្រចាំនៅតំបន់មជ្ឈឹមបូព៌ា និងអាស៊ី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានវត្តមាននៅទីនេះ ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។
នៅក្នុងសុន្ទរកថាមួយកាលពីខែឧសភា ដើម្បីកត់សំគាល់គំនិតផ្តួចផ្តើមថ្មីជាសាកលមួយ ផ្នែកសុខាភិបាល លោកប្រធានាធិបតី អូបាម៉ាបានមានប្រសាសន៍ថា យើងមិនអាចប្រឈមនឹងជំងឺដែលគេអាចការពារបាន តែឯកឯងបានទេ។ ដូចលោកប្រធានាធិបតីបានមានប្រសាសន៍មកថា ការផ្ទុះជំងឺនៅប្រទេសឥណ្តូនេស៊ីអាចរាលដាលដល់រដ្ឋ Indiana តែក្នុងពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ហើយដូចករណីជំងឺផ្តាសាយជ្រូកបានបង្ហាញអោយឃើញស្រាប់ មេរោគអាចរាលដាលពីរដ្ឋ Indiana ទៅប្រទេសឥណ្តូនេស៊ីវិញបាន។ រឿងនេះទាមទារអោយយើងចាត់វិធានការរួមគ្នាដើម្បីសុខភាពជាសាកល
សន្និសីទដូចជាសន្និសីទនេះគឺជាមធ្យោបាយដ៏មានសារៈសំខាន់ សំរាប់ប្រែក្លាយចក្ខុវិស័យរបស់លោកប្រធានាធិបតីអោយទៅជាសកម្មភាពជាក់ស្តែង។ទោះបីជាគេមានមូលដ្ឋាននៅក្នុងប្រទេសខុសគ្នា ដោយប្រទេសមួយៗមានស្ថានភាពជាក់ស្តែងរៀងៗខ្លួនក្តី តែបញ្ហាជាច្រើនដែលគេប្រឈមជាមួយ មានការទាក់ទងគ្នាទៅវិញទៅមក។
សន្និសីទនេះនឹងអនុញ្ញាតិអោយលោក អ្នកចែករំលែកបទពិសោធន៍ល្អៗ ដែលនឹងជួយលោកអ្នក នៅពេលលោកអ្នកត្រឡប់ទៅបំពេញបេសកកម្មរបស់លោកអ្នករៀងៗខ្លួនវិញ។ ខ្ញុំសង្ឃឹមថា សន្និសីទនេះនឹងជួយអ្នកក្នុងការទាក់ទងថ្មីៗ និងពង្រឹងការទាក់ទងមានស្រាប់ ដែលមានជាប់លាប់ជាមួយលោកអ្នក បន្ទាប់ពីលោកអ្នកចាកចេញពីខេត្តសៀបរាបទៅ។
សារៈសំខាន់ជាយុទ្ធសាស្រ្តនៃតំបន់អាស៊ី និងមជ្ឈឹមបូព៌ា ចំពោះសហរដ្ឋអាមេរិក និងរដ្ឋបាលថ្មីត្រូវបានគេមើលឃើញច្បាស់។ រាប់ពីការឈានឡើងរបស់ប្រទេសចិន និងប្រទេសឥណ្ឌាជាមហាអំណាច នៅក្នុងពិភពលោក រហូតដល់ការធានាស្ថេរភាព និងការកសាងឡើងវិញនៃប្រទេសអាហ្កានីស្ថាន និងប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាមេរិកនៅតែមានឆន្ទៈក្នុងការធ្វើការជាមួយបណ្តាប្រទេសនិងប្រជាជន នៅក្នុងតំបន់ទាំងនេះ។
ផ្នែកសំខាន់មួយនៃការទាក់ទងរបស់សហរដ្ឋអាមេរិកជាមួយនឹងតំបន់អាស៊ី និងមជ្ឈឹមបូព៌ាគឺការងារដែលលោកអ្នកធ្វើរាល់ថ្ងៃ ដើម្បីលើកកំពស់សុខភាពរបស់មនុស្សរាប់លាននាក់ នៅក្នុងតំបន់ទាំងនេះ។
សហរដ្ឋអាមេរិកជាអ្នកឈានមុខគេក្នុងការដោះស្រាយសេចក្តីត្រូវការផ្នែកសុខភាព ក្នុងពិភពលោក។ ក្នុងទសវត្សនេះ យើងបានវិនិយោគចំនួនជាង ៤៥ ពាន់លានដុល្លាទៅក្នុងផ្នែកសុខាភិបាលសាកលលោក ហើយមួយចំនួនធំនៃលុយនេះបានដល់បណ្តាប្រទេសនៅអាស៊ី និងមជ្ឈឹមបូព៌ា។
ជាមួយនឹងការវិនិយោគនេះ សហរដ្ឋអាមេរិកបានជួយជីវិតមនុស្សរាប់លាននាក់ពីជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេង។នៅប្រទេសកម្ពុជា ខ្ញុំមានមោទនភាពនឹងនិយាយថា យើងបានធ្វើជាដៃគូជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍បានពាក់កណ្តាល គឺពី ២% ក្នុងឆ្នាំ ១៩៩៨ មកនៅត្រឹម ១% ។ នេះគឺជាជោគជ័យធំមួយក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះជាសាកល។ លោកអ្នកទាំងអស់គ្នាសំរេចបានជោគជ័យដូចគ្នានេះ ដែលលោកអ្នកគួរមានមោទនភាពទៅលើ ហើយខ្ញុំសូមកោតសរសើរចំពោះជោគជ័យនេះ។ ទោះជាមានជោគជ័យធំយ៉ាងដូចនេះក្តី ក៏នៅមានកុមារចំនួន ២៦ ០០០ នាក់ នៅជុំវិញពិភពលោក បន្តស្លាប់រាល់ថ្ងៃដោយសារភាពក្រីក្រខ្លាំងពេក និងជំងឺដែលគេអាចការពារបាន។ ជាការឆ្លើយតបវិញ គំរោងថវិកាឆ្នាំ ២០១០ របស់លោកប្រធានាធិបតីផ្តោតលើបញ្ហាប្រឈមធំផ្នែកសុខភាពជាសាកល ដោយរួមមានសុខភាពមាតានិងទារក ការធ្វើផែនការគ្រួសារ និងជំងឺនៅតំបន់ត្រូពិចដែលមិនទទួលបានការយកចិត្តទុកដាក់ ដោយទន្ទឹមនឹងនោះ នៅបន្តផ្តល់ថវិកាច្រើនសំរាប់ផ្នែកជំងឺអេដស៍។
គំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីមានលក្ខណៈជាយុទ្ធសាស្រ្តរួមច្រើន ក្នុងការលើកកំពស់សុខភាពជាសាកល។ លក្ខណៈសំខាន់ៗរួមមានយុទ្ធសាស្រ្តផ្តោតលើស្ត្រី ការសង្កត់ធ្ងន់លើម្ចាស់ការទទួលខុសត្រូវដោយប្រទេសម្ចាស់ផ្ទះ និងសារៈសំខាន់នៃការកែលំអប្រព័ន្ធសុខាភិបាលទាំងមូល។ គំនិតផ្តួចផ្តើមនេះនឹងចំណាយលុយវិនិយោគសរុបចំនួន ៦៣ ពាន់លានដុល្លាអាមេរិក គិតរហូតដល់ឆ្នាំ ២០១៤ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដូចលោកប្រធានាធិបតី Obama បានមានប្រសាសន៍ថា “ជួយជីវិត កាត់បន្ថយការឈឺចាប់ ទ្រទ្រង់សុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សនៅគ្រប់កន្លែងទាំងអស់។” ថវិកានេះនឹងផ្តល់អោយកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅជុំវិញពិភពលោក នូវធនធានដែលគេត្រូវការដើម្បីធ្វើការអោយចេញជាលទ្ធផល។
ថ្វីត្បិតតែវាគួរជាទីចាប់អារម្មណ៍ដូចទឹកប្រាក់ចំនួន ៦៣ ពាន់លានដុល្លាដែរ តែវាជាការងារដែលយើងធ្វើរាល់ថ្ងៃក្នុងនាមជាអ្នកឯកទេសផ្នែកសុខាភិបាល ដែលនៅទីបំផុតនឹងផ្តល់ផល។ មិនថាអ្នកលោកកំពុងវិភាគទិន្នន័យចុងក្រោយនៃជំងឺអេដស៍ នៅក្នុងប្រទេសរបស់លោកអ្នក តាមដានការងាររបស់មន្ទីរពេទ្យមួយដែលទើបសង់ថ្មី ឬ ដូចអ្វីដែលលោកអ្នកកំពុងធ្វើនៅពេលនេះ គឺការជួបជាមួយសហការីរបស់លោកអ្នក ដើម្បីបញ្ចូលគ្នានូវយុទ្ធសាស្រ្តអោយបានល្អ ហើយចែករំលែកបទពិសោធន៍ការងារល្អៗទេ ការងារដែលលោក អ្នកធ្វើសុទ្ធតែជួយជីវិតមនុស្ស។
លោកអ្នកកំពុងតែនាំមកនូវការផ្លាស់ប្តូរសំរាប់មនុស្សរាប់លាននាក់ លោកអ្នកកំពុងតែបំពេញការងារដ៍អស្ចារ្យតាងនាមអោយរដ្ឋាភិបាល និងប្រជាជនអាមេរិក។
សូមអរគុណ និងសូមអោយការពិភាក្សាជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះប្រកបដោយផ្លែផ្កា និងការយល់ដឹង។