កម្មវិធីផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ
កម្មវិធីស្តីពីការសំរេចបាននិងភាពល្អប្រពៃក្នុងការបង្រៀន ឆ្នាំ ២០១០
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ថ្ងៃសុក្រ ទី ២២ ឧសភា វេលាម៉ោង ៥ ល្ងាច
 |
| IREX |
ស្ថានទូតអាមេរិកនៅភ្នំពេញសូមប្រកាសការប្រលងបើកចំហមួយសំរាប់គ្រូបង្រៀនថ្នាក់មធ្យមសិក្សា នៅកម្ពុជា។ កម្មវិធីស្តីពីការសំរេចបាននិងភាពល្អប្រពៃក្នុងការបង្រៀននឹងផ្តល់អោយគ្រូថ្នាក់មធ្យមសិក្សាចំនួន ១៥៦ នាក់ មកពីទ្វីបអឺរ៉ុបនិងអឺរ៉ុបអាស៊ី អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក អាស៊ីភាគនិរតី អាស៊ីខាងត្បូងនិងអាស៊ីកណ្តាល អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក និងអឌ្ឍគោលភាគខាងលិច នូវឱកាសពិសេសក្នុងការពង្រឹងជំនាញឯកទេសក្នុងមុខវិជ្ជារបស់គេ ពង្រឹងជំនាញរបស់គេក្នុងការបង្រៀន និងបង្កើនការយល់ដឹងរបស់គេស្តីពីសហរដ្ឋអាមេរិក។ សិក្ខាកាមអន្តរជាតិនឹងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកជា ២ ក្រុម ដោយមួយក្រុមៗមានគ្រូពី ៧៥ ទៅ ៧៨ នាក់ នៅរាល់និទាឃរដូវ ឬនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០១០។ កម្មវិធីនេះរួមមានការរៀនក្នុងថ្នាក់ និងការរៀនសូត្រស្តីពីវិធីសាស្រ្តបង្រៀន ការរៀបប្លង់មេរៀន និងយុទ្ធសាស្រ្តបង្រៀនស្របតាមបរិយាកាសនៅតាមប្រទេសរបស់សិក្ខាកាម ព្រមទាំងការប្រើកុំព្យូទ័រសំរាប់បើកចូលអ៊ិនធ័រនែត វាយឯកសារ និងមធ្យោបាយបង្រៀន។ កម្មវិធីរយៈពេល ៦ សប្តាហ៍នេះរួមមានផងដែរនូវរយៈពេលហាត់ការចំនួន ២ សប្តាហ៍ ក្នុងសាលាមធ្យមសិក្សាមួយ ដើម្បីអោយសិក្ខាកាមចូលរួមសកម្មជាមួយគ្រូនិងសិស្សអាមេរិក។ ក្នុងកម្មវិធីនេះក៏មានផងដែរនូវការធ្វើដំណើរទៅទីតាំងវប្បធម៌ និងជំនួយទាក់ទងនឹងការសិក្សា សំរាប់សិក្ខាកាម។
លក្ខណៈសម្បតិ្តរបស់បេក្ខជន៖
គ្រូបង្រៀនពេញម៉ោងនៅសាលាមធ្យមសិក្សាបានយ៉ាងតិច ៥ ឆ្នាំ ក្នុងមុខវិជ្ជាភាសាអង់គ្លេស វិទ្យាសាស្រ្តសង្គម (មុខវិជ្ជាសិក្សាសង្គម ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ឬភូមិវិទ្យា) គណិតវិទ្យា និងវិទ្យាសាស្រ្ត
ជាពលរដ្ឋកម្ពុជា រស់នៅលើទឹកដីកម្ពុជា
ចេះនិយាយនិងសរសេរអង់គ្លេសបានល្អ
បន្តបង្រៀនយ៉ាងហោចណាស់ ៥ ឆ្នាំទៀត បន្ទាប់ពីចូលរួមក្នុងកម្មវិធី និង
ពាក្យសុំមានលក្ខណៈពេញលេញល្អ។
កម្មវិធីស្តីពីការសំរេចបាននិងភាពល្អប្រពៃក្នុងការបង្រៀនគឺជាកម្មវិធីរបស់ការិយាល័យកិច្ចការអប់រំនិងវប្បធម៌របស់ក្រសួងការបរទេសអាមេរិក ហើយត្រូវបានដំណើរការដោយ អង្គការ IREX ដែលជាអង្គការមិនស្វែងរកកំរ៉ៃ និងមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ កាលបរិច្ឆេទឈប់ទទួលពាក្យសុំពីពលរដ្ឋកម្ពុជាដែលចង់ប្រលងចូលរួម គឺថ្ងៃសុក្រ ទី ២២ ឧសភា វេលាម៉ោង ៥ ល្ងាច។