កម្មវិធីផ្សេងៗ ក្នុងឆ្នាំ២០១២
- បកប្រែ:
- English
វេទិកាធុរកិច្ចអាមេរិក អាស៊ាន ពង្រឹងចំណងទាក់ទងផ្នែកសេដ្ឋកិច្ច
អត្ថបទសរសេរដោយ Victor Duncan | ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២
សុន្ទរកថារបស់លោកស្រីរដ្ឋមន្រ្តី Clinton និងការចូលរួមរបស់មន្រ្តី និងតំណាងក្រុមហ៊ុនអាមេរិក នៅក្នុងសន្និសីទនេះបង្ហាញអោយឃើញនូវការមើលឃើញពីសារៈសំខាន់កាន់តែច្រើនឡើង នៃតំបន់អាស៊ីចំពោះសេដ្ឋកិច្ចសាកលលោក ។
នៅថ្ងៃទី១៣ ខែកក្កដា លោកស្រី Hillary Rodham Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអញ្ជើញទៅខេត្តសៀមរាប ដើម្បីជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងមេដឹកនាំជំនួញចំនួន ២០០ នាក់ ដែលមកពីសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ាន ក្នុងសន្និសីទ ដែលមានឈ្មោះថា “ការប្តេជ្ញាចិត្តធ្វើការភ្ជាប់ការទាក់ទងគ្នា៖ វេទិកាធុរកិច្ចអាមេរិក អាស៊ាន”។ ពិធីនោះត្រូវបានរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក។
មេដឹកនាំមកពីវិស័យឯកជន និងវិស័យសាធារណៈបានចូលរួមក្នុងសនិ្នសីទនោះ ដើម្បីពិភាក្សាពីឱកាស និងបញ្ហាប្រឈម ដែលនឹងកំណត់ទិសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ សន្និសីទនោះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះការដឹកនាំនិងគ្រប់គ្រងសេដ្ឋកិច្ច និងការជួយដល់ក្រុមហ៊ុនអាមេរិក នៅបរទេស។
ជាមួយនឹងការចូលរួមរបស់មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក អាស៊ាន និងតំណាងមកពីក្រុមហ៊ុនជំនួញអាមេរិក រាប់ពីសហគ្រាសតូច មធ្យម ដល់ក្រុមហ៊ុនធំៗ ដែលមានឈ្មោះល្បីនៅក្នុងតំបន់ វេទិកាបានដាក់ចេញអនុសាសន៍សំរាប់ពង្រឹងភាពប្រកួតប្រជែងជាសាកលរបស់អាស៊ាន និងលើកកំពស់ចំណងទាក់ទងគ្នាផ្នែកជំនួញរបស់អាមេរិក និងផ្នែកជំនួញរបស់អាស៊ាន។ មេដឹកនាំក្រុមហ៊ុន និងអ្នកធ្វើគោលនយោបាយបានពិភាក្សាគ្នាពីបញ្ហាប្រឈមចំពោះការពង្រឹងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានការទាក់ទងគ្នាជាសាកល និងមានសមាហរណកម្មគ្នាក្នុងតំបន់។
ថ្លែងទៅកាន់វេទិកាទាំងមូលក្នុងពេលពិសារភោជនាហារ លោកស្រីរដ្ឋមន្រ្តី Clinton បានថ្លែងសង្កត់លើទិដ្ឋភាពសេដ្ឋកិច្ចនៃការទាក់ទងរបស់សហរដ្ឋអាមេរិកនៅអាស៊ី។ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយអាស៊ាន តាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈផ្នែកការទូត ភាពបើកចំហផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។ ការជំរុញការនាំចេញ និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ច របស់លោកស្រីរដ្ឋមន្រ្តី Clinton ។
សនិ្នសីទនេះមានឡើងតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចាប់ផ្តើមរបស់លោកស្រីរដ្ឋមន្រ្តីនូវគំនិតផ្តួចផ្តើមស្តីពីការទាក់ទងជាយុទ្ធសាស្រ្ត នៅអាស៊ីប៉ាស៊ីហ្វិក (APSEI) ដែលជាការឈានមួយកំរិតយ៉ាងធំក្នុងការទាក់ទងរបស់សហរដ្ឋអាមេរិកជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងជំរុញស្ថេរភាពតំបន់ ជួយដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងជំរុញសេដ្ឋកិច្ចតំបន់រួមគ្នាមួយ ដែលនឹងផ្តល់ប្រយោជន៍ដល់អនាគតរួមគ្នារបស់យើង។ ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាសសរស្តម្ភសំខាន់នៃគំនិតផ្តួចផ្តើមនេះ APSEI ដើរតួនាទីស្នូលក្នុងការរួមចំណែកដល់លទ្ធផលនៃសន្និសីទ ដោយបង្កើនក្តីសង្ឃឹមនៃកំណើនកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន។
សុន្ទរកថារបស់លោកស្រីរដ្ឋមន្រ្តី Clinton និងការចូលរួមរបស់មន្រ្តី និងតំណាងក្រុមហ៊ុនអាមេរិក នៅក្នុងសន្និសីទនេះបង្ហាញអោយឃើញនូវការមើលឃើញពីសារៈសំខាន់កាន់តែច្រើនឡើង នៃតំបន់អាស៊ីចំពោះសេដ្ឋកិច្ចសាកលលោក និងការរៀបចំឡើងវិញទៅតាមហ្នឹង នូវទំរង់នៃការចូលរួមជាអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលក្នុងនោះ ទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន អាមេរិក ដើរតួនាទីយ៉ាងសំខាន់មួយ។
- Share
- Delicious
- Digg
- StumbleUpon

