កម្មវិធី & ព្រឹត្តការណ៍ផ្សេងៗ
- បកប្រែ:
- English
បណ្ណាល័យអាមេរិកនៅខេត្តកំពង់ចាមអបអរទិវាផែនដីជាមួយនឹងការបោសសំអាតវត្ត
ថ្ងៃទី ២២ មេសា ឆ្នាំ ២០០៩
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០០៩ លោក Theodore Allegra អនុប្រធានបេសកកម្មទូតអាមេរិក នៅទីក្រុងភ្នំពេញ បានជួបជាមួយសិស្សនិងនិស្សិតមួយក្រុម នៅឯបណ្ណាល័យរបស់ស្ថានទូតអាមេរិក នៅខេត្តកំពង់ចាម។ ក្រុមសិស្សនិងនិស្សិតនោះបានពិភាក្សាពីបញ្ហាបរិស្ថានដែលប្រឈមមុខនឹងប្រជាជនកម្ពុជា និងសារៈសំខាន់នៃការយល់ដឹងពីបរិស្ថាន។ ការបោសសំអាតគឺជាការងារដំបូងក្នុងចំណោមការងារមួយចំនួនរបស់ស្ថានទូតអាមេរិក ដើម្បីអបអរទិវាផែនដី ឆ្នាំ ២០០៩។
សិស្សទាំងនោះជាអ្នកទទួលបានអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសរបស់ស្ថានទូត និងសមាជិកក្លឹបភាសាអង់គ្លេសនៅទីនោះ ដែលធ្វើការប្រជុំទៀងទាត់ នៅបណ្ណាល័យអាមេរិក នៅខេត្តកំពង់ចាម។ ប្រធានបទដែលត្រូវបានលើកយកមកពិភាក្សា មានដូចជា សារៈសំខាន់នៃការអភិរក្ស កម្មវិធីស្តីពីបរិស្ថានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅកម្ពុជា និងវិធីដែលប្រទេសដទៃដោះស្រាយបញ្ហាបរិស្ថាន។ ក្នុងពេលជួបគ្នានោះ លោក Allegra បានធ្វើការកត់សំគាល់ថា ក្នុងនាមជាពលរដ្ឋកម្ពុជា ពួកគេគឺជាម្ចាស់នៃធនធានធម្មជាតិនិងធនធានជីវសាស្រ្តចំរុះរបស់ប្រទេស ហើយលោកបានជំរុញអោយពួកគេស្វែងរកវិធីការពារធនធានទាំងនោះ។
បន្ទាប់ពីការប្រជុំនោះ លោកអនុប្រធានទូតបានធ្វើដំណើរទៅវត្តនគរបាជ័យ ដែលជាវត្តសល់ពីសម័យមុនអង្គរ ស្ថិតនៅក្រៅទីរួមខេត្តកំពង់ចាម។ ពួកគេបានជួយសំអាតទីតាំងវត្ត ដោយប្រមូលសំរាមនិងដបជ័រ បណ្តើរ បន្តការពិភាក្សាបណើ្តរស្តីពីការថែរក្សាបរិស្ថាន នៅក្នុងតំបន់។