ការណែនាំស្ដីពីទិដ្ឋាការសំរាប់និស្សិតដែលគ្រោងចូលរៀនក្នុងសាលាឬវិទ្យាស្ថាននៅសហរដ្ឋអាមេរិក (Visa guide for students planning to enter American schools or institutions)
បុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅក្រុងភ្នំពេញសូមជូនពរអោយលោកអ្នកទទួលជោគជ័យនៅក្នុង ផែនការរបស់អ្នកក្នុងការសិក្សានៅក្នុងសហរដ្ឋអាមេរិក ។ ការសិក្សានៅបរទេសគឺជាកិច្ចការធំមួយហើយអ្នកគួរមានការរៀបចំផែនការអោយបានច្បាស់លាស់ ។ចូរអានការណែនាំស្ដីពីទិដ្ឋាការអោយបានហ្មត់ចត់។ បើអ្នកឬគ្រួសាររបស់អ្នកមានសំណួរអ្វីមួយស្ដីពីការដាក់ពាក្យសុំទិដ្ឋាការ សូមកុំមានការអល់អែកនៅក្នុងការមកកាន់ស្ថានទូតឬទូរស័ព្ទសួរនាំស្ថានទូត ។
អ្នកទាំងឡាយណាដែលមិនមែនជាពលរដ្ឋអាមេរិកហើយមានផែនការរៀន“ចប់ចុងចប់ដើម“ តាមការកំណត់នៃច្បាប់ស្ដីពីអន្ដោប្រវេសន៍និងការចូលសញ្ជាតិនៅក្នុងសាលាឬស្ថាប័នរបស់អាមេរិកជាដំបូងត្រូវមានទិដ្ឋាការសិស្សសិន ។ ទិដ្ឋាការនេះមានឈ្មោះថាទិដ្ឋាការ F-1 (សំរាប់ការសិក្សាយកសញ្ញាប័ត្រ) ឬទិដ្ឋាការ M-1 (សំរាប់ការសិក្សាផ្នែកវិជ្ជាជីវៈ) ។ ដើម្បីទទួលបានទិដ្ឋាការសិស្ស អ្នកត្រូវបង្ហាញភស្ដុតាងថាអ្នកបានធ្វើការរៀបចំស្រេចបាច់ហើយដើម្បីចូលរៀននៅក្នុងសាលារៀនមួយរបស់អាមេរិក ហើយថាអ្នកនឹងមិនមានបញ្ហាផ្នែកថវិកាទេ ។ ឯកសារចាំបាច់មានពន្យល់នៅក្នុងទំព័របន្ទាប់ៗទៅនេះ ។ ដូចគ្នានឹងទិដ្ឋាការមិនមែនអន្ដោប្រវេសន៍ផ្សេងទៀតដែរ អ្នកត្រូវបំពេញបានតាមច្បាប់លខ 214 (b) ស្ដីពីអន្ដោប្រវេសន៍គឺមានន័យថាអ្នកត្រូវតែធ្វើអោយមន្ដ្រីទទួលខុសត្រូវជឿថាអ្នកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលអ្នករៀនចប់ ។
បញ្ជីនៃអ្វីដែលត្រូវមានៈ
លិខិតឆ្លងដែន (ត្រូវតែមានសុពលភាពយ៉ាងតិច ៦ ខែ បន្ទាប់ពីអ្នកចូលដល់សហរដ្ឋអាមេរិក) ។ ត្រូវបង្ហាញលិខិតឆ្លងដែនពីមុនៗមកទាំងអស់នៅពេលអ្នកមកសំភាស ។
ក្រដាស I-20 A-B ឬ ក្រដាស I-20 M-N (គឺប័ណ្ណបញ្ជាក់ពីការទទួលបានថានៈជាសិស្សមិនមែនអន្ដោប្រវេសន៍) ។
ពាក្យសុំទិដ្ឋាការ (ក្រដាស DS-156) ក្រដាស DS-157 (សំរាប់អ្នកដាក់ពាក្យដែលមានអាយុពី ១៦ ដល់ ៤៦ ឆ្នាំ) និងក្រដាស DS-158
ភស្ដុតាងដែលបង្ហាញពីលុយដែលមាន
រូបថត (៥០ មម គុណ ៥០ មម)
សំរង់ពិន្ទុរៀន (សំរាប់អ្នកដាក់ពាក្យរៀនសាលាចំណេះទូទៅៈបឋមភូមិ ទុតិយភូមិ និងបឋមសិក្សា)
ភស្ដុតាងផ្សេងទៀតដែលអ្នកគិតថានឹងជួយអ្នកក្នុងការបំពេញបានតាមការទាមទាររបស់ច្បាប់លេខ 214 (b) ។
ក្រដាស I-20 (ប័ណ្ណដែលបញ្ជាក់ពីការទទួលបានថានៈសិស្សមិនមែនអន្ដោប្រវេសន៍)
ក្រោយពីសាលាឬស្ថាប័នមួយនៅក្នុងសហរដ្ឋអាមេរិកទទួលអ្នកអោយចូលរៀនហើយសាលាឬស្ថាប័ននោះនឹងផ្ញើក្រដាសI-20 A-B អោយអ្នក (សំរាប់ការសិក្សាយកសញ្ញាប័ត្រ) ឬផ្ញើក្រដាស I-20 M-N (សំរាប់ការសិក្សាផ្នែកវិជ្ជាជីវៈ) ។ ក្រដាសនេះគឺជាភស្ដុតាងបង្ហាញថាសាលានៅក្នុងប្រទេសអាមេរិកទទួលអ្នកអោយចូលរៀន ។ បើសាលានៅប្រទេសអាមេរិកប្រាប់អ្នកថាគេទទួលអ្នកអោយចូលរៀន តែអ្នកមិនទាន់បានទទួលក្រដាស I-20 A-B ឬក្រដាស I-20 M-N ទេ អ្នកត្រូវសរសេរលិខិតទៅអ្នកដែលជំរាប អ្នកពីការដែលសាលាទទួលអ្នកអោយចូលរៀន ។ ក្នុងលិខិតរបស់អ្នក អ្នកត្រូវបញ្ជាក់អោយច្បាស់ពីថ្ងៃខែ ដែលអ្នកត្រូវចេញដំណើរពីប្រទេសកម្ពុជា ហើយសុំអោយសាលាផ្ញើក្រដាស I-20 មកអ្នកអោយបានឆាប់បំផុត ។ អ្នកត្រូវអោយសាលាចុះឈ្មោះអ្នកនៅក្នុងប្រព័ន្ធ SEVIS(ប្រព័ន្ធទិដ្ឋាការផ្លាស់ប្ដូរនិស្សិត) ។ មន្ដ្រីផ្នែកកុងស៊ុលមិនអាចចេញទិដ្ឋាការសិស្សបានទេមុនពេលដែលសិស្សនោះត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយប្រព័ន្ធនេះ ។
ពាក្យសុំទិដ្ឋាការ (ក្រដាស DS-156)
ពត៌មានដែលអ្នកសរសេរនៅក្នុងពាក្យសុំត្រូវតែជាពត៌មានពិតហើយពេញលេញ ។ ពេលចុះហត្ថលេខានៅក្នុងពាក្យសុំ អ្នកប្រកាសថាពត៌មានទាំងនោះពិត ។ គេអាចនឹងមិនផ្ដល់ទិដ្ឋាការអោយអ្នកបើសិនជាអ្នកមិនបំពេញសំណួរទាំងអស់អោយបានត្រឹមត្រូវទេ ។ ស្ថានទូតអាមេរិកផ្ដល់ពាក្យសុំទិដ្ឋាការ DS-156 អោយដោយឥតគិតថ្លៃ ។
ភស្ដុតាងផ្នែកហិរញ្ញវត្ថុ (Financial Evidence)
ការសិក្សានៅក្នុងសហរដ្ឋអាមេរិកត្រូវការការចំណាយច្រើន ។ អ្នកត្រូវបង្ហាញអោយគេដឹងថាអ្នកមានថវិកាសំរាប់ចាយវាយទៅលើការធ្វើដំណើរនិងការចំណាយផ្សេងៗសំរាប់ការសិក្សារបស់អ្នកនៅក្នុងសហរដ្ឋអាមេរិក ។ បើអ្នកពឹងលើប្រាក់សន្សំរបស់អ្នក អ្នកត្រូវបង្ហាញភស្ដុតាងនៃការមានប្រាក់សន្សំនោះ ។ បើអ្នកបង្ហាញសៀវភៅធនាគារ ចូរភ្ជាប់មកជាមួយនូវសៀវភៅធនាគារផង ។ បើក្រុមហ៊ុនរបស់អ្នកបង់ប្រាក់អោយអ្នក អ្នកត្រូវភ្ជាប់លិខិតមួយពីក្រុមហ៊ុនរបស់អ្នក ។ បើបងប្អូនឬមិត្ដភក្ដិរបស់អ្នកនៅក្នុងសហរដ្ឋអាមេរិកជួយអ្នក អ្នកត្រូវភ្ជាប់លិខិតបញ្ជាក់ពីការជួយរបស់អ្នកនោះនិងភស្ដុតាងស្ដីពីប្រាក់ដែលអ្នកនោះមាន ។ បើអ្នកទទួលអាហាររូបករណ៍ អ្នកត្រូវភ្ជាប់លិខិតពន្យល់ពីសាលា ស្ថាប័ន ឬមូលនិធិ ។ អ្នកមិនអាចនិយាយថាលុយដែលអ្នកសង្ឃឹមថានឹងរកបាននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងពេលវិស្សមកាលនារដូវក្ដៅ ថាជាភស្ដុតាងនៃលុយរបស់អ្នកបានទេ ។
ជំនាញផ្នែកភាសាអង់គ្លេស
អ្នកត្រូវបង្ហាញទៅមន្ដ្រីកុងស៊ុលថាអ្នកចេះភាសាអង់គ្លេសគ្រប់គ្រាន់ដើម្បីចូលរៀនក្នុងមុខវិជ្ជាដែលអ្នកកំណត់ត្រូវរៀន ឬបង្ហាញថាសាលានៅក្នុងសហរដ្ឋអាមេរិកនឹងបង្រៀនភាសាអង់គ្លេសដល់អ្នករហូតដល់ចេះដល់កំរិតចាំបាច់ ។
ការបំពេញបានតាមការតំរូវនៃច្បាប់ 214 (b)
ដោយហេតុថាទិដ្ឋាការសិស្សស្ថិតនៅក្រោមចំណាត់ប្រភេទទូទៅនៃទិដ្ឋាការបណ្ដោះអាសន្ន (មិនមែនអន្ដោប្រវេសន៍) អ្នកដាក់ពាក្យសុំទិដ្ឋាការសិស្សត្រូវធ្វើអោយមន្ដ្រីកុងស៊ុលជឿថាគេមិនមានបំណងធ្វើការដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកទេ ហើយក៏មិនមានបំណងស្នាក់នៅអចិន្ដ្រៃយ៍នៅក្នុងសហរដ្ឋអាមេរិកដែរ ។ នៅក្នុងការសំរេចលើរឿងនេះ មន្ដ្រីកុងស៊ុលធ្វើការពិចារណាជាមួយនឹងរឿងឯទៀតថាតើអ្នកដាក់ពាក្យសុំនោះមានសមត្ថភាពអាចសិក្សាមុខវិជ្ជាដែលគេបានជ្រើសយកដែរឬទេនៅក្នុងសហរដ្ឋអាមេរិកទំនាក់ទំនងរវាងមុខវិជ្ជាដែលគេត្រូវរៀននៅក្នុងសហរដ្ឋអាមេរិកនិងផែនការរបស់គេទៅអនាគតនៅក្នុងប្រទេសរបស់គេ ហើយនិងអ្វីដែលសិស្សនោះបានធ្វើមកមុនពេលដាក់ពាក្យសុំទិដ្ឋាការសិស្ស ។
អ្នកដាក់ ពាក្យសុំចូលរៀននៅសាលាបឋមសិក្សា សាលាមធ្យមសិក្សាបឋមភូមិ និង សាលាមធ្យមសិក្សាទុតិយភូមិ
សិស្សដែលមិនទាន់ប្រឡងជាប់សាលាមធ្យមសិក្សានៅប្រទេសកម្ពុជាត្រូវនាំមកជាមួយនូវៈ
- សំរង់ពិន្ទុពីសាលានៅកម្ពុជា
- ក្រដាស I-20 របស់សាលាបឋមសិក្សា មធ្យមសិក្សា បឋមភូមិឬមធ្យមសិក្សាទុទិយភូមិនៅសហរដ្ឋ អាមេរិកដែលសិស្សនោះគ្រោងចូលរៀន ។ សិស្សចាំបាច់ត្រូវមានក្រដាស I-20 នេះ បើទោះជា សិស្សនោះមានក្រដាស I-20 សំរាប់រៀននៅក្នុងកម្មវិធីភាសាអង់គ្លេសត្រៀមសំរាប់ចូលរៀននៅ ក្នុងសាលារៀនធម្មតានៅសហរដ្ឋអាមេរិកក្ដី ។
ទិដ្ឋាការសំរាប់សាលារៀនសាធារណៈនៅក្នុងសហរដ្ឋអាមេរិក
និតិវិធីនិងបទបញ្ញាតិថ្មីចាប់មានសុពលភាពនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៦ ។ វាទាក់ទងនឹងអ្នកដាក់ពាក្យសុំទិដ្ឋាការសិស្ស F-1 ដើម្បីចូលរៀននៅក្នុងសាលាបឋមសិក្សានិងមធ្យមសិក្សាសាធារណៈនិងកម្មវិធីអប់រំមនុស្សចាស់ដែលទទួលថវិកាពីផ្នែកសាធារណៈ ដូចជាថ្នាក់បង្រៀនភាសាបរទេស ។
នៅក្រោមបញ្ញាតិទាំងនេះ ស្ថានទូតមិនអាចចេញទិដ្ឋាការបានទៀតឡើយសំរាប់សាលាបឋមសិក្សាសាធារណៈឬកម្មវិធីអប់រំមនុស្សចាស់ដែលទទួលថវិកាពីផ្នែកសាធារណៈ ។
សិស្សដែលដាក់ពាក្យសុំទិដ្ឋាការ F-1 ដើម្បីចូលរៀននៅក្នុងសាលាមធ្យមសិក្សាសាធារណៈ (ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២) នៅពេលនេះត្រូវតែមានលុយបង់ពេញតំលៃនៃការសិក្សារបស់គេដោយមិនមានការបន្ធូរបន្ថយទេ ។ មុនពេលទិដ្ឋាការ F-1 ត្រូវបានចេញអោយសំរាប់ការចូលរៀននៅក្នុងសាលាមធ្យមសិក្សាសាធារណៈ សិស្សត្រូវបង្ហាញភស្ដុតាងនៃការបង់លុយថ្លៃរៀនសូត្រ ។ នៅក្នុងទិដ្ឋាការ F-1 សិស្សអាចរៀននៅក្នុងសាលាមធ្យមសិក្សាសាធារណៈមិនលើសពី ១២ ខែទេ ។
បញ្ញត្ដិទាំងនេះមិនអនុវត្ដចំពោះសិស្សដែលចង់រៀននៅក្នុងសាលាឯកជនទេឬចំពោះសិស្សដែលចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្ដូរដោយប្រើទិដ្ឋាការអ្នកធ្វើទស្សនៈកិច្ចផ្លាស់ប្ដូរ J-1 ទេ ។ ក្រៅពីនេះបញ្ញត្ដិទាំងនេះមិនប៉ះពាល់អ្នកនៅក្នុងបន្ទុករបស់អ្នកប្រើទិដ្ឋាការប្រភេទផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកទេដូចជាអ្នកប្រើទិដ្ឋាការប្រភេទH, L ឬ J ។
មនុស្សនៅក្នុងបន្ទុក (Dependents)
មនុស្សនៅក្នុងបន្ទុករបស់អ្នកបើគេធ្វើដំណើរជាមួយអ្នក ឬមកជួបអ្នកជាក្រោយនៅក្នុងសហរដ្ឋអាមេរិកអាចនឹងទទួលបានទិដ្ឋាការ F-2 ឬ M-2 ក្នុងនាមជាប្ដី/ប្រពន្ធ ឬ កូនរបស់អ្នកដែលមានទិដ្ឋាការ F-1 ឬ M-1 ។ អ្នកដែលមានទិដ្ឋាការ F-2 ឬ M-2 មិនអាចធ្វើការយកកំរ៉ៃនៅក្នុងសហរដ្ឋអាមេរិកបានទេ ។ដូច្នេះ បើអ្នកមានប្ដី/ប្រពន្ធ ហើយប្ដី/ប្រពន្ធរបស់អ្នកចង់ធ្វើការនៅក្នុងសហរដ្ឋអាមេរិកនោះគាត់ត្រូវតែមានទិដ្ឋាការប្រភេទផ្សេង ។
រយៈពេលមានសុពលភាពនៃទិដ្ឋាការ – រយៈពេលនៃការអនុញ្ញាតិអោយស្នាក់នៅក្នុងសហរដ្ឋអាមេរិក
ទិដ្ឋាការសិស្ស F-1 ដែលចេញទៅអោយពលរដ្ឋខ្មែរតាមធម្មតាមានសុពលភាពរយៈពេលបីខែ ។ បើសិនជាចាំបាច់ត្រូវចាកចេញពីសហរដ្ឋអាមេរិកហើយត្រឡប់មកវិញដើម្បីរៀនបន្ដក្រោយពីទិដ្ឋាការផុតកំណត់ សិស្សនោះត្រូវសុំទិដ្ឋាការថ្មីមុនពេលអាចត្រឡប់ចូលមកក្នុងសហរដ្ឋអាមេរិកវិញ ។ (សូមមើលផ្នែកចំនួនពីរខាងក្រោម) ។
យ៉ាងណាក្ដីរយៈពេលដែលសិស្សអាចរៀនបាននៅក្នុងសហរដ្ឋអាមេរិកមិនមែនអាស្រ័យលើទិដ្ឋាការទេ ។ បំណងនៃទិដ្ឋាការគឺដើម្បីអោយធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ការិយាល័យផ្នែក សញ្ជាតិនិងអន្ដោប្រវេសន៍របស់សហរដ្ឋអាមេរិក (BCIS) ជាអ្នកកំណត់ថាតើសិស្សអាចនៅក្នុងសហរដ្ឋអាមេរិកបានរយៈពេលប៉ុន្មាន ។ តាមធម្មតា BCIS អនុញ្ញាតិអោយសិស្សនៅក្នុងសហរដ្ឋអាមេរិករហូតទាល់តែចប់កម្មវិធីសិក្សា ។ BCIS តំរូវអោយសិស្សរៀនពេញម៉ោងនិងបានត្រឹមត្រូវល្អរហូតដល់ចប់សព្វគ្រប់ ។ សិស្សដែលធ្វើបានដូច្នេះអាចស្នាក់នៅក្នុងសហរដ្ឋអាមេរិករហូតដល់រៀនចប់សព្វគ្រប់បើទោះបីជាទិដ្ឋាការរបស់គេហួសកាលកំណត់ហើយក៏ដោយ ។
(ចំណាំៈ សិស្សដែលផ្ទេរទៅសាលាឬសាកលវិទ្យាល័យមួយទៀតត្រូវសុំក្រដាស I-20 ពីសាលាឬសាកលវិទ្យាល័យថ្មីនោះ ហើយរាយការណ៍ពីការផ្ទេរនោះទៅអោយ BCIS ។ យកល្អត្រូវទៅការិយាល័យ BCIS ដោយផ្ទាល់តែគេក៏អាចទំនាក់ទំនងតាមរយៈសំបុត្រដែរ ។ ការធ្វើដូច្នេះមានសារៈសំខាន់ណាស់ ។ ការខកខានមិនបានរាយការណ៍ពីការផ្ទេរអោយ BCIS បានដឹងអាចបណ្ដាលអោយមានការចាប់បង្ខំអោយ វិលត្រឡប់មកប្រទេសខ្លួនវិញ ។ គេមិនចាំបាច់ត្រឡប់មកប្រទេសកម្ពុជាវិញឬក៏សុំទិដ្ឋាការជាថ្មីដើម្បីអាចផ្ទេរទៅសាលាថ្មីនោះទេ) ។
សិស្សវិលត្រឡប់មកវិញដែលមិនមានទិដ្ឋាការដែលមានសុពលភាព
នៅពេលអ្នកធ្វើដំណើរខ្លីមួយនៅក្រៅសហរដ្ឋអាមេរិកនៅក្នុងរយៈពេលសិក្សាហើយសុំទិដ្ឋាការសិស្សនៅក្រៅប្រទេសនៅក្នុងអំឡុងពេលអវត្ដមានបណ្ដោះអាសន្ន អ្នកត្រូវដាក់បង្ហាញជាមួយនឹងពាក្យសុំទិដ្ឋាការតែទំព័រទី៤ នៃក្រដាស I-20 A-B ឬ ក្រដាស I-20 M-N ដោយមានការចារខ្នងបញ្ជាក់ត្រឹមត្រូវ បើសិនជា ថានៈរបស់អ្នកមិនមានការផ្លាស់ប្ដូរធំដុំចាប់តាំងពីការចេញអោយលើកដំបូងនូវប័ណ្ណបញ្ជាក់ពីភាពអាចទទួលបាននូវថានៈជាសិស្ស ។ បើមានការផ្លាស់ប្ដូរជាដុំកំភួននៃថានៈរបស់អ្នកក្រោយការចេញអោយលើកដំបូងនូវក្រដាស I-20 មកដូចជាការផ្លាស់ប្ដូរសាលាអ្នកត្រូវបង្ហាញទៅមន្ដ្រីកុងស៊ុលនូវក្រដាស I-20 ថ្មីមួយ ដែលមានការចារបញ្ជាក់ពីសាលាថ្មីនោះផង ។
សិស្សវិលត្រឡប់មកវិញដែលមានទិដ្ឋាការនៅមានសុពលភាព
បើអ្នកចាកចេញពីសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន តែចង់ត្រឡប់មករៀនវិញ អ្នកមិនចាំបាច់សុំទិដ្ឋាការម្ដងទៀតទេ ដរាបណាទិដ្ឋាការចាស់របស់អ្នកនៅមានសុពលភាព ។ នៅច្រកចូលអ្នកត្រូវមានទិដ្ឋាការសិស្សដែលមានសុពលភាព លិខិតឆ្លងដែនដែលមានសុពលភាព ហើយនិងក្រដាស I-20 A-B ឬ ក្រដាស I-20 M-N ។ (មានតែទំព័រទី៤ ដែលមានការចារបញ្ជាក់ត្រឹមត្រូវ នៃក្រដាស I-20 A-B ឬ ក្រដាស I-20 M-N គ្រប់គ្រាន់ហើយ បើសិនជាថានៈរបស់អ្នកមិនមានការផ្លាស់ប្ដូរទេ ចាប់តាំងពីការចេញក្រដាស I-20 ដំបូងមក) ។ បើអ្នកធ្វើការផ្លាស់ប្ដូរសាលារៀនឈ្មោះនៃសាលាថ្មីរបស់អ្នកមិនចាំបាច់បញ្ជាក់នៅក្នុងទិដ្ឋាការរបស់អ្នកទេ ដរាបណាអ្នកនៅមានក្រដាស I-20 ពីសាលាថ្មីនោះ ។
ចូរដាក់ពាក្យសុំទិដ្ឋាការអោយបានឆាប់
ស្ថានទូតសូមអោយសិស្សដាក់ពាក្យសុំទិដ្ឋាការអោយបានឆាប់ ។ សិស្សអាចសុំទិដ្ឋាការនៅពេលណាក៏បានដែរនៅក្នុងអំឡុងពេល៩០ថ្ងៃនៃការចុះឈ្មោះរបស់អ្នកចូលរៀននៅក្នុងសាលានៅក្នុងសហរដ្ឋអាមេរិកដរាបណាអ្នកទទួលបានក្រដាស I-20 ។ បើអ្នករស់នៅកម្ពុជាយូរហើយ ហើយអ្នកមានភស្ដុតាងចាំបាច់ទាំងអស់ ហើយមន្ដ្រីកុងស៊ុលកំណត់ថាអ្នកបំពេញបានតាមការទាមទាររបស់ច្បាប់ 214 (b) នោះអ្នកប្រហែលទទួលបានទិដ្ឋាការមួយថ្ងៃក្រោយការសំភាស ។ ប៉ុន្ដែដើម្បីជៀសវាងការយឺតពេលនៅក្នុងគំរោងការធ្វើដំណើររបស់អ្នក អ្នកគួរសុំទិដ្ឋាការយ៉ាងហោចណាស់ពីរអាទិត្យមុនពេលអ្នកកំណត់ត្រូវចេញពីប្រទេសកម្ពុជា ។ ដើម្បីធ្វើការណោត់ជួបសំភាសអ្នកគួរទូរស័ព្ទមកប្រហែល ២ ខែមុនថ្ងៃដែលអ្នកចង់ណាត់ជួប ។ លេខទូរស័ព្ទសំរាប់ហៅធ្វើការណាត់ជួបគឺ ០២៣ ២១៩-១៧៧ ។
ដំបូន្មានស្ដីពីសាលារៀន និង មុខវិជ្ជាសិក្សា
ស្ថានទូតអាមេរិកមិនមានផ្ដល់ដំបូន្មានដល់អ្នកសិក្សាស្ដីពីសាលារៀននិងមុខវិជ្ជាសិក្សានៅក្នុងសហរដ្ឋអាមេរិកទេ ។ ប៉ុន្ដែការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈនៅក្នុងស្ថានទូតមានសៀវភៅនិងកាតាឡុកមួយចំនួនស្ដីពីសាលារៀននិងស្ថាប័នមហាវិទ្យាល័យនានានៅក្នុងសហរដ្ឋអាមេរិក ។