ការសំដែងតួផ្នែកទីផ្សារៀបចំដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្ដរជាតិបង្រៀនកុមារ នូវចំណុចជាមូលដ្ឋានដំបូងៗ នៃមុខជំនួញ និងពាណិជ្ជកម្ម
ខេត្ដកំពង់ចាម
ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០០៨.
 |
កូនសិស្ស "លក់" ផ្លែឈើ ក្នុងការសំដែង ផ្នែកទីផ្សា នៅសាលាបឋមសិក្សាក្រែក ។ រូបពង្រីក |
តាមធម្មតា ទីធ្លាក្នុងសាលាបឋមសិក្សាក្រែក នៅក្នុងភូមិក្រែក ខេត្ដកំពង់ចាម មានសភាពស្ងប់ស្ងាត់ ។ កុមារជជែកលេង និងរត់លេង នៅពេលចេញលេង ហើយគ្រូប្រមូលផ្ដុំគ្នាក្នុងម្លប់ ដើម្បីពិភាក្សាពីព្រឹត្ដិការណ៍ប្រចាំថ្ងៃ ។ តែនៅថ្ងៃធ្វើការមួយ កាលពីពេលថ្មីៗនេះ នៅដើមខែមិថុនា គេឃើញមានសភាពហ៊ឹកហ៊ាក់ ដូចក្នុងទីផ្សាដែលមានមនុស្សកកកុញនៅក្នុងទីក្រុងភ្នំពេញអញ្ចឹង ។
កូនសិស្សរាប់រយនាក់ប្រញ៉ាប់ប្រញ៉ាល់ដើរពីតូបមួយទៅតូបមួយ ដែលលក់ចំនីអាហារ ដូចជានំបញ្ជុក នំប៉័ង និងស្ករគ្រាប់ ជាផ្នែកមួយនៃការសំដែងផ្នែកទីផ្សា ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្ដរជាតិ (USAID) ។ ពិធីនេះមានបំណងបង្រៀនកូនសិស្ស ពីចំណុចដំបូងៗចាំជាមូលដ្ឋាននៃការប្រកបមុខជំនួញ និងធ្វើពាណិជ្ជកម្ម ។ អ្នកលក់ពពាយនាយលក់ទំនិញរបស់គេ អ្នកទិញតថ្លៃ ហើយមានការហុចលុយទៅទោះបីជាវាមិនមែនជាលុយពិតប្រាកដក្ដី តែមេរៀនដែលគេបានរៀនពីនេះគឺជាមេរៀនពិត ។ សកម្មភាពនៅក្រែកនេះគឺជាពិធីរៀបចំមួយក្នុងចំណោមពិធីសំដែងផ្នែកទីផ្សា ទាំង ២៤ ដែលរៀបចំឡើងដោយ USAID ក្នុងខែនេះ នៅខេត្ដកំពង់ចាម ក្រចេះ និងមណ្ឌលគីរី ។
ជាប សេរីណែត កុមារីជាកូនសិស្សអាយុ ១២ ឆ្នាំ បាននិយាថា "យើងសប្បាយនឹងចូលរួមក្នុងពិធីនេះណាស់ ហើយយើងបានរៀនសូត្រនូវមេរៀនល្អៗបានច្រើន ។ សេរីណែត និងមិត្ដរួមថ្នាក់ ៤ នាក់ទៀតរបស់នាងបានលក់នំប៉័ង ហើយបានចំណេញ ១៥ ភាគរយ នៅថ្ងៃនោះ ។ នាងនិយាយថា "យើងលក់បានចំណេញណាស់ ហើយយើងនឹងយករបស់នេះទៅលក់មែនទែន ក្នុងភូមិរបស់យើង ។"
ការសំដែងផ្នែកទីផ្សាបង្រៀនកុមារនូវជំនាញជាមូលដ្ឋាន ដែលគេត្រូវការសំរាប់ចាប់ផ្ដើមប្រកបមុខរបរ ។ ក្នុងពេលប៉ុន្មានសប្ដាហ៍មុនពេលរៀបចំពិធីនេះ កូនសិស្សបានប្រមូលលុយក្លែងក្លាយ ដើម្បីអោយមានការចូលរួមបានច្រើន ហើយធ្វើការងារ ដូចជាសំអាតធ្លាសាលារៀន ។ បន្ទាប់មក គេប្រើលុយនេះដើម្បីរៀបចំគំរោងផែនការមុខរបរ រកគ្រឿងផ្គត់ផ្គង់ ហើយបើអ្វីៗដំណើរការទៅបានល្អគេបានចំណេញ ។
សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីគាំទ្រតាមរយៈវិស័យអប់រំដល់ប្រជាជនដែលមិនសូវទទួលបានសេវាបំរើ (ESCUP) មានទឹក ប្រាក់ ៤,៤៥ លានដុល្លាអាមេរិក របស់ USAID ។ កម្មវិធីនេះដំណើរការដោយអង្គការអប់រំពិភពលោក និង វិទ្យាស្ថានអាមេរិកសំរាប់ការស្រាវជ្រាវ ។ កម្មវិធីនេះមានបំណងលើកកំពស់គុណភាព និងផ្ដល់លទ្ធភាពក្នុងការទទួលបានការសិក្សាអប់រំ សំរាប់ក្រុមមនុស្សដែលមិនសូវទទួលបានការយកចិត្ដទុកដាក់ ដូចជាអ្នកក្រីក្របំផុត ក្រុមជនជាតិភាគតិច និងជនពិការ ដោយផ្ដល់ជំនាញបំនិនជីវិត អាហារូបករណ៍សំរាប់កូនសិស្ស និង ការបណ្ដុះបណ្ដាលគ្រូ ។ កម្មវិធី ESCUP គិតថានឹងមានកូនសិស្សកាន់តែតិចបោះបង់ចោលសាលារៀនបើការសិក្សារបស់គេក្នុងថ្នាក់ឃើញថាមានប្រយោជន៍ទាក់ទងនឹងជីវិតរស់នៅរបស់គេ នៅតាមតំបន់ជនបទ ។ លទ្ធផលឃើញថាយ៉ាងដូច្នេះមែន គឺ ២ នាក់ក្នុងចំណោម ៣ នាក់ នៅក្នុងសាលាគោលដៅរបស់ESCUP មានអត្រាអ្នកបោះបង់ចោលសាលារៀនថយចុះចាប់តាំងពីគេបានចាប់ផ្ដើមធ្វើការជាមួយកម្មវិធីនេះមក ហើយមាន ៧១% បានប្រាប់ពីការធ្លាក់ចុះចំនួនសិស្សរៀនត្រួតថ្នាក់ ។