សហរដ្ឋអាមេរិកផ្ដល់ជំនួយថវិកាជិត ១ លានដុល្លាសំរាប់អភិរក្សប្រាសាទភ្នំបាក់ខែង
សៀមរាប
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៨
 |
ប្រាសាទភ្នំបាក់ខែង (រូបថតរបស់ WMF/Glenn Boornazian). រូបពង្រីក |
លោកស្រី Piper A.W. Campbell ភារធារីស្ថានទូតអាមេរិក បានប្រកាសនៅថ្ងៃនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយថវិកាចំនួន ៩៧៨ ៧០៥ ដុល្លាអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត សំរាប់ការអភិរក្សវប្បធម៌ អោយទៅមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្ដការងារថែរក្សា និងអភិរក្សប្រាសាទភ្នំបាក់ខែង ដែលស្ថិតនៅក្នុងតំបន់ប្រាសាទបូរាណអង្គរ ។ សេចក្ដីប្រកាសនេះត្រូវបានធ្វើនៅខេត្ដសៀមរាប ក្នុងអង្គប្រជុំគណៈកម្មាធិការបច្ចេកទេសលើកទី ១៧ របស់គណកម្មាធិការសំរបសំរួលអន្ដរជាតិសំរាប់ទីតាំងប្រវត្ដិសាស្ដ្រអង្គរ ។
ក្នុងសេចក្ដីប្រកាសរបស់លោកស្រី លោកស្រីភារធារី Campbell បានមានប្រសាសន៍ថា"ទីក្រុងប្រវត្ដិសាស្ដ្រអង្គរគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងអស្ចារ្យក្នុងពិភពលោកផ្នែកស្ថាបត្យកម្ម និងវប្បធម៌ ។ ការអភិរក្សប្រាសាទក្នុងទីក្រុងនេះ ដែលជាផ្នែកសំខាន់មួយនៃប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា គឺជាមធ្យោបាយមួយដើម្បីជំរុញអោយមានសន្ដិភាព និងវិបុលភាពនៅប្រទេសកម្ពុជា ។ ដូច្នេះអំណោយថវិកានេះគឺជាកាយវិការផ្នែកការទូតដ៏សំខាន់មួយ ហើយគេគួរកត់សំគាល់ថាអំណោយថវិកានេះមានទៅបានដោយសារសភាសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ខ្លាំង ។"
អំណោយថវិកាថ្មីនេះនឹងធ្វើអោយ WMF អាចដំណើរការដំណាក់កាលទី ២ នៃការងារអភិរក្សនៅប្រាសាទភ្នំបាក់ខែង ដែលផ្ដោតជាសំខាន់លើផ្នែកខាងកើតរបស់ប្រាសាទ ដែលជាផ្នែកចំមុខ និងទទួលរងការខូចខាតច្រើនជាងគេនៃទីតាំងនេះ ។ ដំណាក់កាលទី ២ នឹងដោះស្រាយបញ្ហាបន្ទាន់បំផុតខ្លះ នៅប្រាសាទភ្នំបាក់ខែង ដូចជាការពារសំណង់ប្រាសាទកុំអោយខូចថែមទៀតដោយរក្សាលំនឹងការពារទឹកជ្រាប ជួសជួល និងកសាងឡើងវិញខ្លះ ។ ដំណាក់កាលទី ១ នៃការងាររបស់ WMF ទៅលើប្រាសាទ ដែលត្រូវបានធ្វើពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ជាមួយនឹងជំនួយថវិកាដោយឡែកចំនួន ៥៥០ ០០០ ដុល្លាអាមេរិក ពីក្រសួងការបរទេសសហរដ្ឋអាមេរិក រួមមានការស្រាវជ្រាវផ្នែកបុរាណវិទ្យា ការសិក្សាវាយតំលៃពីការអភិរក្ស ការបង្កើតផែនការសំរាប់គ្រប់គ្រងផ្នែកទេសចរណ៍ និងវិធានការអភិរក្សបន្ទាន់ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជួយថវិកាជាង ៨៦៦ ០០០ ដុល្លាអាមេរិកដល់គំរោងអភិរក្សវប្បធម៌ នៅប្រទេសកម្ពុជា ហើយសារមន្ទីរ និងមូលនិធិនៅសហរដ្ឋអាមេរិក បន្ដធ្វើការជាមួយភាគីកម្ពុជាលើការងារជួសជុល និងរៀបចំកាតាឡុកនៃវត្ថុមានតំលៃរបស់ប្រទេសកម្ពុជា ។ លើសពីនេះទៀត សហរដ្ឋអាមេរិកនិងកម្ពុជាកំពុងតែរៀបចំបន្ដកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ២០០៣ ដែលរឹតត្បិតការនាំវត្ថុបូរាណខ្មែរទៅក្នុងសហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀងនេះធ្វើអោយរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំទៅនូវរូបចំលាក់អប្សរា ដែលត្រូវបានគេលួចនាំយកទៅកាន់សហរដ្ឋអាមេរិក ។
ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០១ មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ជួយប្រទេសដែលមិនសូវមានការអភិវឌ្ឍន៍ក្នុងការអភិរក្សវត្ថុតំកល់ក្នុងសារៈមន្ទីរទីតាំងប្រវត្ដិសាស្ដ្រ និងទីតាំងបូរាណ ទំរង់នៃការសំដែងតាមបែបប្រពៃណីជួយពង្រឹងអត្ដសញ្ញាណវប្បធម៌ សាមគ្គីភាពរបស់សហគមន៍ ។ មូលនិធិនេះផ្ដល់ឱកាសអោយស្ថានទូតអាមេរិកសំដែងចេញដោយផ្ទាល់នូវការគោរពរបស់ប្រទេសអាមេរិក ចំពោះបេតិកភណ្ឌវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបេតិកភណ្ឌទាំងនោះ ។ ចាប់តាំងពីពេលត្រូវបានបង្កើតឡើងមូលនិធិនេះបានផ្ដល់ថវិកាជំនួយសំរាប់ការអភិរក្សចំនួន ៤៣៦ លើកហើយក្នុងប្រទេសចំនួន ១១៩ ។
មូលនិធិប្រាសាទពិភពលោកគឺជាអង្គការឯករាជ្យឈានមុខគេមួយ ដែលធ្វើការដើម្បីស្រោចស្រង់ទីកន្លែងអស្ចារ្យនានាក្នុងពិភពលោក ដែលមានបន្សល់ទុកនូវដានអារ្យធម៌ ។ អស់រយៈកាលជាង ៤០ ឆ្នាំមកហើយ ដោយធ្វើការនៅតាមប្រទេសជាង ៩០ អ្នកជំនាញចំណានៗរបស់ WMF បានប្រើបច្ចេកទេសដ៏មានប្រសិទ្ធិភាព ដើម្បីធ្វើការអភិរក្សទីកន្លែងបូរាណនានាដែលមានតំលៃនៅក្នុងពិភពលោក ។ ដោយធ្វើជាដៃគូជាមួយសហគមន៍មូលដ្ឋាន និងម្ចាស់ជំនួយថវិកានិងរដ្ឋាភិបាល WMF បំផុសអោយមានស្មារតីថែរក្សានិងអភិរក្ស សំរាប់មនុស្សជំនាន់ក្រោយ ។ WMF មានទីស្នាក់ការធំនៅទីក្រុងញូយ៉កព្រមទាំងមានការិយាល័យ និងសាខានៅទូទាំងពិភពលោក ។