jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន (Tier 2 Watch List)

     កម្ពុជាគឺជាប្រទេសប្រភព ប្រទេសឆ្លងកាត់ និងជាប្រទេស​គោល​ដៅសំរាប់​បុរស​ស្រ្តី​ និង​កុមារ ដែល​​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ ដើម្បី​បំណង​កេង​ប្រវ័ញ្ជ​ផ្លូវភេទ និងការចាប់​បង្ខំ​អោយ​ធ្វើ​ពលកម្ម។  ស្ដ្រី​និង កុមារ​ត្រូវ​បាន​គេ​ជួញ​ដូរ ទៅ​ប្រទេស​ថៃ​និងប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​​អោយ​ធ្វើ​ពលកម្ម​តាម​បែប​រង​ការ​កេង​ប្រវ័ញ្ច​ និងអោយបំរើ​ពេ​ស្យា​ចារ​ដោយ​បង្ខំ។ ចំណែក​បុរសកម្ពុជា​ខ្លះ ដែល​ធ្វើ​ចំណាក​ស្រុក​ដោយ​ចិត្ដ​ឯង​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ីដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ បាន​ធ្លាក់​ក្នុង​ស្ថាន​ភាព​ត្រូវ​បាន​គេបង្ខំ​អោយ​ធ្វើ​ពល​កម្មធ្ងន់​ធ្ងរ​ក្នុង​ទូក​នេ​សាទ សំណង់ និងកសិ​ឧស្សា​ហកម្ម ។ស្ដ្រី និង​កុមារ​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​បាន​និយាយ​ពីការ​ត្រូវ​បាន​គេបង្ខំ​អោយ​ធ្វើការ​ធ្ងន់​​ នៅ​ទី​នោះ ​បន្ទាប់​ពី​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ទី​នោះ​ តាម​រយៈ​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករកម្ពុជា។ កុមារ​កម្ពុជាត្រូវ​បាន​ជួញ​ដូរ​ទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​អោយ​​ដើរ​សុំ​ទាន លក់​ស្ករគ្រាប់ឬ​ផ្កា ឬ​ខាត់​ស្បែក​ជើងអោយ​គេ ។ ឳពុក​ម្តាយ​ពេល​ខ្លះ​លក់​កូន​របស់គេ​អោយ​ធ្វើ​ខ្ញុំ​គេ ដោយ​ដើរ​សុំ​ទាន លក់​អោយ​ផ្ទះបន​អោយ​គេ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ ឬ​អោយ​ធ្វើ​ខ្ញុំ​បំរើ​តាម​ផ្ទះ។ នៅ​ប្រទេសកម្ពុជា កុមារ​ត្រូវ​បាន​គេ​ជួញ​ដូរ​អោយ​ដើរ​សុំ​ទាន​គេ ដើរ​រើស​របស់​តាម​គំនរ​សំរាម ធ្វើការ​នៅ​តាម​ស្រែ​អំបិល តាម​កន្លែង​ផលិត​ឥដ្ឋ​ ក្បឿង និងកន្លែងយក​ថ្ម។

     នៅ​ប្រទេស​កម្ពុជា មួយភាគ​ធំ​នៃ​ជន​រង​គ្រោះដោយ​ការ​ជួញ​ដូរ​គឺជានារីភេទ​អោ​យ​ធ្វើ​ជា​ពេស្យាគឺ​​ជន​ជាតិ​វៀត​ណាម ដែល​មាន​អ្នក​ខ្លះ​កើត​​នៅ​ប្រទេស​​វៀត​ណាម។ ការ​ជួញ​ដូរ​​កុមាររីនិង​នា​រីកម្ពុជា និងវៀតណា កើត​មាន​ក្នុង​​រង្វង់ព្រំដែ​ន​ប្រទេស​កម្ពុជា​​ផង​ដែរ ពីតំបន់​​ជន​បទ​មក​​ទីក្រុង​ភ្នំពេញ សៀម​រាប និង​ក្រុង​ព្រះ​សីហនុ ដើម្បី​បង្ខំ​​អោយ​ធ្វើ​​ជា​ស្រី​ពេ​ស្យា តាម​​ផ្ទះ​បន​និង​​ខា​រ៉ា​អូ​ខេ...។ អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ប្រព័ន្ធឃោសនា​​បានបង្ហាញ​អោយ​ឃើញថា ការ​ជួញដូរ​ផ្លូវភេទ​នៅក្នុងប្រទេស​លើស្រ្តីនិង​កុមារី​ជាក្រុម​ជនជាតិភាគ​តិច​និង​​ជនជាតិ​វៀតណាម​​គឺជាបញ្ហា​មួយដែល​មានកាន់​តែច្រើន​ឡើង។ ការលក់កុមារី​នៅព្រហ្មចារី​​នៅតែ​ជា​បញ្ហា​​នៅក្នុង​ប្រទេស ដោយ​មានបុរស​ជាជន​បរទេស (ភាគ​ច្រើន​ជនជាតិ​អាស៊ី) និងបុរស​កម្ពុជា ហ៊ានអោយ​ថ្លៃពី ៨០០ ទី ៤ ០០០ ដុល្លា​អាមេរិក សំរាប់​ការរួមភេទ​ជាមួយ​កុមារី​ព្រហ្មចារីទាំងនោះ។ កម្ពុជាគឺ​ជា​ប្រទេស​គោល​សំរាប់​ទេសចរ​ផ្លូវ​ភេទបរទេស ដែល​ចង់​រួម​ភេទ​ជា​មួយ​កុមារ ដោយ​មាន​បុរស​ជន​ជាតិ​អាស៊ី​កាន់​តែ​ច្រើន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​រួម​ភេទ​ជាមួយ​កុមា​រីព្រហ្ម​ចារីដែល​មិន​ទាន់​គ្រប់​អាយុ ។​ នារីខ្មែរ​ខ្លះ​ដែល​បាន​ធ្វើ​អន្ដោ​ប្រវេសន៍​ទៅ​កោះ​តៃវ៉ាន់ ដោយ​សារ​អាពាហ៍​ពិពាហ៍​តាម​រយៈ​ក្រុមហ៊ុន​រៀប​ចំ​អាពាហ៍​ពិពាហ៍​អន្ដរ​ជាតិ នៅទី​បំផុត ត្រូវ​បាន​គេជួញ​ដូរ​អោយ​ធ្វើ​ជា​ស្រី​ពេស្យា ឬបង្ខំអោយ​ធ្វើ​ពលកម្ម​។

     រដ្ឋាភិបាលកម្ពុជាមិនគោរពបានពេញលេញ​តាម​បទ​ដ្ឋាន​អប្បប​រិមា សំរាប់​ការ​បំបាត់​ការ​ជួញ​ដូរ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏រដ្ឋា​ភិបាល​កំពុង​តែ​ខិតខំ​ច្រើន​គួរ​អោយ​កត់​សំគាល់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញ​​ដូរ​នេះ ។ ទោះបី​ជារួ​ម​ មានការ​ខិតខំយ៉ាងនេះក្តី ក៏រដ្ឋាភិបាលមិនបាន​បង្ហាញ​អោយ​ឃើញ​នូវ​ភស្តុតាង​នៃ​ភាព​ជឿន​លឿន​ក្នុងការ​កាត់ទោសនិងដាក់​ទោស ហើយនិងដាក់ទណ្ឌកម្មលើជនល្មើស​ដែល​ប្រព្រឹត្តអំពើ​ជួញ​ដូរ​មនុស្ស រួម​ទាំង​មន្រ្តី​សាធារណៈ​ដែល​ឃុបឃិត​ជាមួយ​ ឬក្នុងការការពារជនរង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរឡើយ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវ​បានដាក់ក្នុង​លំដាប់ថ្នាក់លេខ ២ ក្នុងបញ្ជីងតាម​ដាន។ ក្រោយ​ការ​អនុម័ត​ច្បាប់​មួយដែល​​​មានខ​ប្រឆាំងនឹង​ការជួញ​ដូរមនុស្ស កាលពី​ខែកុម្ភៈ ឆ្នាំ ២០០៨ រដ្ឋាភិបាល​បានដាក់​ទោស​ករណី​ប្រព្រឹត្ត​ការ​ជួញ​ដូរ​ចំនួន ១២  ហើយបាននាំ​យកមក​កាត់ទោស​នូវករណីជួញ​ដូរចំនួន ៧១ ក្នុងឆ្នាំ​កន្លងទៅ​នេះ ។ នេះ​មាន​​ការថយចុះ​ច្រើនក្នុង​ចំនួនករណី​ដាក់ទោសពី​ឆ្នាំទៅដែល​មានចំនួន ៥២ ។ ក្រៅពី​នេះ រដ្ឋាភិបាល​មិន​បាន​​យកមក​កាត់ទោស​និងដាក់ទោស​មន្រ្តីដែលមាន​ការពាក់ព័ន្ធ​ក្នុងការជួញ​ដូរ ទោះបី​ជាមាន​អំពើ​ពុករ​លួយ​ច្រើន​ទាក់ទងនឹង​ការជួញ​ដូរ នៅកម្ពុជាក្តី។ ការខិតខំ​ដើម្បីការពារ​និងជួយ​ជនរង​គ្រោះមិន​មាន​កំណើន​ទេ ក្នុង​អំឡុង​ពេលក្រោម​របាយការណ៍​នេះ ហើយ​ជនរងគ្រោះ​នៅតែត្រូវ​បានគេ​ធ្វើការ​ជួញដូរ​និង​ធ្វើទារុណ​កម្ម​ចំពោះ​អំពើដែល​ជាលទ្ធផល​ដោយផ្ទាល់​នៃការរង​ការជួញ​ដូរ រួមទាំង​ការអោយ​ធ្វើពេស្យា។ ក្នុងឆ្នាំ ២០០៨ មានសេច​ក្តីរាយការណ៍​ពីនារីពេស្យា​ត្រូវបាន​ឃុំនិងរំលោភ​ធ្វើបាប​រាងកាយ​ដោយ​នគរបាល និង​មន្រ្តីក្រសួង​​​សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ​សម្បទារ។

អនុសាសន៍​សំរាប់​ប្រទេស​កម្ពុជាៈ បង្រៀន មន្ដ្រី​អនុវត្ដច្បាប់ និង​មន្ដ្រី​រដ្ឋា​ភិបាលផ្សេងទៀត អោយផ្តោតលើ​ការ​អនុវត្ត​បញ្ញាតិ​ស្តី​ពីការ​ជួញ​ដូរមនុស្ស ដែលមានចែងក្នុងច្បាប់​ដែល​ត្រូវបាន​អនុម័ត​កាលពីខែ​កុម្ភៈ ឆ្នាំ ២០០៨ ដោយបង្កើន​អោយ​បាន​ច្រើន​នូវការ​នាំខ្លួន​មក​កាត់​ទោស​ ដាក់​ទោស​និងទ​ណ្ទកម្ម​ដល់​ជន​ប្រព្រឹត្ដការ​ជួញ​ដូរ  ប្រឹង​ប្រែង​ច្រើន​ថែម​ទៀត ក្នុង​ការ​នាំ​យក​មកកាត់​ទោស ដាក់​ទោស និងដាក់​ទណ្ឌ​កម្ម​ព្រហ្មទ​ណ្ឌ​លើ​មន្ដ្រី​ពាក់​ព័ន្ធ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស ដាក់​អោយ​ទីភ្នាក់​ងារ​ជ្រើស​រើស​កម្មករ​ទទួល​ខុស​ត្រូវ​តាម​បទ​ព្រហ្ម​ទណ្ឌ ក្នុង​ការ​ជ្រើស​រើស​កម្មករ​ដោយ​បោក​បញ្ឆោត បន្ដ​លើក​កំពស់​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​អន្ដរទី​ភ្នាក់​ងារ និង​កិច្ច​សហ​ការ​ ជាពិសេស​រវាង​មន្រ្តីរដ្ឋាភិបាល និងមន្រ្តីផ្នែក​អនុវត្តច្បាប់ដែលធ្វើការ​លើ​ផ្នែក​ជួញ​ដូរ បង្កើន​ការ​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​រក​មើល​ជន​រង​គ្រោះ​ ក្នុង​ចំណោម​ក្រុម​ជន​ងាយ​រង​គ្រោះ ដូចជា​ស្រ្តី​និង​កុមារ​បរទេស​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ពេស្យាចារ​ ដាក់​ចេញនូវ​និតិ​វិធី​ដើម្បី​ធានាថា​ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ ដាក់​ពន្ធនាគារ ឬ​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​ដោយ​ប្រការ​ណាមួយចំពោះ​អំពើ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​សារ​មូល​ហេតុ​ផ្ទាល់​នៃការ​រង​ការ​ជួញ​ដូរ​  ធ្វើ​យុទ្ធនា​ការ​លើក​កំពស់​ការ​យល់​ដឹង​របស់​សា​ធារណៈ​ ក្នុង​គោលបំណង​កាត់​បន្ថយតំរូវ​ការ​របស់​មនុស្ស​ក្នុងស្រុក​និងទេសចរ​អាស៊ី​ទៅ​លើ​របរ​រក​ស៊ី​ផ្លូវ​ភេទ។

ការនាំខ្លួនយកមកកាត់ទោស
          រដ្ឋាភិបាលកម្ពុជាបាន​អនុវត្ដច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​មិន​បាន​​ជាប់​លាប់​ល្អ​ទេ ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ ។ ច្បាប់​ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៨ ​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវ​កម្ម​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​មាន​និយាយ​ពី​បទ​ល្មើស​ជា​ច្រើន​ ដោយ​មាត្រា​ព្រហ្មទណ្ឌ​ចំនួន​ ១២ ក្នុង​ចំណោម​មា​ត្រា​​ព្រហ្មទណ្ឌចំនួន ៣០ ​ក្នុង​ច្បាប់​នេះ​ ចែង​ច្បាស់​ពី​បទ​ល្មើស​ក្នុងការ​ជួញ​ដូរ​មនុស្ស។

     ច្បាប់​នៅ​កម្ពុជា​ហាម​ប្រាម​​គ្រប់​ទំរង់​ទាំង​អស់​នៃ​ការ​ជួញ​ដូរ​មនុស្ស ចែង​ពី​ការ​ដាក់​ទោសចំពោះ​បទ​ល្មើស ដែល​មាន​ភាព​ម៉ឺង​ម៉ាត់​គ្រប់​គ្រាន់ និង​ស្រប​តាម​ទោស​សំរាប់​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរដទៃ​ទៀត ដូច ជា​ការ​រំលោភ​សេព​សន្ទវៈ ។នៅ​ក្រោម​ច្បាប់​ថ្មី រដ្ឋា​ភិបាល​បាន​លើ​ជន​ល្មើស​ប្រព្រឹត្តការ​ជួញ​ដូរ​មនុស្ស​ចំនួន ៧១ ករណី​ ក្នុង​អំឡុងពេល​ក្រោម​របាយការណ៍នេះ។  ដោយ​សារ​ច្បាប់​ថ្មី​ចែង​ពី​ទោស​ច្រើន​ប្រភេទនិងកំរិត គេ​ឃើញ​ថា​ មិនមែន​គ្រប់​មន្រ្តី​រដ្ឋា​ភិបាល​ទាំង​អស់​ទេដែល​ធ្វើ​ការ​ចែក​អោយ​ដាច់​ស្រឡះ​ពីគ្នា​រវាង​មាត្រា​​ស្តីពី​បទ​ល្មើស​ជួញ​ដូរ​ និង​បទ​ល្មើស​មិន​ទាក់​ទងនឹង​ការ​ជួញ​ដូរ ដូចជា​ពេស្យាចារ រូបអាស​អាភាស និង​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ។ ដូច្នេះ សមត្ថកិច្ចផ្តោត​តែទៅលើបទល្មើសទាក់ទងនឹងពេស្យាចារ ហើយ​មន្រ្តីនគរបាល តុលា​ការ​ និងមន្រ្តីរដ្ឋាភិបាលជាច្រើនជឿថា  ការអនុវត្តមាត្រាទាំង​អស់​នៃ​ច្បាប់​ទាក់ទងនឹង​ពេស្យាចារ​ ជួយដល់​ការងារ​ប្រឆាំងនឹង​ការ​ជួញ​ដូរ​មនុស្ស។ បន្ទាប់ពីការអនុម័តច្បាប់ នគរបាល​កម្ពុជា​បាន​ធ្វើការ​ឆ្មក់​ជាច្រើន​លើ​ផ្ទះ​បន ហើយ​បាន​ឃាត់ខ្លួន​ស្រ្តី​ជា​ច្រើន​​ដែល​បំរើ​ផ្លូវ​ភេទ ដោយមិន​បាន​ចាប់ខ្លួន​ ស៊ើបអង្កេត ឬ​ចោទ​ប្រកាន់​មនុស្ស​ជា​ច្រើន​ពី​បទ​ជួញ​ដូរ​មនុស្ស។ លើស​ពីនេះ​ទៀត ស្រ្តី​ដែលត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ពេស្យាកម្ម អាច​មានខ្លះ​ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ ថ្វី​បើ​នគរ​បាល​មិន​សូវ​​ចាត់​ទុក​ពួក​គេ​យ៉ាង​ដូច្នេះ ជួយ​ឬ​ការពារ​ពួកគេទេ។ តុលាការ​ក្រុងភ្នំពេញ​បានដាក់​ទោសដល់​ជន​ប្រព្រឹត្តការ​ជួញ​ដូរ​ចំនួន ១១ នាក់ និង​បាន​ផ្តើម​កាត់ទោសជនល្មើស​ចំនួន ២២ នាក់ នៅឆ្នាំ ២០០៨ ។ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០០៧ មាន ៥២ នាក់។ ក្នុងរយៈពេល​នៅ​ក្រោម​របាការណ៍នេះ តុលាការខ្លះនៅកម្ពុជា​បាន​ចោទ​ប្រកាន់​ជន​ល្មើស​ក្នុងការ​ជួញ​ដូរក្នុង​កំរិត​ស្រាល ដែល​​នាំដល់​ការ​​ជាប់​ពន្ធ​នា​គារ​រយៈ​​ពេល​ខ្លី។

     នគរបាលកម្ពុជាបាននិយាយថា គេ​បានចាប់ខ្លួន​ជនប្រព្រឹត្ត​ការជួញ​ដូរចំនួន ៤១ នាក់ ក្នុង​អំឡុង​ពេលក្រោម​​របាយ​ការណ៍នេះ។ តែ ពេលខ្លះ នគរបាល​មិនអនុវត្ត​តាមការ​ស្រាវជ្រាវ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅតាម​កន្លែងកំសាន្ត​​នានា​ក្នុង​ក្រុងភ្នំពេញ ខេត្តសៀមរាប​ និង​ក្រុងព្រះ​សីហនុ ដែលមាន​ការចោទប្រកាន់ថា មានការជួញដូរ​មនុស្ស។ អ្នក​សង្កេតការណ៍​​ខ្លះ​នៅតែ​និយាយពី​អសមត្ថភាព​ជាទូទៅ​របស់សមត្ថកិច្ច និង​មន្ត្រីរដ្ឋា​ភិបាល​ដទៃទៀត ក្នុងការ​ធ្វើសកម្មភាព​តាមព័ត៌មាន​ដែល​ត្រូវ​​បានផ្តល់​អោយ។ ក្រសួង​មហាផ្ទៃបាន​ផ្តល់ការ​បណ្តុះបណ្តាល​ដល់មន្រ្តីនគរ​បាលខ្លះស្តី​ពីច្បាប់ថ្មីក្នុង​ការបង្ក្រាប​ការជួញ​ដូរ​មនុស្ស​និងការកេង​ប្រវ័ញ្ចផ្លូវ​ភេទ។ មានសេចក្តី​រាយការណ៍​ថា កម្មករ​ចំណាកស្រុក​កម្ពុជាបាន​ក្លាយជា​ជនរង​គ្រោះដោយ​ការ​ជួញ​ដូរ ដោយសារ​ស្ថានភាព​រងការកេង​ប្រវ័ញ្ជនៅក្នុង​ប្រទេសដែល​គេទៅ ដូចជា​ប្រទេសម៉ា​ឡេស៊ី។ រដ្ឋាភិបាលមិនបាន​​និយាយ​ពីការកាត់​ទោសឬការ​ដាក់ទោស​ដល់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ ដែល​រងការចោទ​ប្រកាន់ពី​បទជួញដូរ​ពលករ។ ពីខែ​មេសា ឆ្នាំ ២០០៨ ដល់​ខែវិច្ឆិកា ឆ្នាំ ២០០៨ រដ្ឋាភិបាល​បានហាម​ប្រាមលើ​អាពាហ៍​ពិពាហ៍​រវាងជន​បរទេសនិង​ជនជាតិ​ខ្មែរ ដោយ​​សារមាន​កង្វល់ថា ស្រ្តីខ្មែរ​ខ្លះអាច​រងនឹង​ការជួញដូរ ហើយ​បន្ទាប់មក បានអនុវត្ត​ច្បាប់ថ្មីក្នុង​បំណង​ការពារកុំ​អោយមាន​ការជួញ​ដូរតាម​រយៈការ​រៀបការ​ជាមួយ​ជនបរទេស។។

     អំពើពុករលួយមានជាទូទៅនៅ​ប្រទេស​កម្ពុជា ហើយ​ជា​​ទូទៅ គេ​ជឿ​​ថា បុគ្គល​ជាច្រើន រួម​​ទាំង​មន្ដ្រី​ប៉ូលីស និង​មន្ដ្រី​តុ​លា​ការ​ផង មាន​ការ​​ពាក់​ព័ន្ធ​​ក្នុង​ការ​​ជួញ​ដូរ​​មនុស្ស ។ នគរបាល​មូលដ្ឋាន​និង​មន្រ្តីរដ្ឋាភិ​បាលត្រូវបាន​គេដឹង​ថា បាន​ជំរិត​ទារ​ប្រាក់ ឬទទួល​សំណូកពី​ម្ចាស់ផ្ទះ​បន ដោយខ្លះ​យកជា​រៀងរាល់​ថ្ងៃ ទើប​អនុញ្ញាតិអោយ​មានការ​បន្តរកស៊ី​តទៅទៀត​បាន។ ដោយលើក​ឡើងពី​ការខ្វះ​ភស្តុតាង កាលពី​ខែកញ្ញា ឆ្នាំ ២០០៨ តុលា​ការក្រុង​ភ្នំពេញបាន​ដំកល់ មិន​ព្រមចាត់​ការលើ​ករណី​អតីត​ប្រធាន​​សាលា​ឧទ្ទរណ៍ ដែលត្រូវ​បានដក​ចេញពី​ដំណែងនៅ​ឆ្នាំ ២០០៧ ដោយ​សារតាម​សេចក្តី​រាយការណ៍មក ថាបាន​ទទួល​លុយ​ចំនួន
៣០ ០០០ ដុល្លា ជាថ្នូរ​និងការ​ដោះលែង​ម្ចាស់​ផ្ទះបន ២ នាក់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ការជួញ​​ដូរមនុស្ស។ ម្ចាស់ផ្ទះ​បននោះ នៅពេល​បន្ទាប់​មក ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ ហើយ​ស្ថិត​ក្នុងពន្ធនាគារ​នៅឡើយ។ អតីត​​ប្រធាន​សាលា​ឧទ្ទរណ៍នោះ​​បន្ទាប់​មក ត្រូវ​បានតែង​តាំង​អោយ​កាន់តំណែង​ជា​មន្រ្តី​ម្នាក់ ក្នុង​រដ្ឋាភិ​បាល ហើយស្ថិត​នៅ​ក្រោម​ការ​ស៊ើប​​អង្កេតនៅ​ឡើយ។ នៅក្នុងអំឡុងពេល​ក្រោម​របាយការណ៍​នេះ មន្រ្តី​នគរបាល​អន្តោប្រវេសន៍​ពីរនាក់​ត្រូវបាន​ដកចេញ​ពី​ដំណែង ដោយ​សារអំពើ​ពុករលួយ ហើយ​នៅពេល​នេះ នៅមិន​ទាន់ដឹងទេ​ថា តើពួក​គេត្រូវបាន​អនុញ្ញាតិ​អោយកាន់​មុខដំណែង​ផ្សេង​ទៀត​ដែរឬ​អត់។មិនមាន​មន្រី្តណាម្នាក់​ត្រូវបានកាត់​ទោសឬដាក់​ទោសពី​បទផ្សំ​គំនិតទាក់​ទងនឹងការ​ជួញដូរ​មនុស្ស​ទេ។

ការការពារ (Protection)
          រាជរដ្ឋាភិបាលកម្ពុជាមិន​បានបង្កើន​ការខិត​​ខំរបស់​ខ្លួន ដើម្បី​​ផ្ដល់​ការ​​ការ​ពារ​​ដល់​ជន​រ​ង​គ្រោះ​​ដោយ​ការ​​ជួញ​ដូរ​​មនុស្សទេ​ ក្នុង​អំឡុង​ពេលក្រោម​របាយការណ៍​នេះ។ រដ្ឋាភិបាល​មិនបាន​រៀបចំ​អោយ​មាន​ទី​ជំរកឬ​ផ្តល់​ជំនួយ​ពិសេស​ណាមួយ​​សំរាប់​​ជន​​រង​គ្រោះ​​​ដោយ​សារ​​ការជួញ​​ដូរទេ។ រដ្ឋាភិបាល​បន្ត​បញ្ជូន​ជនរងគ្រោះ​ទៅ​អោយ​​កន្លែង​ទទួល​​របស់​​អង្គ​​ការ​មិន​​មែន​រដ្ឋា​​ភិបាល តែខ្លួន​​ឯងមិន​មានជួយ​អ្វីលើស​ពីនេះទេ។ ជនរង​គ្រោះ​ជា​ជនបរទេស​នៅកម្ពុជា​មានតែ​ជនជាតិ​វៀតណាម​ទេ  ពួកគេ​ត្រូវ​បាន​ទទួល​អោយ​ស្នាក់នៅ​បណ្តោះ​អាសន្ន​​នៅកន្លែង​ជំរករបស់​​អង្គការ​មិនមែន​រដ្ឋាភិ​បាល ដែលផ្តល់​សេវា​ប្រឹក្សា អប់រំ និង​សេវា​ច្បាប់ ក្នុងពេល​រង់ចាំ​មាតុភូមិ​និវត្តន៍ ថ្វីបើ​មានកន្លែង​ទទួល​របស់​អង្គការ​មិនច្រើន ដែល​អាច​ផ្តល់​ការ​​ថែ​ទាំដល់​​ជន​រង​​គ្រោះ​ជា​ជន​​ជាតិវៀត​ណាម​ ដោយ​សារខ្វះ​សមត្ថភាព​ផ្នែកភាសា​បរទេស។ ថ្វីបើ​នារីខ្លះ​ដែលបំរើ​ក្នុង​ពេស្យាចារ​ទទួល​​បាន​ការ​​ជួយ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្តី តែមាន​គេនិយាយ​ថា មានខ្លះ​ទៀតត្រូវ​នគរបាល​នាំទៅ​អោយ​ម្ចាស់​ផ្ទះបន ឬឳពុក​ម្តាយ​របស់​គេ ហើយនៅ​ទីបំផុត ត្រូវ​ត្រឡប់​មកផ្ទះ​បនវិញ។ មាន​គេនិយាយ​ផងដែរ​ថា មន្រ្តី​នគរបាល​និងឆ្មាំខ្លះ​ដែលធ្វើ​ការនៅ​មជ្ឈ​មណ្ឌល​​ស្តារ​ឡើង​​វិញរបស់​​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធជន​ និងយុវនិតិ​សម្បទារ បាន​រំលោភផ្លូវ​ភេទ វាយដំ និងជំរិត​ទារ​ប្រាក់​​ពី​នារី​ដែល​ត្រូវបាន​​សង្គ្រោះ នៅក្នុង​ការ​​ឆ្មក់ចូល។ ច្បាប់ស្តី​ពីការបង្ក្រាប​ការ​ជួញ​ដូរមនុស្ស​និងការកេង​ប្រវ័ញ្ចផ្លូវ​ភេទមិន​មាន​បញ្ញាតិ​ស្តីពី​ការការពារ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ទូទៅទេ។  ប៉ូលីស​​លើក​ទឹក​​ចិត្ដ​អោយ​​ជន​រង​គ្រោះ​ចូល​រួម​​ក្នុង​ការ​​ស៊ើប​​អង្កេត និង​កាត់​​ទោស​ជ​ន​ប្រព្រឹត្ដ​​ការ​ជួញ​​ដូរ តែ​​​ការប្រព្រឹត្តមកលើ​​កន្លងមក​របស់​ម្ចាស់​ផ្ទះ​បន និងអ្នក​ផ្តល់​ស្រីអោយ ការ​​ភ័យ​ខ្លាច​​ការ​សង​​សឹក​ពីជន​​ប្រព្រឹត្ត​ការ​ជួញដូរ​ និង​អំពើពុក​​រលួយ​​របស់​នគរបាល​ ក្នុង​​ករណីខ្លះ ​នៅ​តែ​​ជា​ឧបសគ្គ សំរាប់​​អោយ​ពួក​គេ​ឡើ​ងឆ្លើយ​​បំភ្លឺ ។ នគរបាល មន្រ្តី​តុលា​ការ​ និង​ចៅក្រម​ច្រើនតែមិន​បានចែក​ជនរង​គ្រោះដាច់​ពីជនល្មើស​ ក្នុង​ការ​ឆ្មក់ចូល ចាប់​ឃាត់ខ្លួន និងកាត់​ទោស។ ជនប្រព្រឹត្ត​អាណា​ចារបរទេស​ពេលខ្លះ​បានរួចខ្លួន​ដោយ​បង់លុយ​អោយជន​រងគ្រោះ​ ឬ​គ្រួសារ​របស់គេ​អោយ​បញ្ឈប់ការ​ធ្វើសហ​ប្រតិប​ត្តិការជា​មួយ​​សមត្ថ​កិច្ច​ ឬ​អង្គការ​មិន​មែន​​រដ្ឋាភិ​បាល។ រដ្ឋាភិបាល​​មិន​បាន​​ផ្តល់​ការ​ការពារ​សាក្សី​ចំពោះ​ជនរង​គ្រោះទេ រួម​ទាំងអ្នក​ចូលរួម​ក្នុងការ​កាត់ទោស​ជនប្រព្រឹត្ត​ការ​ជួញ​ដូរផង​ដែរ។ ក្នុងករណី​ជួញ​ដូរ​​មួយនៅ​ក្រុងព្រះ​សីហនុ ជន​សង្ស័យ​ប្រព្រឹត្ត​អាណាចារ​លើកុមារ និងមិត្ត​ស្រីរបស់​គេ (ជនសង្ស័យថា​បាន​ប្រព្រឹត្ត​ការជួញ​ដូរ) ត្រូវ​​បានដាក់​អោយនៅ​ក្រៅឃុំ​ ហើយ​ក្រោយមក​បាន​គំរាម​កំហែង​គ្រួសារ​ជនរង​គ្រោះ ហើយ​​ទាមទារ​​អោយ​មាន​ការ​បញ្ជូន​​ជន​គ្រោះ​​ទៅ​អោយ​​ពួកគេ​​វិញ។ ថ្វីបើ​ជន​រង​​គ្រោះ​អាច​ដាក់​​ពាក្យ​​បណ្ដឹង​​រដ្ឋ​ប្បវេណី ហើយ​​ប្ដឹង​ទៅ​​លើ​ជន​​ប្រព្រឹត្ដ​​ការ​ជួញ​ដូរ​​មនុស្សក្តី​ តែពួក​​គេ​ភាគ​ច្រើន​មិន​មានធន​ធាន​សំរាប់​ប្តឹង​យ៉ាង​ដូច្នេះទេ។ ក្នុងឆ្នាំ ២០០៨ ក្រសួង​សង្គមកិច្ច​បានដាក់​ជន​រងគ្រោះ​​កម្ពុជា​​ដែល​ត្រូវ​​បាន​​ជួញ​ដូរទៅ​​ប្រទេស​ថៃចំនួន ១០១ នាក់នៅក្នុ​ងមជ្ឈមណ្ឌល​ទទួល​អោយស្នាក់​នៅ​បណ្តោះ​អាសន្ន ដែល​​គ្រប់​គ្រង​រួមគ្នា​ដោយ​​ក្រសួង​សង្គមកិច្ច​​និងអង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ IOM នៅប៉ោយ​ប៉ែត។ ក្រសួង​សង្គម​កិច្ច​បាននិយាយ​​ថា បាន​ទទួលជន​រងគ្រោះ​ដោយការ​​ជួញដូរផ្លូវ​ភេទសរុប​ចំនួន ៥០៥ នាក់ ពីនគរ​បាល​មូលដ្ឋាន​។ បើ​យោល​ទៅ​តាម​​អង្គការ UNIAP មួយ​ចំនួនធំ​នៃជន​​ទាំង ៥០៥ នេះគឺ​ជានារី​រងស៊ី​ផ្លូវភេទ​តាម​ការស្ម័គ្រ​ចិត្ត មិន​មែន​ជនរងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ទេ។

ការបង្ការ (Prevention)
     រាជរដ្ឋាភិបាលកម្ពុជាបានសំដែង​អោយ​​ឃើញ​នូវ​​ការខិត​ខំ​មិនសូវ​ច្រើន​ទេក្នុង​​ការ​ការ​ពារ​កុំ​អោយ​​មាន​ការ​​ជួញ​ដូរ​មនុស្ស ក្នុងឆ្នាំ​​កន្លង​​ទៅ​នេះរ ។ រដ្ឋាភិបាល​​បាន​ធ្វើ​យុទ្ធនាការ​​លើក​កំពស់​​ការ​យល់​ដឹង​របស់​សាធារណ​ជនខ្លះ ដើម្បី​កាត់បន្ថយ​តំរូវការ​​ដ៏​ច្រើន​លើ​ពេស្យាចារ​កុមារ​ដោយ​​ជន​ប្រព្រឹត្ត​​អាណា​ចារ​​កម្ពុជា​​និង​ជនជាតិ​អាស៊ី​ផ្សេង​​ទៀត។ នៅខែ​​មិនា ឆ្នាំ ២០០៨ ​ក្រុម​​ការ​ងារ​ពិសេស​​ថ្នាក់​ជាតិ​មួយ (NTF) ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​បាន​​ធ្វើ​យុទ្ធ​នា​ការ​ទូ​ទាំង​​ប្រទេស​​ប្រឆាំងនឹង​ការ​ជួញ​ដូរ និង​ការ​​ពិភាក្សា​ថ្នាក់​ជាតិ​​មួយ​ស្តី​ពី​ការ​ជួញ​​ដូរ​ តាម​​រយៈ​វេ​ទិ​ការសាធារណៈ​​ នៅតាម​ខេត្ត​ចំនួន ៥ ក្នុង​ប្រទេស​កម្ពុជា ដែល​​បាន​បន្ត​​រហូតដល់​ខែកក្កដា ឆ្នាំ ២០០៨។ វេទិការ​នេះ​ធ្វើ​​អោយសហគមន៍​​នានា​យល់​ដឹង​ពីច្បាប់​ថ្មីស្តី​ពី​​ការ​បង្ក្រាប​​ការ​ជួញ​​ដូរ​មនុស្ស និង​ការកេង​​ប្រវ័ញ្ច​ផ្លូវភេទ ទំរង់​នានានៃ​ការ​ជួញ​ដូរ និងនិន្នា​ការថ្មីៗក្នុង​​ការ​ជួញ​ដូរ។ ក្រសួង​ទេសចរណ៍​បាន​បន្តធ្វើ​កិច្ច​​សហ​​ប្រតិបត្តិ​ការជាមួយ​អង្គការមិន​មែនរដ្ឋា​ភិបាល​មួយ លើ​​ការឃោសនា​ពាណិជ្ជ​កម្មតាម​កូន​សៀវភៅ​សំរាប់​អ្នកទេសចរ​ ដោយ​ព្រមា​នពីទណ្ឌកម្ម​លើការ​ធ្វើទេសចរណ៍​ដោយ​មាន​ការរួម​ភេទ​ជា​មួយ​កុមារ ហើយ​ថែមទាំង​បានបន្ត​ធ្វើសិក្ខា​សាលា​សំរាប់​​បុគ្គ​លិក​និងថៅកែ​ក្នុងឧស្សាហកម្ម​ទេសចរណ៍ ស្តីពីវិធី​រកមើល​និងធ្វើអន្តរាគម​ក្នុងករណី​មានទេស​ចរកេង​ប្រវ័ញ្ចផ្លូវ​ភេទ និងជួញ​​ដូរកុមារ។ រដ្ឋាភិ​បាល​បាន​ធ្វើ​អោយ​​មានការ​ដាក់ទោស​ដល់ជន​បរទេស ៦ នាក់ ដែល​បានប្រព្រឹត្ត​អាណា​ចារលើ​កុមារ​កម្ពុជា តែទោះ​បី​ក្នុងឆ្នាំ​នោះដែរ មាន​ករណី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​លើជន​បរទេស ២ ករណី ដែល​ត្រូវបាន​រាយការណ៍​មកថា ត្រូវ​​បានព្យួរ ក្នុង​នោះជន​ប្រព្រឹត្ត​អាណា​ចារជាជន​ជាតិរុស្ស៊ី​ម្នាក់​ផង ដែលបាន​រត់គេច​ចេញពី​ប្រទេស ក្នុងពេល​ត្រូវបាន​ដាក់អោយ​​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​រយៈពេល ៦ ខែ នៃការ​ឃុំខ្លួន​មុនសវនា​ការ។​ កង​កំលាំង​កម្ពុជា​ដែលចូល​រួមក្នុង​ការថែ​រក្សាសន្តិភាព​នៅ​បរទេស​ បាន​ទទួល​ការបណ្តុះ​បណ្តាល​ស្តីពីការ​ជួញដូរ​មនុស្ស មុនពេល​ចាកចេញ​ទៅបំពេញ​បេសកកម្ម។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក