ប្រជាជនកម្ពុជាទទួលបានជំនួយផ្នែកពេទ្យ និងការបង្រៀនភាសាអង់គ្លេសពីកងយោធាអាមេរិក
ទីក្រុងព្រះសីហនុ កម្ពុជា
ពីថ្ងៃទី ២៦ វិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ
|
| បុគ្គលិកយោធាអាមេរិកកំពុងតែធ្វើស្ពាននិងដាក់លូបង្ហូរទឹកដើម្បីភ្ជាប់ភូមិស្រែសនិងភូមិអូលយ ក្នុងខេត្តកំពង់ឆ្នាំង៕ រូបពង្រីក; |
ការផ្ដល់ការព្បាបាលជំងឺទូទៅនិងជំងឺមាត់ធ្មេញ ការបង្រៀនភាសាអង់គ្លេស ការជួសជុលអាគារសិក្សា និងការពង្រឹងទំនាក់ទំនងរវាងយោធានិងយោធារបស់សហរដ្ឋអាមេរិកនិងកម្ពុជា ស្ថិតក្នុងចំណោមគំរោងដែលកងនាវិកនិងទាហានម៉ារីនចំនួន ២ ៥០០ នាក់នៅលើនាវា USS Essex និងអង្គភាពទាហានម៉ារីនទី ៣១ ប្រចាំនៅលើនាវានេះ បានបំពេញក្នុងពេលដែលនាវានេះចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ ។
លោកវរនាវីឯក Brian T. Donegan មេបញ្ជាការនាវា Essex បានមានប្រសាសន៍នៅក្នុងពិធីមកដល់របស់នាវាថា “នាវិករបស់នាវា Essex មានកិត្ដិយសដោយមានឱកាសនេះបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាផ្នែកមួយនៃការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកំលាំងជើងទឹកនិងរដ្ឋាភិបាលរបស់យើងទាំងពីរ” ។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់គេពីថ្ងៃទី ២៦ វិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ បុគ្គលិកយោធាអាមេរិកបានធ្វើការជាមួយនឺងក្រុមភាគីកម្ពុជាក្នុងការផ្ដល់សេវាពេទ្យ ដែលរួមមានទាំងការវះកាត់ភ្នែកឡើងបាយនិងការព្យាបាលមាត់ធ្មេញដល់មនុស្សជាង ៧ ០០០ នាក់ នៅខេត្ដកំពង់ចាម ព្រះវិហារ និង កំពង់ឆ្នាំង ។ ក្រៅពីនេះ ទាហានម៉ារីនមួយកងបានធ្វើស្ពានពីរកន្លែងនិងដាក់លូដើម្បីភ្ជាប់ភូមិស្រែសនិងភូមិអូលយ ក្នុងខេត្ដកំពង់ឆ្នាំង ។
លោកស្រីអនុប្រធានទូត Piper A.W. Campbellបានមានប្រសាសន៍នៅពេលនាវាមកដល់ថា “ចំណុចសំខាន់មួយនៃ ទស្សនកិច្ចនេះគឺថា ប្រជាជនកម្ពុជារាប់ពាន់នាក់នឹងមានឱកាសបានប្រាស្រ័យដោយផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតដ៏ល្អបំផុតខ្លះរបស់អាមេរិក ពោលគឺមិនមែនអ្នកការទូតទេ តែជាទាហានជើងទឹកនិងទាហានម៉ារីន ។ ខ្ញុំគិតថាគ្មានអ្វីជានិមិត្ដរូបនៃមិត្ដភាពរវាងកម្ពុជានិងអាមេរិកដែលប្រសើរជាងគំរោងរួមគ្នារវាងប្រជាជនទាំងពីរ ដូចគំរោងទាំងនេះទេ” ។
កងនាវិកនិងកងម៉ារីនរបស់នាវាថែមទាំងបានធ្វើការផ្លាស់ប្ដូរគ្នារវាងយោធានិងយោធា ចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរវប្បធម៌រយៈពេល ៣ ថ្ងៃ នៅសាកលវិទ្យាល័យការពារជាតិ នៅភ្នំពេញ ធ្វើសកម្មភាពគំរោងស្ដីពីទំនាក់ទំនងសហគមន៍ ដូចជាធ្វើការជួសជុលបន្ដិចបន្ដួចដល់អាគារ ផ្ដល់ការបង្រៀនភាសាអង់គ្លេសថ្នាក់ដំបូង និងចែកសំភារៈអំណោយ ដូចជាសៀវភៅ សំលៀកបំពាក់ តាមរយៈកម្មវិធីគំរោងរបស់កងនាវាអាមេរិក ។
ជាការកំសាន្ដក្នុងពេលនោះផងដែរ ទាហានជើងទឹកនិងទាហានម៉ារីនអាមេរិកបានលេងល្បែងដែលមានឈ្មោះជាភាសាអង់គ្លេសថា duck-duck-goose, hopscotch, marbles និងលេងបាល់ទាត់ជាមួយកុមារនៅតាមសាលាបឋមសិក្សាតាមមូលដ្ឋាន បានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់និងពិធីជប់លៀងអាំងសាច់បរិភោគជាមួយទាហានហ្វឹកហ្វឺនកម្ពុជានៅមូលដ្ឋានជើងទឹករាម ហើយបានចូលរួមក្នុងពិធីតាំងបង្ហាញភ្លើងអបអរបុណ្យណូអែលប្រចាំឆ្នាំលើកទី ២ នៅស្ថានទូតអាមេរិកក្នុងក្រុងភ្នំពេញ ។ ក្រុមតន្ដ្រីរបស់កងនាវាទី ៧ អាមេរិកក៏បានប្រគុំតន្ដ្រីជូនសាធារណៈជនកំសាន្ដដោយឥតគិតថ្លៃផងដែរ នៅខេត្ដកំពង់ឆ្នាំង ក្រុងព្រះសីហនុ ហើយដោយរួមជាមួយនឹងតន្ដ្រីករខ្មែរ នៅមជ្ឈមណ្ឌលកុមារកំព្រានៅក្រុងព្រះសីហនុ ។
លោកវរនាវីទោ Ronnie Mangsat នៃអង្គភាពប្រយុទ្ធជើងទឹក/ជើងគោក លេខ ១១ បានមានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសដែលចេញដោយការិយាល័យកិច្ចការសាធារណៈរបស់នាវា Essex ថា “ការមកដល់របស់នាវា Essex នៅទីនេះធ្វើអោយយើងអាចផ្ដល់អ្វីមួយដល់ប្រជាជនកម្ពុជា ។ ការមកដល់ទីនេះបង្ហាញដល់ពួកគេនូវអ្វីដែលយើងអាចធ្វើបាននិងអ្វីដែលយើងមានបំណងធ្វើដើម្បីជួយមិត្ដថ្មីរបស់យើង” ។
ទស្សនកិច្ចនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកគឺជានិមិត្ដរូបនៃការធ្វើអោយមិត្ដភាពនិងកិច្ចសហប្រតិបត្ដិការរវាងប្រទេសនិងយោធារបស់យើងទាំងពីរកាន់តែមានភាពជ្រាលជ្រៅ ។ ទស្សនកិច្ចរបស់នាវា Essex គឺជាទស្សនកិច្ចលើកទីពីររបស់នាវាចំបាំងអាមេរិកមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៧ នេះ ។ នាវាឈ្មោះ USS Gary បានមកធ្វើទស្សនកិច្ចកាលពីខែកុម្ភៈ ។ នាវា Essex គឺជានាវាដឹកនាំគេនៃក្រុមនាវាវាយប្រហារដែលដាក់តាំងពង្រាយនៅជួរមុខរបស់សហរដ្ឋអាមេរិក ហើយជានាវាដែលមេបញ្ជាការក្រុមពិសេស លេខ ៧៦ ដែលជាផ្នែកបញ្ជាការតែមួយគត់នៃកំលាំងវាយឡើងគោកដែលដាក់ពង្រាយនៅជួរមុខរបស់កងកំលាំងជើងទឹក ។ ក្រុមពិសេសលេខ ៧៦ មានទីស្នាក់ការធំនៅមូលដ្ឋានជើងទឹក White Beach នៃកោះអូគីណាវ៉ា ប្រទេសជប៉ុន ដោយមានអង្គភាពពិសេសមួយប្រចាំនៅតំបន់ Sesebo ប្រទេសជប៉ុន ។