សុន្ទរកថា
សុន្ទរកថារបស់លោកស្រីអនុប្រធានបេសកកម្មទូត Piper Campbell នៅក្នុងពិធីមកដល់កម្ពុជានៃនាវា USS Essex
កំពង់ផែក្រុងព្រះសីហនុ
ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០០៧
ឯកឧត្ដម សាយ ហាក់ អភិបាលក្រុងព្រះសីហនុ
លោកវរនាវីឯក Brian Donegan មេបញ្ជាការនាវា USS Essex
លោកវរនាវីឯក Anthony Pachuta មេបញ្ជាការអង្គភាពប្រយុទ្ធលើផ្ទៃទឹក - លើគោក ទី ១១
លោកវរសេនីយឯក John Mayer មេបញ្ជាការអង្គភាពកងម៉ារីន ទី ៣១
សមាជិកផ្នែកសារព័ត៌មាន
តាងនាមអោយស្ថានទូតអាមេរិកទាំងមូល ខ្ញុំមានកិត្ដិយសសូមស្វាគមន៍នាវា USS Essex និងអង្គភាពកងម៉ារីន ទី ៣១ ដែលបានមកដល់ទីក្រុងព្រះសីហនុ ។ ដូចអស់លោក លោកស្រីដឹងស្រាប់ហើយ នេះជាទស្សនកិច្ចលើកទី ២ តែប៉ុណ្ណោះរបស់នាវាចំបាំងសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ដោយនាវាដែលមកទស្សនកិច្ចលើកមុនគឺនាវាឈ្មោះ USS Gary ដែលបានមកដល់កាលពីដើមឆ្នាំនេះ ។
ទស្សនកិច្ចទាំងនេះសបង្ហាញអោយឃើញពីការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ។ ប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្ដិការជិតស្និទ្ធលើបញ្ហាមួយចំនួន ដូចជាការរុករកអិដ្ឋិធាតុ យុទ្ធជនអាមេរិកបាត់ខ្លួន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងការហ្វឹកហ្វឺនសំរាប់ប្រតិបត្ដិការថែរក្សាសន្ដិភាព ។ ទស្សនកិច្ចរបស់នាវា USS Essex នឹងពង្រឹងទំនាក់ទំនងជាដៃគូទាំងនេះថែមទៀតហើយជួយធ្វើអោយ ទំនាក់ទំនងល្អរបស់យើងមានភាពជ្រាលជ្រៅ ។
ចំណុចសំខាន់មួយនៃទស្សនកិច្ចនេះគឺថា ជនជាតិខ្មែររាប់ពាន់នាក់នឹងមានឱកាសបានប្រាស្រ័យជា មួយឯកអគ្គរដ្ឋទូតដ៏ល្អបំផុតរបស់អាមេរិក ដែលមិនមែនជាអ្នកការទូតទេ តែជាទាហានម៉ារីននិងទាហាន ជើងទឹក ។ នាវិករាប់រយនាក់របស់នាវា Essex នឹងផ្ដល់ការព្យាបាលជំងឺទូទៅនិងជំងឺធ្មេញដល់បជាជន កម្ពុជានៅ តាមតំបន់ជនបទ ជួសជុលសាលារៀន ធ្វើសកម្មភាពនានាជាមួយក្មេងៗ និងចែករបស់អំណោយដូចជាសៀវភៅ របស់ក្មេងលេងសំលៀកបំពាក់ និងគ្រឿងផ្គត់ផ្គង់ផ្នែកពេទ្យ នៅទូទាំងប្រទេសកម្ពុជា គឺពីក្រុងព្រះសីហនុដល់ខេត្ដកំពង់ចាម ពីខេត្ដព្រះវិហារដល់ខេត្ដកំពង់ឆ្នាំង ។ ខ្ញុំគិតថា គ្មានអ្វីជានិមិត្ដរូបនៃចំណងមិត្ដភាពរវាងប្រជាជនអាមេរិកនិងប្រជាជនកម្ពុជាប្រសើរជាងគំរោងដោយផ្ទាល់ ទាំងនេះរវាងប្រជាជននិងប្រជាជនទេ ។
នៅទីបញ្ចប់ ខ្ញុំសូមសំដែងអំណរគុណចំពោះឯកឧត្ដមអភិបាលក្រុងព្រះសីហនុនិងរាជរដ្ឋាភិបាល កម្ពុជាទាំងមូលចំពោះការជួយធ្វើអោយដំណើរទស្សនកិច្ចជាប្រវត្ដិសាស្ដ្រនេះមានជោគជ័យ ហើយខ្ញុំសូម អរគុណអ្នកដឹកនាំនាវានិងទាហានជើងទឹកនិងទាហានម៉ារីនទាំងអស់នៅលើនាវាចំពោះការប្ដេជ្ញាចិត្ដរបស់ ពួកគេក្នុងការលើកកំពស់មិត្ដភាពរវាងកម្ពុជានិងសហរដ្ឋអាមេរិក ។ សូមអោយអ្នកទទួលបានជោគជ័យ គ្រប់ប្រការក្នុងបេសកកម្មដ៏សំខាន់នេះ ។