បុគ្គលិកស្ថានទូតអាមេរិកអបអរទិវាទីជំរកពិភពលោក
ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០០៩
នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០០៩ បុគ្គលិកស្ថានទូតអាមេរិក ចូលរួមជាមួយក្រុមសង្គមស៊ីវិល និងតំណាងសហគមន៍ ដើម្បីរំលឹកទិវាទីជំរកពិភពលោក ឆ្នាំ ២០០៩ (World Habitat Day 2009) ដែលមានអត្ថន័យថា “រៀបចំសំរាប់អនាគតទីប្រជុំជន” ។ ពិធីនេះ ដែលរៀបចំដោយក្រុមការងារពិសេសស្តីពីសិទ្ធិក្នុងការមានទីជំរក និងមជ្ឈមណ្ឌលសិទ្ធិស្តីពីផ្ទះសម្បែង និងការបណ្តេញចេញពីផ្ទះសម្បែង មានការចូលរួមរបស់តំណាងមកពីការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស អង្គការ UN-HABITAT ព្រមទាំងតំណាងរបស់ប្រជាជនក្រុមទី ៧៨ និងសហគមន៍បឹងកក់។
ឆ្នាំនេះ សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំពិធីអបអរទិវាទីជំរកពិភពលោក ជាមួយនឹងអង្គការ UN-HABITAT ។ នៅថ្ងៃទី ៥ ខែតុលា អ្នកតស៊ូមតិនិងអ្នកឧបត្ថម្ភផ្ទះសម្បែង នៅទូទាំងពិភពលោកបានចូលរួមជាមួយអង្គការ UN-HABITAT ក្រសួងអភិវឌ្ឍន៍តំបន់ក្រុងនិងផ្ទះសម្បែងសហរដ្ឋអាមេរិក មូលនិធិ Rockefeller អង្គការទីជំរកសំរាប់មនុស្សជាតិ (Habitat for Humanity) និងអង្គការស្ថាប័នផ្សេងៗទៀតនៅសារមន្ទីរកសាងជាតិ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរៀបចំពិធីនេះឡើង។ វាគ្មិនបានឡើងថ្លែងយោបល់ថ្មីៗទាក់ទងនឹងបញ្ហាស្រុក និងបញ្ហាអន្តរជាតិ ដែលជំរុញអោយមានការចូលរួមរបស់សាធារណៈ ក្នុងការគ្រោងរៀបចំសហគមន៍ ដែលអាចអោយគេរស់នៅបាន។
ក្នុងពិធីដែលត្រូវបានរៀបចំឡើង នៅទីក្រុងភ្នំពេញ លោក Juhani Platt ជំនួយការផ្នែកសេដ្ឋកិច្ច និងនយោបាយ បានរៀបរាប់ពីការខិតខំរបស់សហរដ្ឋអាមេរិកក្នុងការអបអរទិវាទីជំរកពិភពលោក និងការខិតខំរបស់អ្នកក្នុងស្រុកក្នុងការធ្វើអោយតំបន់ទីប្រជុំជនមានជីវវិតរស់នៅថ្មី រួមទាំងគំនិតស្តីពីសហគមន៍ដៃគូដើម្បីនិរន្តភាព របស់លោកប្រធានាធិបតីអូបាម៉ា។ ដោយដកស្រង់សំដីរបស់រដ្ឋមន្រ្តីអភិវឌ្ឍន៍តំបន់ក្រុង និងផ្ទះសម្បែសហរដ្ឋអាមេរិក គឺលោក Shaun Donovan លោក Platt បានមានប្រសាសន៍ថា “ទិវាទីជំរកពិភពលោកផ្តល់ឱកាសអោយគេអាចផ្លាស់ប្តូរទស្សនៈ យោបល់ស្តីពីការដែលយើងអាចប្រើប្រាស់វិធីទាំងនេះ និងវិធីដទៃទៀតជាទីសង្ឃឹម អោយបានទូទាំងសាកលលោក ដើម្បីជំរុញអោយមានផ្ទះសម្បែងប្រកបដោយសមធម៌ និងក្នុងតំលៃសមរម្យ ផ្តល់ជំរើសថែមទៀតក្នុងការធ្វើដំណើរ ហើយនិងបង្កើតឱកាសសេដ្ឋកិច្ចសំរាប់អ្នកដែលត្រូវការខ្លាំងបំផុត។”
ព័ត៌មានស្តីពីទិវាទីជំរកពិភពលោក និងចំនុចសំរាប់ពិភាក្សា មាននៅក្នុងគេហទំព័ររបស់ក្រសួងអភិវឌ្ឍន៍តំបន់ក្រុង និងផ្ទះសម្បែងសហរដ្ឋអាមេរិក ដែលមានអាស្រ័យដ្ឋាន :
http://www.hud.gov/whd/schedule.cfm.